សម្តេចតេជោ៖ គួរផ្តាច់អគ្គិសនី ពីផ្ទះអ្នកបរិស្ថាន ជ្រុលនិយម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែងចេញពីតំបន់ វារីអគ្គិសនីតាតៃថា គួរតែផ្តាច់ចរន្តអគ្គិសនី ពីផ្ទះអ្នកបរិស្ថាន ជ្រុលនិយមមួយចំនួន ព្រោះពួកនេះតែងតែ ជំទាស់ក្នុងការអភិវឌ្ឍ តំបន់អគ្គិសនីរហូតមក។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួម សម្ពោធដាក់ឲ្យដំណើរការ វារីអគ្គិសនីតាតៃ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង សម្តេចតេជោ បានមានប្រសាសន៍ថា គ្មានអ្វីមួយ ធ្វើហើយមិនបាន បង់ថ្លៃនោះទេ “អីចឹងជម្រើសរបស់យើងត្រូវ គិតគូរឲ្យបានច្បាស់។ តើយើងហ៊ាន លះបង់នូវ ស្ថានភាពដី ២-៣ពាន់ហិកតា ដើម្បីទាញយកភ្លើងបម្រើឲ្យ ទូទាំងប្រទេស សម្រាប់បង្កើតការងារឲ្យ មនុស្ស រាប់សែន រាប់ម៉ឺននាក់ ឬចូលដល់លាននាក់នោះរឺទេ?”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ព្រោះថាពួកបរិស្ថានមួយចំនួន ដែលតែងតែជំទាស់នឹងការអភិវឌ្ឍន៍ ស្អីក៏ ទាស់ដែរ។ អីចឹងវិធីតែមួយ គឺថាសូមនាំគ្នាផលិតចន្លុះជូនទៅដល់ផ្ទះពួកបរិស្ថានតែម្តង បានសេចក្តីថាពួក បរិស្ថានជ្រុលនិយមនិយាយអីចេះទៅចុះ។ យើងយកចន្លុះទៅឲ្យពួកគាត់ ហើយកាត់ភ្លើងចេញពីផ្ទះគាត់តែម្តង កុំឲ្យគាត់ប្រើភ្លើង ព្រោះអ្នកឯងគិតតែម្ខាង អ្នកឯងមានគិតអីទៀត... អីចឹងបានន័យថា អ្នកជំទាស់បានតែជំទាស់ រហូត”។

ទោះបីជាសម្តេចមិនបានបញ្ចេញចំឈ្មោះរបស់បុគ្គលមួយណាក៏ដោយ ប៉ុន្តែប្រហែលគ្រប់គ្នាប្រហែលជាបានដឹង ហើយថា គ្មានអ្នកណាក្រៅពីក្រុមអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងគណបក្សប្រឆាំងមួយចំនួន ដែលតែងតែ ធ្វើសកម្មភាពក្នុងការជំទាស់នូវគម្រោងអភិវឌ្ឍន៍មួយនេះ៕

សម្តេចតេជោ៖ គួរផ្តាច់អគ្គិសនី ពីផ្ទះអ្នកបរិស្ថាន ជ្រុលនិយម