ពលរដ្ឋ​ស្រុក​ស្នួល​ចោទ​សន្តិសុខ​ក្រុមហ៊ុន​មេមត់​ថា​ឈូស​ឆាយ​ដំណាំ​ពួក​គាត់​ដើម្បី​យក​ដី

ពលរដ្ឋ​ជាង ១០០​គ្រួសារ រស់នៅ​ឃុំ​ពីរធ្នូ នៃ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចោទ​សន្តិសុខ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេមត់ ថា​ឈូស​ឆាយ​ដំណាំ​ពួក​គាត់​ដើម្បី​យក​ដី។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​មាន​គ្រឿងចក្រ​ពីរ​គ្រឿង បាន​ឈូស​ឆាយ​ដំណាំ​អ្នក​ភូមិ​ចំនួន ៦​ហិកតារ កាល​ពី​ព្រឹក​ទី​២១ ធ្នូ។ បន្ទាប់​ពី​ឈូស​ឆាយ អ្នក​ភូមិ​ជាង ១០០​នាក់ បាន​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន និង​ទាមទារ​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន​ផ្អាក​ឈូស​ឆាយ។

ពលរដ្ឋ​បាន​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទិន​ការ​ឈូស​ឆាយ​ផល​ដំណាំ​ពួក​គាត់ ដើម្បី​យក​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ អ្នក​ភូមិ​ទាមទារ​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន ទទួល​ខុស​ត្រូវ​រាល់​ការ​ឈូស​ឆាយ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ ខណៈ​អ្នក​ភូមិ​មួយ​ចំនួន បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច​ជាង ៥​ឆ្នាំ​កន្លង​មក។

តំណាង​ពលរដ្ឋ លោក ម៉េត ធី ចោទ​ប្រកាន់​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ លោក តាន់ សាន់ ថា​បាន​ឈូស​ឆាយ​ផល​ដំណាំ​អ្នក​ភូមិ មាន​ចេក ដំឡូងមី ស្វាយចន្ទី និង​ដំណាំ​ផ្សេង​ទៀត ខណៈ​ដី​អ្នក​ភូមិ​ឋិត​ក្រៅ​ក្រវាត់​ព្រំ​ដី​របស់​ក្រុមហ៊ុន៖ «ប្រកាន់​បក្ខពួក​គេ ឆ្មាំ​ហ្នឹង​គេ​ទុក​ការពារ​ក្រុមហ៊ុន​តែ​គ្នា​វា​ចឹង។ ចំណែក​ប្រជាជន​វា​មិន​ឲ្យ​ទេ វា​ចង់​យក​ដាច់​ដោយឡែក​ខ្លួន​វា នៅ​នោះ​កន្លែង​ណា​ក៏​ឆ្មាំ កន្លែង​ណា​ក៏​ឆ្មាំ​ដី​មេមត់​ហ្នឹង​ដែរ»

អ្នក​ភូមិ​ម្នាក់​ទៀត លោក ខឹម សុខ រៀបរាប់​ថា អ្នក​ភូមិ​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ជា​បន្តបន្ទាប់ តាំង​ពី​ឆ្នាំ​២០១០ ចំនួន ៥០​ហិកតារ ដោយ​មួយ​គ្រួសារ​មាន​ដី​ប្រភេទ​លំនៅឋាន​ទំហំ​ទទឹង ១០​ម៉ែត្រ បណ្តោយ ២០០​ម៉ែត្រ។ លោក​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០០៩ ពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្លាប់​ផ្ដិត​មេដៃ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ តែ​រហូត​បច្ចុប្បន្ន ពុំ​ទាន់​ទទួល​លទ្ធផល​ឡើយ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​សិក្សា​ពី​ពលរដ្ឋ​ដែល​គ្មាន​ដី​រស់នៅ ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​មេមត់ ជិត ១​ម៉ឺន​ហិកតារ គ្រប់គ្រង​រយៈពេល ៥០​ឆ្នាំ៖ «ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​ហ្នឹង សុំ​ដី​គេ​នៅ​ធ្វើ​រោង​ធ្វើ​ផ្ទះ​តាម​ចិញ្ចើម​ថ្នល់ ហើយ​មក​ពលរដ្ឋ​ឃើញ​ដី ដឹង​ថា​ដី​សម្បទាន​រដ្ឋ​ហើយ តែ​ដឹង​ថា​អត់​មាន​កន្លែង​នៅ​ចឹង ពលរដ្ឋ​ចូល​កាប់​តិចតួច​បាន​ម្នាក់ ៤ ទៅ ១០​ម៉ែត្រ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សន្តិសុខ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ លោក តាន់ សាន់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ធ្នូ។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺ​ជា​កម្មសិទ្ធិ​របស់ អ្នកស្រី ហ៊ុន ម៉ាណា កូន​ស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​លើ​ផ្ទៃ​ដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥០​ហិកតារ) រយៈពេល ៥០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៨។

អ្នក​ភូមិ​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១០ ពលរដ្ឋ​ចំនួន ៥២៧​គ្រួសារ បាន​តាំង​ទីលំនៅ​ត្រង់​ចំណុច​១០៩ ដល់ ១១៥ ឋិត​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល បន្ទាប់​មក ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​បណ្ដេញ​អ្នក​ភូមិ​ចេញ ដោយ​ដុត​ផ្ទះ​ពួក​គាត់​ជាង ១០​ខ្នង។ បន្ទាប់​ពី​ក្រុមហ៊ុន​បណ្ដេញ​អ្នក​ភូមិ​នៅ​សល់​ពលរដ្ឋ​ជិត ២០០​គ្រួសារ មក​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ត្រង់​ចំណុច​១០៤ ឋិត​នៅ​ឃុំ​ពីរធ្នូ រង់ចាំ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។

មេ​ឃុំ​ពីរធ្នូ លោក ពឹង វិន និយាយ​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​មក​តាំង​ទីលំនៅ​តាម​ចិញ្ចើម​ថ្នល់​ជាច្រើន​ឆ្នាំ​កន្លង​មក អ្នក​ខ្លះ​មក​កាប់​ឆ្ការ​ព្រៃ​របស់​ក្រុមហ៊ុន​ធ្វើ​ចម្ការ និង​មាន​មហិច្ឆតា​គ្រប់គ្រង​ដី​នោះ។ លោក​ថា អ្នក​ភូមិ​ធ្លាប់​ស្នើ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួក​គេ តែ​ការ​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺ​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន៖ «គាត់​មក​ចាំ​នៅ​នោះ គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋ​អំណាច​ចែក​ដី​ឲ្យ​ពួក​គាត់។ តែ​មិន​ដឹង​ដី​នៅ​ណា? គេ​ថា​អត់​មាន​ទេ! កន្លង​មក​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច បើ​ចង់​បាន​ធ្វើ​សំណើ»

អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា ពលរដ្ឋ​បាន​មក​តាំង​ទីលំនៅ​ទីនោះ​ខុស​ច្បាប់ តែ​អាជ្ញាធរ​កំពុង​រក​នីតិវិធី​ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​ស្រប​ច្បាប់ និង​រក​មធ្យោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពួក​គេ៖ «គាត់​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ខុស​ច្បាប់​ហើយ តែ​ធ្វើ​ម៉េច​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​គាត់​អត់​យល់​ទេ។ ចឹង​ទាល់​តែ​យើង​ជួយ​ណែនាំ​គាត់ ជួយ​ផ្សព្វផ្សាយ​ពន្យល់​ពី​ច្បាប់​ដល់​គាត់។ បាទ! ហើយ​យើង​រក​ពិធី​ណា​មួយ​ឲ្យ​គាត់​ពី​ខុស​ច្បាប់​មក​ត្រូវ​ច្បាប់»

ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី យល់​ថា អាជ្ញាធរ​ដែន​ដី​មាន​សិទ្ធិ​អំណាច​គ្រប់គ្រង​ដី និង​បែង​ចែក​ក្នុង​នាម​ជា​អាណាព្យាបាល​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ប៉ុន្តែ​សិទ្ធិ​សម្រេច​លើ​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ចាំបាច់​ត្រូវ​សិក្សា​នូវ​កង្វល់​របស់​ពលរដ្ឋ ទទួល​យក​កង្វល់​ពួក​គាត់ និង​តាម​ដាន​រាល់​ការ​ប្រឈម​របស់​អ្នក​ភូមិ ហើយ​លើក​សំណើ​ចងក្រង​ជា​របាយការណ៍​ទៅ​ថ្នាក់​លើ និង​តាម​ដាន​ពី​លទ្ធផល​សំណើ​ទាំង​នោះ៖ «អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​តែ​ទទួល​ខុស​ត្រូវ ពេល​ដែល​ពលរដ្ឋ​ខ្វះ​អ៊ីចឹង គាត់​ត្រូវ​តែ​គិតគូរ ហើយ​ណែនាំ។ នេះ គឺ​ជា​មធ្យោបាយ​សមស្រប​មួយ ប៉ុន្តែ​ជាទូទៅ ខ្ញុំ​កត់​សម្គាល់​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ខេត្ត​ក្រចេះ តែង​តែ​មាន​ឧបសគ្គ​ច្រើន​សម្រាប់​ការ​បែង​ចែក ដូចជា​មាន​ផល​លំបាក​ច្រើន​ដល់​ពួក​គាត់​ក្នុង​ការ​បំពេញ​បែបបទ​ក្នុង​ការ​ស្នើសុំ»

ពលរដ្ឋ​ទាំង ១០០​គ្រួសារ​នោះ បច្ចុប្បន្ន​កំពុង​រស់នៅ​តាម​ដង​ផ្លូវ​ជាតិ​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ ព្រោះ​គាត់​មើល​ឃើញ​ថា ការ​រស់នៅ​ដូច​នេះ​ជិត​ទីប្រជុំជន និង​ងាយ​ស្រួល​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ កាល​ពី​ឆ្នាំ​១៩៩៦ ដី​សម្បទាន​សង្គមកិច្ច​មេមត់ គឺ​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ស្រុក​ស្នួល លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ១​ម៉ឺន​ហិកតារ ជាប់​ព្រំដែន​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដល់​ខេត្ត​មណ្ឌលគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។