នគរ​​​បាល​​​​ទទួល​ស្គាល់​ថា​​​​ពិបាក​​​​ គ្រប់​​​គ្រង​អាវុធ​ខុស​ច្បាប់

ក្រោយពី​មាន​ការ​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌​ដែល​ធ្វើ​ឡើង​បន្ទាប់ពី​មាន​អំពើ​ប្លន់​ហិង្សា​ប្រដាប់​អាវុធ​ជា​ច្រើន​នា​ពេល​ថ្មីៗ​នេះ ក្រុម​មន្ត្រី​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​មិន​អាច​គ្រប់គ្រង​ការ​ប្រើ​អាវុធ​ខុស​ច្បាប់​ក្នុង​ប្រទេស​បាន​ទេ។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​នៃ​មន្ត្រី​យុត្តិធម៌ នគរបាល និង​រាជ​អាវុធហត្ថ​ជាង​១០០​នាក់ លោក ម៉ក់ ជីតូ អគ្គ​​​ស្នង​ការ​រង​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​កម្លាំង​របស់​លោក​គ្មាន​បញ្ហា​គ្រប់គ្រង​អាវុធ​ចុះ​បញ្ជី​ស្របច្បាប់​នោះ ពួកគេ​មិន​អាច​តាម​រក​អាវុធ​ខុស​ច្បាប់​បាន​ទេ។

ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា “ការ​គ្រប់គ្រង​អាវុធ​មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន។ ខ្ញុំ​និយាយ​ការ​ពិត: យើង​គ្រប់គ្រង​អាវុធ​ក្នុង​អង្គភាព​របស់​យើង ហើយ​យើង​គ្រប់គ្រង​អាវុធ​ស្រប​ច្បាប់ ប៉ុន្តែ ចំពោះ​អាវុធ​ខុស​ច្បាប់ យើង​មិន​អាច​គ្រប់គ្រង​វា​បាន​ទេ”។ លោក​បាន​បន្ថែម​ថា នគរបាល​ជាតិ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា អាវុធ​មិន​បាន​ចុះ​បញ្ជី​មិន​មែន​ប្រើ​តែ​ឧក្រិដ្ឋជន​នោះ​ទេ។ “យើង​មិន​និយាយ​ថា វា​សម្រាប់​តែ​ចោរ​ទេ ប៉ុន្តែ​សូម្បី​តែ​មន្ត្រី​រាជការ​ស៊ីវិល​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ក៏​កំពុង​ប្រើ​អាវុធ​ខុស​ច្បាប់​ដែរ”។

ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​កើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សាហាវ​ជា​ច្រើន​លើក ដែល​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្លាប់​និង​របួស ដោយ​ពួក​ចោរ​ជា​ញឹកញាប់​ប្រើ​កាំភ្លើង​ខ្លី​និង​កាំភ្លើង​វែង ប្លន់​ម៉ូតូ​ដែល​ទើប​ចេញ​ថ្មី គ្រឿង​អលង្ការ និង​ប្រាក់។

ទន្ទឹម​នឹង​ចាប់​បាន​ជន​សង្ស័យ​មួយ​ចំនួន​តូច លោក ហុង វីណុល មេ​បញ្ជាការ​រង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​ថា វា​មិន​ច្បាស់​ថា​ពួកគេ​បាន​អាវុធ​ពី​ណា​ទេ។

ឧត្តមសេនីយ៍​ទោ វីណុល បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​តែងតែ​និយាយ​ថា ពួកគេ​បាន​វា​ពី​មិត្ត​ភក្តិ​របស់​ពួកគេ លោក អេ ឬ លោក ប៊ី”។

ឧត្តម​សេនីយ៍​ឯក ជីតូ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ថ្វីបើ​មាន​ការ​ប្លន់​ប្រដាប់​អាវុធ​កើន​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​ជា​រួម​មាន​ការ​ថយ​ចុះ​បទ​ល្មើស​ច្រើន​នៅ​ទូទាំង​ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​ស្គាល់​ថា នៅ​ពេល​ថ្មីៗ​នេះ ករណី​ឧក្រិដ្ឋកម្ម​ជាច្រើន​បាន​កើត​ឡើង​មែន ប៉ុន្តែ ចំនួន​ឧក្រិដ្ឋកម្ម​បាន​ថយ​ចុះ បើ​យើង​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ”។

ដោយ​មិន​ផ្ដល់​តួលេខ​ពេញលេញ​ណាមួយ​នោះ លោក​បាន​បន្ថែម​ថា “វា​បាន​ថយ​ចុះ​ប្រហែល​១៤​ភាគរយ ប្រសិនបើ​យើង​ប្រៀបធៀប​វា​រវាង​ឆ្នាំ​នេះ​និង​ឆ្នាំ​២០១៤៕ និត

 

The post នគរ​​​បាល​​​​ទទួល​ស្គាល់​ថា​​​​ពិបាក​​​​ គ្រប់​​​គ្រង​អាវុធ​ខុស​ច្បាប់ appeared first on ខេមបូឌា ដេលី.