CPP ត្រៀម សមាសភាពក្នុង ការបង្កើត គណៈកម្មាការ ចំពោះកិច្ចជាមួយ CNRP

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច (CPP) បានថ្លែងថា គណបក្សរបស់ខ្លួន បាននិងកំពុងរៀបចំ សមាសភាព មន្រ្តីមួយចំនួន ដើម្បីរួមគ្នាជាមួយ គណបក្សសង្រ្គោះជាតិ បង្កើតគណៈកម្មាការ ចំពោះកិច្ចមួយក្នុង គោលបំណង ដោះស្រាយបញ្ហា ក្រោយពីបក្សទាំងពីរ បានព្រមព្រៀងកាលគ្នា ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ សមាសភាពមន្រ្តីរបស់ គណបក្សប្រជាជនកម្ពុជា នឹងចេញជារូបរាង ព្រោះបច្ចុប្បន្នកំពុងតែរៀបចំ ដើម្បីឆ្លើយតបទៅគណបក្ស សង្រ្គោះជាតិ។

លោកបន្តថា “ចំពោះលិខិតរបស់គណបក្សសង្រ្គោះជាតិ ខ្ញុំមិនទាន់ដឹងថា បានទទួល ឬមិនទាន់ទទួលទេ ។គណៈកម្មាការដែលបង្កើតហ្នឹង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំហើយ នឹងចេញក្នុងពេល ឆាប់ៗខាងមុខនេះ”។

ចំណែក លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្សរបស់លោកបានរៀបចំ ឈ្មោះមន្រ្តីទៅខាងគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃសុក្រទី១៨ មកម្ល៉េះ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៣ តុលានេះ នៅមិនទាន់មានការឆ្លើយមកទៀត។

លោកបន្តថា “បន្ទាប់ពីបង្កើតគណៈកម្មាការចំពោះកិច្ចនេះហើយ ភាគីទាំងពីរនឹងមានគម្រោងជួបគ្នា ដើម្បីរៀបចំ នីតិវិធីនៃការងារ”។

លោករំពឹងថា បន្ទាប់ពីការបង្កើតគណៈកម្មាការនេះរួចហើយ នឹងផលវិជ្ជមានច្រើនដល់គណបក្សទាំងពីរ ទៅលើ សេចក្តីព្រាងច្បាប់សហជីពដើម្បីពិភាក្សាឲ្យបានលំអិត និងជជែកគ្នាសម្រាប់គណបក្សដែលមាន អាសនៈក្នុង រដ្ឋសភាជាមួយភាគីពាក់ព័ន្ធ ដើម្បីឲ្យសេចក្តីព្រាងច្បាប់មួយនេះ កាន់តែល្អឡើង ដើម្បីឲ្យសង្គមស៊ីវិល និង សហជីពអាចទទួលយកទាំងសងខាងមុនឲ្យរដ្ឋសភាអនុម័ត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥កន្លងមក គណបក្សនយោបាយទាំងពីរដែលមាន អាសនៈក្នុង រដ្ឋសភាបានជួបប្រជុំពិភាក្សា ក្រោយពីបក្សទាំងពីរបានអាក់ខានជួបគ្នាជាច្រើនលើកជាច្រើនក្រោយពីលោក កឹម សុខា ត្រឡប់មកពីក្រៅប្រទេសវិញ។

ក្នុងនោះ ភាគីទាំងពីរ ព្រមព្រៀងគ្នាចំនួន ៤ចំណុច ក្នុងនោះចំណុចគឺសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពផងដែរ ដែលករណីនេះ បានធ្វើឲ្យសហជីពសាទរជាខ្លាំង៕