សម្តេចតេជោ ស្នើឲ្យអាជ្ញាធរ អគ្គិសនីតាមដាន កុងទ័រអគ្គិសនី ឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានស្នើឲ្យអាជ្ញាធរអគ្គិសនី សហការជាមួយភាគី ពាក់ព័ន្ធ ដើម្បីតាមដានកុងទ័រ អគ្គិសនីឡើងវិញ ដើម្បីជាការឆ្លើយតប នឹងមន្ទិលសង្ស័យរបស់ ប្រជាពលរដ្ឋទាក់ ទិនបញ្ហា ចរន្តអគ្គិសនីនេះ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធី សម្ពោធវារីអគ្គិសនី តាតៃកម្លាំងថាមពល ២៤៦មេហ្កាវ៉ាត់ នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ  ឆ្នាំ ២០១៥នេះ ថា អាជ្ញាធរជាតិអគ្គិសនីត្រូវតែស្វែងរក អាជ្ញាធរជំនាញអគ្គិសនី បរទេសណាមួយដើម្បី ធ្វើជាអាជ្ញាកណ្តាល ស្រាវជ្រាវពីបញ្ហាបច្ចេកទេស ដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហានេះ។

សម្តេចតេជោបាន បញ្ជាក់ថា កុងទ័រអគ្គិសនីឡើងតែរដូវក្ដៅទេ តែរដូវត្រជាក់មិនឡើងនោះទេ ។
សម្ដេចនាយករដ្ឋមន្រ្តីបន្តថា “ដើម្បីកុំឲ្យមានទំនាស់រឿងនាឡិកាយើងត្រូវរកអាជ្ញាកណ្តាលមួយ ដាក់ពិនិត្យកុំឲ្យ មានការជេរក្រុមហ៊ុនអគ្គិសនីច្រើនពេក ។ រួចជ្រើសរើសក្រុមហ៊ុនសម្រាប់ដេញ ថ្លៃទាំងសកលលោក ទំាងក្រុមហ៊ុន ជប៉ុន ក្រុមហ៊ុនចិន កូរ៉េ  អាម៉េរិក មកដេញថ្លៃថ្លឹងកុងទ័រ  កុំមានបញ្ហាទៀត”។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានសម្ដែងការ អបអរសាទរដល់ ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលស្នើឲ្យមានការស៊ើបអង្កេតលើ បញ្ហាកុងទ័រ អគ្គិសនី។

អ្នកនាំពាក្យរូបនេះបន្ថែមថា “ខ្ញុំគាំទ្រលើ គំនិត យោបល់ ទស្សនៈ របស់លោកប្រមុខរាជរដ្ឋាភិបាល ពីព្រោះរឿង តម្លៃភ្លើងគួរយើងនាំគ្នាពិចារណានាំគ្នាគិត ដើម្បីជាថាមពលមួយដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួម ចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕