សហគមន៍​ព្នង​និង​ក្រុមហ៊ុន​សម្បទាន​ដី​នៅ​ខេត្ត​មណ្ឌលគិរី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី

កិច្ច​ប្រជុំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​អូស​បន្លាយ​ជាង ៧​ឆ្នាំ​កន្លង​ទៅ​រវាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៦​ភូមិ នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បារាំង ឈ្មោះ សុកហ្វីន ខេស៊ីឌី (Soc Fin KCD) បាន​ចាប់​ផ្ដើម​លើក​ដំបូង​ក្រោម​រូបភាព​ជំនួប​ត្រី​ភាគី រួម​មាន អាជ្ញាធរ​មូលដ្ឋាន​តំណាង​សហគមន៍ តំណាង​ក្រុមហ៊ុន និង​មាន​អ្នក​សង្កេត​ការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ជា​អ្នក​សម្រប​សម្រួល។

តើ​ការ​ជួប​ប្រជុំ​គ្នា​នេះ ទទួល​បាន​លទ្ធផល​អ្វី​ខ្លះ?

អាជ្ញាធរ​ឃុំ​ប៊ូស្រា បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ត្រី​ភាគី​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នៅ​សាលា​ឃុំ​ប៊ូស្រា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​សហគមន៍​ចំនួន ៦​ភូមិ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុកហ្វីន ខណៈ​ភាគី​នៃ​ជម្លោះ​សុទ្ធតែ​បាន​ប្តឹងផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក​ទល់​បច្ចុប្បន្ន។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នេះ ធ្វើ​ឡើង​ដោយ​មាន​សមាជិក​គណៈកម្មការ​ត្រី​ភាគី​ប្រមាណ ៣០​នាក់ រួម​មាន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជា​ប្រធាន តំណាង​សហគមន៍​ពីរ​នាក់​ក្នុង​មួយ​ភូមិ និង​តំណាង​ក្រុមហ៊ុន។ រីឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​សង្កេត​ការណ៍ និង​ដោយឡែក​តំណាង​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស គឺ​ជា​អ្នក​សម្រប​សម្រួល។

តំណាង​សហគមន៍​ភូមិ​ពូចារ លោក ប្រាក់ ណែត រៀបរាប់​ថា កិច្ច​ប្រជុំ​លើក​ដំបូង​នេះ គឺ​ផ្ដោត​ទៅ​លើ​ការ​បង្ហាញ​ពី​សមាសភាព​គណៈកម្មការ​ត្រី​ភាគី និង​តួនាទី​គណៈកម្មការ​ជា​សំខាន់ ដើម្បី​អនុវត្ត​បាន​ត្រឹមត្រូវ​នូវ​សេចក្តី​សម្រេច​នៃ​ការ​បង្កើត​គណៈកម្មការ​ត្រី​ភាគី​នេះ​ឡើង។ លោក​បន្ត​ថា គណៈកម្មការ​ត្រី​ភាគី នឹង​បន្ត​ពិភាក្សា​ជា​បន្តបន្ទាប់​ពី​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេង​ទៀត​ដែល​បាន​កើត​ឡើង​រវាង​ក្រុមហ៊ុន និង​សហគមន៍​ជនជាតិ​ដើម​នៅ​តំបន់​ផ្តល់​ដី​សម្បទាន​នេះ ដោយ​ឈរ​លើ​វប្បធម៌​សន្ទនា​គ្នា៖ «ខ្ញុំ​សង្ឃឹម​ថា ការងារ​នេះ​ល្អ អាច​ជួយ​តតាំង​គ្នា អាច​ជួយ​សម្រប​សម្រួល បើ​សិន​ក្រុម​ត្រូវ​គេ​ប្ដឹង​ហ្នឹង សុំ​ឲ្យ​សម្រប​សម្រួល ព្រោះ​វា​បញ្ហា​សហគមន៍​ដែរ»

ក្រុមហ៊ុន សុកហ្វីន ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៥​ពាន់​ហិកតារ នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ បន្ទាប់​ពី​ទទួល​បាន​ដី​សម្បទាន​នេះ ក្រុមហ៊ុន សុកហ្វីន រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បី​ទៀត គឺ​ក្រុមហ៊ុន វ៉ារ៉ាណាស៊ី (Varanacy) ក្រុមហ៊ុន សេដ្ឋី​កូឡា (Sethey Cola) និង​ក្រុមហ៊ុន កូហ្វីហ្វាម៉ា (Cophifama) បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ដាំ​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក។

តំណាង​សហគមន៍ លោក ឃុត ចាន់រ៉ា កត់​សម្គាល់​ថា ជម្លោះ​ដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន សុកហ្វីន កើត​មាន​ស្រួចស្រាល់​ណាស់​បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​សម្បទាន ប៉ះពាល់​តំបន់​កប់​សព ព្រៃ​សក្ការៈ ចម្ការ​វិល​ជុំ និង​ចម្ការ​ដាំ​ស្រូវ​សហគមន៍។ ក្នុង​អំឡុង​សហគមន៍​ធ្វើ​ការ​តវ៉ា​នេះ ក្រុមហ៊ុន​មិន​បាន​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​ផ្ទុះ​ចេញ​អំពើ​ហិង្សា​ដុត​បំផ្លាញ​គ្រឿងចក្រ​ក្រុមហ៊ុន​អស់​ពីរ​គ្រឿង។ លោក​បន្ត​ថា ក្រុមហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ជាង ១០​នាក់​តាម​ផ្លូវ​តុលាការ ចោទ​ប្រកាន់​អ្នក​ភូមិ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ ហេតុ​នេះ យន្តការ​ដោះស្រាយ​ទំនាស់​តាម​រយៈ​គណៈកម្មការ​ត្រី​ភាគី​នេះ ត្រូវ​តែ​ពិចារណា​ទៅ​លើ​ការ​ដក​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​តាម​ផ្លូវ​តុលាការ​ជា​សំខាន់ ទើប​លទ្ធផល​នៃ​ការ​ដោះស្រាយ​ទំនាស់​អាច​ទទួល​បាន​លទ្ធផល​ល្អ៖ «ដំណាក់​កាល​ហ្នឹង​ហើយ​ក្រុមហ៊ុន​គួរ​តែ​ពន្លត់​ភ្លើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០​នាក់​រងគ្រោះ។ គួរ​តែ​បញ្ចប់​សំណុំ​រឿង​ការ​បំផ្លិចបំផ្លាញ​នេះ»

អាជ្ញាធរ​ឃុំ​ប៊ូស្រា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ចេញ​សេចក្តី​សម្រេច​ទទួល​ស្គាល់​គណៈកម្មការ​ត្រី​ភាគី ក្នុង​គោល​បំណង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ទំនាស់​ដីធ្លី និង​ទំនាស់​ផ្សេងៗ​ដែល​កើត​មាន​ចំពោះ​សហគមន៍​ចំនួន ៦​ភូមិ និង​ក្រុមហ៊ុន សុកហ្វីន។ ការ​ដោះស្រាយ​បញ្ហា​ឈរ​លើ​គោលការណ៍​សន្តិភាព អហិង្សា មាន​តម្លាភាព ធ្វើ​កំណត់​ហេតុ​ជាក់លាក់ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ត្រី​ភាគី ថា​ជា​យន្តការ​ល្អ​ដើម្បី​កាត់​បន្ថយ​ជម្លោះ និង​អំពើ​ហិង្សា​កើត​មាន​កន្លង​ទៅ។ លោក​បន្ត​ថា កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ត្រី​ភាគី ត្រូវ​បើក​ជា​ចំហ ផ្តល់​សិទ្ធិ​បញ្ចេញ​មតិ​ដល់​គូ​ភាគី​ជម្លោះ ត្រូវ​ដោះស្រាយ​បញ្ហា​គ្រប់​ជ្រុងជ្រោយ ជាពិសេស​មិន​ត្រូវ​យក​បណ្ដឹង​តាម​ផ្លូវ​តុលាការ គាប​សង្កត់​លើ​សហគមន៍​មូលដ្ឋាន​ដោះស្រាយ​ទំនាស់​នោះ​ឡើយ៖ «បើ​សិន​កិច្ច​ចរចា​នៅ​តែ​ចរចា បណ្ដឹង​ដែល​ក្រុមហ៊ុន​ប្ដឹង​សហគមន៍​ពី​បទ​ព្រហ្មទណ្ឌ​ទៅ​តុលាការ បាន​ន័យ​ថា កិច្ច​ចរចា​នេះ​ក៏​មិន​បាន​ផល​ដែរ។ ដើម្បី​ឲ្យ​បាន​ផល លុះត្រា​ក្រុមហ៊ុន​ដក​បណ្ដឹង​ពី​តុលាការ»

រីឯ​អ្នក​សម្រប​សម្រួល​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា អ្នកស្រី ស៊ីណេ កត់​សម្គាល់​ដែរ​ថា នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​មាន​គូ​ភាគី​ទាំង​សហគមន៍ និង​ក្រុមហ៊ុន​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​កិច្ចការ​សំខាន់។ អ្នកស្រី​បន្ត​ថា បញ្ហា​ទំនាស់​សំខាន់ៗ នឹង​ត្រូវ​លើក​បញ្ចូល​ក្នុង​របៀបវារៈ​សម្រាប់​គណៈកម្មការ​ត្រី​ភាគី​ដោះស្រាយ​នៅ​ពេល​ខាង​មុខ​នេះ៖ «នៅ​មាន​បញ្ហា​បន្តបន្ទាប់​ទៀត តែ​ជា​ការ​ចាប់​ផ្ដើម​វា​ល្អ វា​មាន​ក្រុមហ៊ុន សហគមន៍​មាន​ការ​ចូលរួម​ដឹង​ឮ​ពី​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អាជ្ញាធរ​ចូលរួម​ជជែក​ពី​បញ្ហា​ហ្នឹង»

យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​ប៊ូស្រា លោក យើត សារីម ចាត់​ទុក​ការ​បង្កើត​គណៈកម្មការ​ត្រី​ភាគី​ដោះស្រាយ​បញ្ចប់​ជម្លោះ​សហគមន៍ និង​ក្រុមហ៊ុន ថា​មាន​សារសំខាន់​ដើម្បី​រៀបចំ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​បន្ត​ទៀត។ លោក​កត់​សម្គាល់​ថា ជម្លោះ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា រួម​ទាំង​ការ​ខកខាន​អភិវឌ្ឍ​នៅ​មូលដ្ឋាន​មិន​បាន​ប្រសើរ។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី បង្ហាញ​ថា ទំនាស់​សំខាន់ៗ​ដែល​សហគមន៍​តវ៉ា រួម​មាន ការ​ឈូស​ឆាយ​ដី​បន្ថែម​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​ជំនឿ ប្រពៃណី និង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។ ក្រុមហ៊ុន វ៉ារ៉ាណាស៊ី មិន​ទាន់​បាន​ផ្ទេរ​ដី ៣០០​ហិកតារ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដាំ​កៅស៊ូ​លើ​ដី​របស់​អ្នក​ភូមិ ៥០​គ្រួសារ និង​ក្រុមហ៊ុន សុកហ្វីន មិន​ទាន់​បាន​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។