ព្រមព្រៀងគ្នា​ទុកពេល ១៥ ថ្ងៃ ដើម្បី​ដោះស្រាយ​ការតវ៉ា​របស់​ក្រុម​អ្នកបើក​ឡាន​ដឹក​ដី និង​ឡាន​ដឹក​ខ្សាច់​

ភ្នំពេញ: ​កិច្ចប្រជុំ រវាង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ជាមួយនឹង​តំណាង​ក្រុម​អ្នក​បើកឡាន​ដឹក​ដី និង​ឡាន​ដឹក​ខ្សាច់ កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​នេះ បាន​បិទ​បញ្ចប់​កាលពី​ម៉ោង ៥ និង ៣០ នាទី​។ ក្នុង​កិច្ចប្រជុំ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស សុំ​ពេល ១៥​ថ្ងៃ ដើម្បី​ដាក់សំណើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ការតវ៉ា​របស់​ក្រុម​អ្នក​បើកឡាន​ទាំងនោះ​។

​ក្រុម​អ្នក​បើកឡាន​ប៉ែន ដឹក​ដី ដឹក​ខ្សាច់ បានស្នើ​សុំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ថា ពួកគាត់​យល់ព្រម​បង់ពន្ធ តែ​មិន​ព្រម​កែ​ចង្កូត​ឡាន ពីស្តាំ ទៅ​ចង្កូត​ឆ្វេង​នោះទេ​។​

​ក្នុង​រយៈពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែធ្នូ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធានា​ចំពោះ​ក្រុម​អ្នកបើកបរ​ឡាន​ប៉ែន​ទាំងនោះ ថា នឹងមិន​មានការ​ចាប់​ឃាត់​ឡាន​ដឹក​ដី ដឹក​ខ្សាច់​ចង្កូត​ស្តាំ​ទៀត​នោះទេ​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​រវាង​តំណាង​ក្រុម​អ្នក​បើកឡាន​ប៉ែន ដឹក​ដី និង​ឡាន​ដឹក​ខ្សាច់ នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ សមត្ថកិច្ច និង​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អ្នកបើក​ឡាន​ដឹក​ដី និង​ឡាន​ដឹក​ខ្សាច់ ជាច្រើន​គ្រឿង បាន​តវ៉ា​ជាថ្មី​ព្រមៗ​គ្នា ដោយ​ចត​ឡាន បិទ​កំណាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ និង​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅ​ជាយ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ​។ ក្រោយពី​ការសម្របសម្រួល រហូតដល់​ម៉ោងជាង ១១ ព្រឹក ទើប​ក្រុមអ្នកតវ៉ា យល់ព្រម​បើកផ្លូវ ឡើងវិញ​៕​