ជប៉ុន​បារម្ភ ពេល​ចិន​បញ្ជូន​នាវា​បំពាក់អាវុធ​ចូលទៅ​ជិត​កោះ​ជម្លោះ​សេន​កា​គូ​

​កងកម្លាំង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​អះអាងថា នាវា​ល្បាត​ចិន​បំពាក់​ដោយ​អាវុធ​បាន​ចូលទៅ​ក្បែរ​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។ វត្តមាន​នាវា​ល្បាត​របស់​ចិន​មិនមែនជា​រឿ​ចម្លែក​ទេ ប៉ុន្តែ​ការបំពាក់​អាវុធ​បែបនេះ​ជា​រឿង​ដែល​ជប៉ុន​ភ្ងា​ក់​ផ្អើល ហើយ​វា​ក៏​បង្ហាញ​ពី​ចេតនា​មួយ​របស់​ចិន​ដែរ​។​

​បញ្ហា​ជម្លោះ​កោះ​សមុទ្រ​ចិន​ខាងកើត​រវាង​ជប៉ុន​និង​ចិន​ចាប់ផ្តើម​កើន​កម្តៅ​ជាថ្មី ក្រោយ​ពេលដែល​ទ័ព​ល្បាត​សមុទ្រ ជប៉ុន​ចោទថា ចិន​ប​ញ្ចូ​ន​នាវា​ល្បាត​បំពាក់អាវុធ​ទៅ​ក្បែរ​តំបន់​ជម្លោះ​នេះ​។ អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា   វត្តមាន​នាវា​ល្បាត​របស់​ចិន​នៅក្បែរ​តំបន់​ជម្លោះ​កោះ​សេន​កា​គូ ឬ​ដៀវ​យូ នៅ​សមុទ្រ​ចិន​ខាងកើត ជា​រឿង​ធម្មតា​ទេ  ប៉ុន្តែ​លើក​នេះ​នាវា​ល្បាត​ចិន​មាន​បំពាក់​កាំភ្លើង​តូច​បួន​ដើម​ថែមទៀត​។​

​បើតាម​អ្នកនាំពាក្យ​ខាងលើ នាវា​របស់​ចិន​បើកបរ​នៅ​ចម្ងាយ ២៨ គីឡូម៉ែត្រ​ពី​កោះ​ដែល​ជាប់​ជម្លោះ​រវាង​ភាគី​ទាំងពីរ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២២ ខែធ្នូ​ម្សិលមិញ​នេះ ។  គេ​មិនទាន់​បានទទួល​ព័ត៌មាន​និង​ការបកស្រាយ​ពី​ភាគី​ចិន​ឡើយ​ចំពោះ​ការបំពាក់​អាវុធ​លើ​នាវា​ល្បាត ហើយ​បញ្ជូន​នាវា​នោះ​ទៅ​ក្បែរ​កោះ​ជម្លោះ​។​

​កាលពី​ខែវិច្ឆិកា​កន្លងមកនេះ ជប៉ុន​ក៏​អះអាង​ដែរ​ថា នាវា​ចារកម្ម​ចិន​បានធ្វើ​សកម្មភាព​នៅក្បែ​កោះ​នេះដែរ ហើយ​សកម្មភាព​នាវា​ឈ្លបយកការណ៍​នេះ​មិនដែល​ធ្លាប់មាន​ឡើយ​ពីមុនមក​។ ជាធម្មតា​ទេ ចិន​តែងតែ​ព្យាយាម​សាកល្បង​ជំហរ​របស់​ជប៉ុន ហើយ​ចិន​សម្ងំ​ចាំមើល​ថា​តើ​ជប៉ុន​នឹង​ឆ្លើយតប​បែបនេះ​ចំពោះ​សកម្មភាព​ជប៉ុន​នេះ​។​

​ភាគី​ទាំងពីរ​ចាប់ផ្តើម​លែង​ទុកចិត្ត​គ្នា​កាន់តែខ្លាំង​នៅពេលដែល​លោក ស៊ីន​ហ្សូ អា​បេ ស្វះ​ស្វែងរក​ការពង្រឹង​អំណាច​និង​សមត្ថភាព​យោធា​របស់​ជប៉ុន​ឲ្យ​កាន់តែខ្លាំង​ឡើង​។  ក្រោយ​ចប់​សង្គ្រាមលោកលើកទីពី​រ ជប៉ុន​ត្រូវ​ជាប់​ចំណង​ដោយ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដោយ​មិនអាច​បង្កើន​សមត្ថភាព​យោធា​ឡើយ ពោលគឺ​ជប៉ុន​មាន​ត្រឹម​ទ័ព​ស្វ័យការពារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក អា​បេ បានស្នើ​ច្បាប់​សន្តិសុខ​ថ្មី ដោយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​បញ្ជូន​ទ័ព​ទៅ​ច្បាំង​នៅក្រៅ​ប្រទេស​បាន ដោយ​ទ័ព​ទាំងនោះ​អាច​ប្រឡូក​ក្នុង​សកម្មភាព​រក្សា​សន្តិភាព និង​ជួយ​ការពារ​សម្ព័ន្ធមិត្ត​ផង​។ 

​កាលពី​ឆ្នាំ ២០១៣ នាវា​ចិន​បាន​ប្រើប្រាស់​រ៉ា​ដា​សម្រាប់​ចាប់​គោលដៅ​វាយប្រហារ តម្រង់​លើ​នាវា​ល្បាត​របស់​ជប៉ុន ដែល​គេ​ចាត់ទុក​កាយវិការ នេះ​ជាការ​បង្ករឿង​មួយ ដែល​អាច​រុញ​ឲ្យ​ភាគី​ទាំងពីរ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ថែមទៀត​។   

​តាមពិតទៅ ជប៉ុន​ជា​អ្នកគ្រប់គ្រង​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​នេះ តែ​ចិន​បានទាមទារ​ថា កោះ​នេះ​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ ហើយ​ភាគី​បាន​ហៅ​កោះ​នេះ​តាម​ភាសា​របស់ខ្លួន​រៀងខ្លួនៗ ដោយ​ជប៉ុន​ហៅ​កោះ​ជម្លោះ​ថា សេន​កា​គូ ឯ​ចិន​បាន​ហៅ​កោះ​នោះ​ថា​ដៀវ​យូ​។ បញ្ហា​ជម្លោះ​នេះ​បន្ត​នៅ ជា​ចំណុច​ចម្រូងចម្រាស​មួយ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​ជប៉ុន​ល្អក់កករ និង​បន្ត​ប្រឈមមុខគ្នា​ខ្លាំង​៕