ហ្វីលីពីន​៖ ផែនការ​ពង្រឹង​អំណាច​យោធា​ប្រឆាំង​ចិន​ចប់​ក្រោយ​អាណត្តិ​លោក Aquino

​ក្នុង​ខួប​លើក​ទី​៨០​នៃ​ការបង្កើត​កងទ័ព​ហ្វីលីពីន ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Benigno Aquino​បានបញ្ជាក់​ជាថ្មី​ពី​គម្រោង​ទំនើបកម្ម​យោធា​ហ្វីលីពីន​រយៈពេល​ប្រាំ​ឆ្នាំ ដោយ​រដ្ឋ​អាស៊ាន​មួយ​នេះ​នឹង​ចំណាយលុយ ក្នុង​ទំហំ ១.៨​ពាន់​លាន​ដុល្លារ​អាមេរិក​គិតដល់​ឆ្នាំ ២០១៧ ខាងមុខ​។  គោលនយោបាយ​យោធា​នេះ  ផ្តោតលើ​ការគាំទ្រ​និង​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​ឆ្លើយតប​បញ្ហា​សន្តិសុខ​ក្រៅប្រទេស ព្រោះ​ហ្វីលីពីន​ត្រូវគេ​ចាត់ទុកជា​ប្រទេស​ដែលមាន​វិស័យ​យោធា​ខ្សោយ​បំផុត​មួយ​ក្នុង​តំបន់​។ ហើយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​មហា​យក្ស​ចិន បង្ខំ​រដ្ឋាភិបាល​ហ្វីលីពីន​ឲ្យ​ប្រវេប្រវា​ពង្រឹងសមត្ថភាព​យោធា​ឲ្យ​ខ្លាំង​។
 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​តាំងពី​ឡើងកាន់តំណែង​ឆ្នាំ ២០១០ រហូតដល់​បច្ចុប្បន្ន លោក Benigno Aquin ខ្នះខ្នែង​ជំរុញ​ការកសាង​សមត្ថភាព​យោធា​របស់​ហ្វីលីពីន​។ គោលនយោបាយ​ទំនើបកម្ម​យោធា​សំខាន់បំផុត​គឺ​ផ្តោតលើ​ការផ្លាស់ប្តូរ​សមត្ថភាព​កងទ័ព​ហ្វីលីពីន ពី​កម្រិត​ទប់ទល់​ចលនា​បះបោរ​ក្នុងស្រុក ទៅដល់​ការប្រឆាំង​ការគំរាមកំហែង​ពី​ខាងក្រៅ​។ ផែនការ​បង្កើន​សមត្ថ​ភាព​យោធា​ហ្វីលីពីន​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំនេះ ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ទល់​មហាអំណាច​ចិន​ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។  

​ក្នុង​ខួប​លើក​៨០​នៃ​ការបង្កើត​កងកម្លាំង​ការពារជាតិ​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ទី ២១ ខែធ្នូ​កន្លងមក ប្រធានាធិបតី ជិត​ផុត​អាណត្តិ Benigno Aquin បានប្រកាស​ជាថ្មី​ថា កញ្ចប់​លុយ​ជាង ១.៨​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផែនការ​ទំនើបកម្ម​យោធា​នេះ​ចំណាយ​ដល់​ត្រឹម​ឆ្នាំ​២០១៧​ខាងមុខ​។ ហើយ​គិត​ត្រឹម​អាណត្តិ​លោក​ឆ្នាំ ២០១៦ គម្រោង​ប្រហែល ៦៥ ដែល​ស្ថិតក្រោម​ក្របខណ្ឌ​ផែនការ​ទំនើបកម្ម​យោធា​នេះ​អាច​សម្រេច​រួចរាល់​ហើយ​។ 

​គម្រោង​សាង​កម្លាំងយោធា​ឥត​ឈប់​នេះ មក​ហ្វីលីពីន​អន់ចិត្ត​ព្រោះ​ប្រទេស​នេះ​ត្រូវគេ​ចាត់ទុកថា​ជា​រដ្ឋ​ដែលមាន​វិស័យ​យោធា​អន់​ខ្សត់ខ្សោយ​ជាងគេ​មួយ​នៅក្នុង​តំបន់ ហើយ​សកម្មភាព​វាតទី​របស់​ចិន​ដោយ​សង់​កោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​ក្លាយជា​ក្តីបារម្ភ​បំផុត​សម្រាប់​ហ្វីលីពីន​ដែរ​។ បើទោះជា​ហ្វីលីពីន​ប្រឹង​ចំណាយលុយ​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ច្រើនយ៉ាង​នេះ​ក្តី  បើ​យោងតាម​របាយការណ៍​ក្រសួងការពារជាតិ​ហ្វីលីពីន កញ្ចប់​ថវិកា​ចំណាយ​ក្នុង​វិស័យ​យោធា​មាន​ទំហំ ៣.៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​តូច​ជាង​កញ្ចប់​លុយ​ចិន ៤០​ដង​ឯណោះ​។  គួរ​ឲ្យ​សោកស្តាយ ដែល​មេដឹកនាំ​ហ្វីលីពីន​ដែលមាន​និ​ន្ន​ការគាំទ្រ​អំណាច​ការពារជាតិ មិនអាច​ឈរឈ្មោះ​ជាថ្មី​បាន ហើយ​ផែនការ​ទំនើបកម្ម​ទ័ព​ដោយ​ទិញ​អាវុធ​ថ្មីៗ​មកនេះ​ត្រូវ​ចប់ ក្រោយ​អាណត្តិ​របស់លោក​ថែមទៀត​។

​ហ្វីលីពីន​ត្រៀម​នាំ​សព្វាវុធ​ទំនើប​ទាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​នាវា​ល្បាត​ថ្មី​
​ផែនការ​ទំនើបកម្ម​យោធា​នេះ​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល នាំចូល​សព្វាវុធ​ថ្មី​ច្រើន​ប្រភេទ ដែល​សព្វាវុធ​ទាំងនេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​ទ័ពអាកាស ទ័ពជើងទឹក និង​ទ័ពជើងគោក​។ និយាយ​ទៅ សមត្ថភាព​ឈ្លបយកការណ៍ ល្បាត ការពារ​ខ្លួន និង​ប្រយុទ្ធរ​បស់ទ័ព​ហ្វីលីពីន​នឹង​ប្រសើរឡើង​មួយកម្រិត​ទោះ​មិនអាច​ប្រៀប​ជាមួយ​អំណាច​យោធា​ចិន​បាន​ក្តី​។ ក្នុង​កម្មវិធី​កាលពី​ថ្ងៃ​ចន្ទ លោក Benigno Aquin បាន​ប្រាប់​កងទ័ព​ថា រដ្ឋាភិបាល​លោក​គ្រោង​នាំចូល​នាវាចម្បាំង   នាវា​ដឹកជញ្ជូន​យុទ្ធសាស្ត្រ  នាវា​ល្បាត​រយៈ​ចម្ងាយ​ឆ្ងាយ យន្តហោះ​ចម្បាំង ប្រព័ន្ធ​រ៉ា​ដា និង​សព្វាវុធ​សំខាន់ៗ​ផ្សេងទៀត​ជាច្រើន​ផងដែរ​។​

 ដូច​ឃើញស្រាប់ ហ្វីលីពីន​បាន​ចរចា​ទិញ យន្តហោះ​ចម្បាំង FA-50 ជាច្រើន​គ្រឿង​ពី​កូរ៉េខាងត្បូង​។ បើតាម​ក្រសួងការពារជាតិ​ហ្វីលីពីន ហ្វីលីពីន​សុំ​ទិញ​យន្តហោះ ១២​គ្រឿងក្នុង​ទំហំ​ទឹកប្រាក់​៤២០​លាន​ដុល​ការ​អាមេរិក ហើយ​ហ្វីលីពីន​បានទទួល​យន្តហោះ​ពីរ​គ្រឿង​រួចមកហើយ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ ។ វា​ជា​ការពិត ដែលថា យន្តហោះ​ចម្បាំង​ថ្មី​ចំនួន​១២ គ្រឿង វា​តិចតួច​ណាស់​បើ​ធៀប​យន្តហោះ​ដែល​ទ័ពអាកាស​ចិន​ប្រើប្រាស់​។ ប៉ុន្តែ​យ៉ាងហោចណាស់ យន្តហោះ​ទំនើប​ផលិត​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នឹង​ជួយ​ឲ្យ​ទ័ពអាកាស​ហ្វីលីពីន​ឆ្លើយតប​រាល់​ការឈ្លានពាន​និង​រំលោភ​ដែនអាកាស​បាន​រហ័ស​ជាង​មុន​។ ហ្វីលីពីន​មាន​យន្តហោះ​ចម្បាំង​ប្រភេទ F5 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ច្រើន​គ្រឿង​ដែរ​។  ប៉ុន្តែ​កាលពី​១០​ឆ្នាំមុន​រដ្ឋាភិបាល​ក្រុង​ម៉ានីល​សម្រេច​ដាក់​ឲ្យ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ឲ្យ​ឈប់​ដំណើរការ​ព្រោះ​វាចា​ស់ ហើយ​ចាំបាច់​ត្រូវ​ចំណាយលុយ​ច្រើនពេក​សម្រាប់​ថែ​ទាំង​និង​ជួសជុល​ទៀត​។

 ក្រៅពី​យន្តហោះ ហ្វីលីពីន​បាន​កុម្ម៉ង់​ទិញ​នាវា​ដឹកជញ្ជូន​សម្រាប់​គាំទ្រ​ទ័ពជើងគោក​ពីរ​គ្រឿង​ពី​ឥណ្ឌូនេស៊ី​ផងដែរ​។​ហ្វីលីពីន​នឹង​អាច​ទទួលបាន​នាវា​ដឹកជញ្ជូន​បែប​យុទ្ធសាស្ត្រ​នេះ​មួយគ្រឿង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ និង​មួយគ្រឿង​ទៀត​នៅ​ឆ្នាំ ២០១៧ ខាងមុខ​ផង​។ បើតាម​របាយការណ៍​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូនេស៊ី​ដែល​ទទួល បន្ទុក​ផលិត​នាវា​ឲ្យ​ទ័ពជើងទឹក​ហ្វីលីពីន​នេះ នាវា​មួយគ្រឿង​មានតម្លៃ ជិត​៥០​លាន​ដុ​លា្ល​រ​អាមេរិក ដោយ​តម្លៃ​នេះ​មិន​រាប់បញ្ចូល​ទាំង​សព្វាវុធ និង​បច្ចេកវិទ្យា​ឯទៀត​ទេ​។​

​ចំណែក ប្រព័ន្ធ​រ៉ា​ដា​សម្រាប់​បម្រើ​វិស័យ​យោធា​វិញ ហ្វីលីពីន​បាន​ចរចា​ទិញ​ពី​ក្រុមហ៊ុន​អ៊ីស្រាអែល ហើយ​គម្រោង​ផលិត​នេះ​នឹង​ចប់​រួចរាល់​ត្រឹម​ឆ្នាំ ២០១៧ ។ ហើយ​បច្ចុប្បន្ន​នេះដែរ ក្រសួងការពារជាតិ​ហ្វីលីពីន​កំពុង​ចែរ​ចូ​វ​សុំ​ទិញ​នាវាចម្បាំង​ពីរ​គ្រឿង​ពី​កូរ៉េខាងត្បូង​និង​អេ​ស្ប៉ា​ញ​។​បើ​ទិញ​បាន នាវា​ទាំងពីរ​នឹង​ជួយ​ហ្វីលីពីន​ពង្រឹងសមត្ថភាព​ប្រឆាំង​យន្តហោះ​និង​នាវាមុជទឹក​ដែរ​។​

​កន្លងមក ក្រៅពី​ដាក់ចេញ​ផែនការ​ទំនើបកម្ម​យោធា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ព្យាយាម​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​បណ្តា​រដ្ឋ​ដែលមាន​ជម្លោះ​ជាមួយ​ចិន​ដូចជា​វៀតណាម និង​ជប៉ុន ។ ជប៉ុន​បានផ្តល់​នាវា​ល្បាត​ជាច្រើន​គ្រឿង​ដល់​កងទ័ពជើងទឹក​ហ្វីលីពីន ។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​មកកាន់​តំបន់​អាស៊ាន លោក​បានប្រកាស​ផ្ទេរ​នាវាចម្បាំង​ពីរ​គ្រឿង​ឲ្យ​ទៅ​ហ្វីលីពីន​ផងដែរ​៕