ពាណិជ្ជករ​ម៉ាឡេស៊ី​សិក្សា​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា

ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ហៅ​កាត់​ថា ម៉ាត្រេដ (MaTrade) ដឹកនាំ​គណៈប្រតិភូ​ជា​ពាណិជ្ជករ​ក្នុង​វិស័យ​សំណង់​របស់​ម៉ាឡេស៊ី មក​សិក្សា​ឱកាស​អាជីវកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា ខណៈ​វិស័យ​នេះ​កំពុង​លូតលាស់។

ក្រុមហ៊ុន​ចំនួន​២០ របស់​ម៉ាឡេស៊ី ដែល​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ជួបជុំ​គ្នា​ជាមួយ​នឹង​ពាណិជ្ជករ​កម្ពុជា នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ឱកាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ហៅ​កាត់​ថា ម៉ាត្រេដ (MaTrade) និង​សភា​ពាណិជ្ជកម្ម​កម្ពុជា។

ក្នុង​បទសម្ភាសន៍​ក្រោយ​បញ្ចប់​សិក្ខាសាលា ប្រធាន​ផ្នែក​ជំរុញ​សេវាកម្ម​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​របស់​ម៉ាត្រេដ លោក រ៉ាចា បាត់ឌ្រុលនីហ្សាម (Raja Badrulnizam) មាន​ប្រសាសន៍​ថា ការ​រៀបចំ​សិក្ខាសាលា​សម្រាប់​ពាណិជ្ជករ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ គឺ​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី ក្នុង​វិស័យ​ផ្សេង​ទៀត​នៅ​កម្ពុជា ក្រៅ​ពី​សកម្មភាព​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ប្ដេជ្ញា​ពង្រឹង។

​លោក រ៉ាចា បាត់ឌ្រុលនីហ្សាម៖ «នៅ​ពេល​ដែល​យើង​ឃើញ​បរិមាណ​ទំនិញ​នាំ​ចេញ​នាំចូល​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ យើង​ចង់​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​សេវាកម្ម​វិញ។ ដូច្នេះ​ហើយ​បេសកកម្ម​របស់​ខ្ញុំ​នៅ​កម្ពុជា នៅ​ពេល​នេះ គឺ​ផ្ដោត​សំខាន់​លើ​វិស័យ​សេវាកម្ម ដូចជា​ក្នុង​វិស័យ​សំណង់​ជាដើម។ បន្ទាប់​ពី​នេះ ខ្ញុំ​ប្រហែល​ជា​នឹង​នាំ​ប្រតិភូ​មួយ​ក្រុម​ទៀត​ដែល​មក​ពី​វិស័យ​បច្ចេកវិទ្យា រោងចក្រ​ផលិត​ទឹក​ស្អាត​ពី​វិស័យ​អប់រំ ទេសចរណ៍ និង​វិស័យ​ដទៃ​ទៀត​មក​កម្ពុជា។ ដោយសារ​តែ​ការ​ដោះដូរ​ទំនិញ​មាន​ការ​ធ្លាក់​ចុះ វា​បង្កើត​ឱកាស​សម្រាប់​ក្រុម​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ធ្វើ​ការ​បាន​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា ហើយ​រដ្ឋាភិបាល​មាន​តួនាទី​សម្របសម្រួល​កិច្ចការ​នេះ»

តួលេខ​ចុង​ក្រោយ​ពី​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី បង្ហាញ​ថា បរិមាណ​ទំនិញ​ដែល​ម៉ាឡេស៊ី នាំ​ចេញ​ពី​កម្ពុជា នៅ​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ភាគ​ច្រើន​ជា​ផលិតផល​វាយនភណ្ឌ។

រី​ឯ​បរិមាណ​ទំនិញ​ដែល​កម្ពុជា នាំ​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ ក្នុង​នោះ​ភាគ​ច្រើន​ជា​ផលិតផល​វត្ថុ​ធាតុ​ដើម។ ការ​ងាក​មក​ចាប់​អារម្មណ៍​វិស័យ​សំណង់​របស់​កម្ពុជា គឺ​នៅ​ខណៈ​ឧស្សាហកម្ម​នេះ​កំពុង​នាំ​មុខ​វិស័យ​ដទៃ​ទៀត ដូចជា​កសិកម្ម​ជាដើម។

​តួលេខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ (២,៩៦​ប៊ី​លាន) កើន​ឡើង ២៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

ក្នុង​សិក្ខាសាលា​ស្ដីពី​ឱកាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​រវាង​កម្ពុជា និង​ម៉ាឡេស៊ី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ប៉ែន សុផល ជឿ​ជាក់​ថា សិក្ខាសាលា​នេះ​នឹង​អាច​បង្កើន​ឱកាស​សហការ​គ្នា​ក្នុង​អាជីវកម្ម​សំណង់​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត៖ «»។

ក្រៅ​ពី​ចាប់អារម្មណ៍​វិស័យ​សំណង់​កម្ពុជា ប្រធាន​ផ្នែក​ជំរុញ​សេវាកម្ម និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​របស់​ម៉ាត្រេដ លោក រ៉ាចា បាត់ឌ្រុលនីហ្សាម ក៏​បញ្ជាក់​ដែរ​ថា ពាណិជ្ជករ​ម៉ាឡេស៊ី មាន​ផែនការ​ពង្រីក​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែរ​នៅ​ពេល​ខាង​មុខ ជាពិសេស​លើ​ការ​ដាំដុះ​ដំណាំ​កៅស៊ូ។

ខណៈ​វិនិយោគិន​ម៉ាឡេស៊ី មាន​វត្តមាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា លោក រ៉ាចា សង្ឃឹម​ថា នឹង​មាន​វិនិយោគិន​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ទៅ​វិនិយោគ​ក្នុង​ទីផ្សារ​ម៉ាឡេស៊ី ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។