ព័ត៌មាន​បន្ថែម​​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​បុក​សិស្សសាលា​អន្តរទ្វីប​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ដល់​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​សព​យុវតី​រង​គ្រោះ​ដោយសារ​រថយន្ត​បុក​ស្លាប់​នៅ​ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ឥ​ណ្ឌ​ញ្ញាណ​ហៅ​វត្ត​ក្រោម​រួចរាល់​ហើយ ប៉ុន្តែ​ដំណោះស្រាយ​យ៉ាងណា​នោះ​ហាក់​ពុំ​ទាន់​បាន​ចេញ​ជា​រូ​បរាង​នៅឡើយ​ទេ ធ្វើ​ឱ្យ​មតិ​មហាជន​ដែល​មានចិត្ត​អាណិតអាសូរ​ដល់​យុវ​សិស្ស​ទាំង​ពីរ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច និង​ប្រ​ព័​ន្ឋ​តុលាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចំពោះ​ជន​បង្ក​ឱ្យ​ខាង​តែ​បាន មិន​ត្រូវ​លើកលែងទោស​ជា​ដាច់ខាត ។

យោង​តាម​ប្រភព​ច្បាស់ការ​ចុង​ក្រោយ​បាន​បង្ហើប​ឱ្យ​​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ត្រូវជា​ប្អូនបង្កើត ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​នោះ​នៅ​មាន​អាយុ​ជិ​វិត​នៅឡើយ​ទេ ប៉ុន្តែ​ចំពោះ​ពាក់​ព័​ន្ឋ​ចំណាត់ការ ឬ​សំណង​យ៉ាងណា​នោះ​ សមត្ថកិច្ច​នៅ​ពុំ​ផ្តល់​ព័ត៌មាន​នៅឡើយ​ទេ ។ ក្នុង​នាម​សាច់ញ្ញាត្តិ មិត្តភក្តិ​នៃ​សព​ជន​រង​គ្រោះ​ សូម​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ជា​ពិសេស​ប្រ​ព័​ន្ឋ​តុលាការ សូម​មេត្តា​ដោះស្រាយ​តាម​ប្រ​ព័​ន្ឋ​យុត្តិធម៌ មាន​តម្លាភាព​ចំពោះ​ជន​រង​គ្រោះ​ផង សូម​មេត្តា​វែកមុខ​ជន​បង្ក​យក​មក​កាត់ទោស​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ដាក់​ឱ្យ​​អនុវត្ត​នា​ថ្ងៃ​ទី​០១​មក​រា​២០១៦​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង ។

ឆ្លើយ​តប​ទៅ​នឹង​ចំណាត់ការ​យ៉ាងណា​នោះ លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គិត​មក​ដល់​ថ្ងៃនេះ​ពុំ​ទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ គឺ​មាន​តែ​តំណាង​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​មក​ធ្វើ​កំណត់​ហេតុ​ដកហូត​វត្ថុ​តាង​តែ​ប៉ុណ្ណោះ ឯ​ចំពោះ​ឈ្មោះ​ជន​បង្ក​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត ព្រោះ​រឿង​នេះ​មិន​អាច​ដោះស្រាយ​នៅ​ត្រឹម​សមត្ថកិច្ច​ចរាចរណ៍​បាន​នោះ​ទេ ។

ដោយឡែក​លោក ណុ​ប សា​រឿ​ន ប្រធាន​ផ្នែក​ដោះស្រាយ បាន​បង្ហើប​ផង​ដែរ​ថា ចំពោះ​ឈ្មោះ និង​ជន​បង្ក សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ស្លាក​លេខ​រថយន្ត ហើយ​ជំហាន​ដំបូង​ឈ្មោះ​ម្ចាស់​រថយន្ត​មាន​អាសយដ្ឋាន​រស់នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ត្រង់​ថា ជា​អ្នក​បង្ក ឬ​មិនមែន សមត្ថកិច្ច​នៅ​ពុំ​ទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា យុវ​សិស្ស​២​នាក់​បងប្អូន​ដែល​មានការ​អះអាង​ថា​ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់ ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ខណៈ​ត្រ​ឡប់​មក​ពី​ដង្ហែ​សព​គ្រួសារ​មិត្ត​ភ​កិ្ត​កាល​ពី​​វេលា​ម៉ោង​៩​ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១២​និង​២១៣ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

តាម​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ ថ្ងៃ​ទី​២២ ធ្នូ មាន​ករណី​គ្រោះថ្នាក់​ច​រា​ចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ដោយ​រថយន្ត​ម៉ាក​អេ​ស្កា​លែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២U-៦៩៦៩ បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​ បាន​បុក​នឹង​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ម៉ាក​ស្គូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវ​សិស្ស​ឈ្មោះ កុយ អេ​ង​លី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុងព្រះសីហនុ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ កុយ អេ​ង​លី​ន ជា​ប្អូនបង្កើត​ រង​បួស​ធ្ងន់​ បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។ អ្នក​ទាំង​ពីរ​ជា​សិស្ស​ថ្នាក់​ទី​១០​ នៃ​សាលា​ឯកជន​អន្តរទ្វីប ។ ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។

ប្រភព​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​គឺជា​សិស្ស​ពូកែ​ប្រចាំ​សាលា​អន្តរទ្វីប (​យុវ​សិស្ស​ដែល​ស្លាប់​ជា​ប្រធាន​ថ្នាក់​) សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន ឯ​ឪពុក​ម្តាយ​រស់នៅ​ឯ​ខេត្តកំពង់ចាម ។ ដោយឡែក​ម្ចាស់​រថយន្ត​បង្ក​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ថា ជា​ថៅកែ​ភោជនីយដ្ឋាន​មួយ​នៅ​ក្រុង​ព្រះ​សីហនុ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ក្បែរ​សាលាខេត្ត​ព្រះ​សីហ​នុ ។ ទោះបីជា​បែប​ណា​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ៕