ផ្ទុះ​ជម្លោះ ក្នុង​សង្វៀន​ជល់​មាន់ ជ្រោក​ក្រោម​ស្លាក “​កាស៊ីណូ ឡាក់​គី​” ប៉េអឹម​ក្រុង​ប៉ោយប៉ែត វាយខ្នោះ​បុរស​ម្នាក់

ខេត្តបន្ទាយមានជ័យ: បុរស​ម្នាក់ ត្រូវបាន​ប៉េអឹម​ក្រុង​ប៉ោយប៉ែត វាយខ្នោះ​ក្នុង​សង្វៀន​ជល់​មាន់ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ "​ឡាក់​គី​" ស្ថិតនៅ​ខាងកើត​រង្វង់​មូល ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​យាន​ជ័យ កាលពី​វេលា​ម៉ោង ជាង ៤​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​។

​សាក្សី​កន្លែងកើតហេតុ បាន​និយាយ​ប្រាប់ថា ពួកគាត់​បានឃើញ​ផ្ទាល់​ភ្នែក កម្លាំង​សមត្ថកិច្ច​ប៉េអឹម យក​រថយន្ត​សា​រ៉ែ​ន ១​គ្រឿង ទៅ​ចត​ក្បែរ​ទ្វារ​ចេញ​ផ្នែក​ខាងក្រោយ នៃ​សង្វៀន​ជល់​មាន់​នោះ ហើយ​សមត្ថកិច្ច​បាន​ក្រៀក​បុរស​ម្នាក់​ចេញមក ជាប់​ខ្នោះដៃ រុញ​បញ្ចូល​ក្នុង​រថយន្ត យ៉ាង​ប្រញាប់ប្រញាល់​។​

​ចំណែក​ក្រុម​អ្នកញៀន​ល្បែង​មួយចំនួន ដែល​សង្ស័យ មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​សង្វៀន បាន​រារាំង​មិន​ឲ្យ​ថតរូប​ភាព ដោយ​ខ្លះ​ចាប់​កាបូប​អ្នកកាសែត ខ្លះ​ដើរ​ពាំង​ពីមុខ រហូតដល់​សមត្ថកិច្ច ដឹក​បុរស​នោះ ចេញទៅ​បាត់ ទើប​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ ឈប់​រារាំង​អ្នកយកព័ត៌មាន​។​

​បុគ្គល​ម្នាក់ ដែល​មករា​រាំង មិន​ឲ្យ​យក​ព័ត៌មាន ប្រាប់ថា កម្លាំង​សមត្ថកិច្ច ចូលទៅ​ឃាត់ខ្លួន​មនុស្ស​ម្នាក់​នោះ ដោយសារតែ​បុរស​នោះ ស្រវឹងស្រា មិនមែន​ករណី​ផ្សេង​ឡើយ​។​

​បុរស​ដែល​ត្រូវ​ប៉េអឹម ចាប់ខ្លួន​នោះ ឈ្មោះ ស៊ូ ម៉ា​រិ​ន អាយុ ៣៧​ឆ្នាំ រស់​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយប៉ែត​-​ក្រុង​ប៉ោយប៉ែត​។ បុរស​នោះ  បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជម្លោះ ដែល​កើតឡើង កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ បណ្តាលមកពី​ជម្លោះ​ក្នុង​ល្បែងស៊ីសង គឺ​រឿង​កាច់​លុយ ចាក់​ល្បែង​លើ​កំរាល​។​
              
​ចំណែក​លោក ជា​ដា មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា ការចាប់​ឃាត់ខ្លួន​បុរស​ម្នាក់នេះ ដោយសារតែ​កាស៊ីណូ ប្តឹង​មក​ប៉េអឹម​។ ក្រោយពី​ឃាត់ខ្លួន ប៉េអឹម បាន​ដោះលែង​ទៅវិញ​ហើយ ព្រោះ​ភាគី​ម្ខាង​ទៀត ចង់​បញ្ចប់រឿង កុំ​ឲ្យ​វែងឆ្ងាយ​។​

​គួរ​បញ្ជាក់ថា សង្វៀន​បញ្ជល់មាន់ ជ្រោក​ក្រោម​ស្លាក "​កាស៊ីណូ ឡាក់​គី​" ខាងលើនេះ បច្ចុប្បន្ន ចំនួន​អ្នកញៀន​ល្បែង កើតមាន​កាន់តែ​ច្រើនឡើងៗ ខ្មែរ​ចូល​លេង ដូច​ហែរ​កឋិន បើទោះជា​មួយរយៈ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល ព្រួយបារម្ភ​អំពី​អំពើរ​ចោរកម្ម លួច ឆក់ ប្លន់ ដែល​អាច​កើតចេញពី​ល្បែងស៊ីសង ចាក់​ភ្នាល់ ក៏ដោយ​៕​