សំនុំរឿង​០០២ វគ្គ​១ នឹងត្រូវ​បន្ត​សវនាការ​ជាថ្មី រយៈពេល ៣ ចាប់ពី​ថ្ងៃទី​១៦​កុម្ភៈ​

ភ្នំពេញ: ​សំណុំរឿង​០០២ វគ្គ​១ ដែលមាន​ជនជាប់ចោទ​នួន​ជា និង​ខៀវ​សំផន នឹងត្រូវ​បន្ត​សវនាការ​ជាថ្មី​ឡើងវិញ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ការផ្អាក​សវនាការ​លើ​បណ្តឹងសាទុក្ខ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ដោយសារតែ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​នួន​ជា មិន​ចូលរួម​សវនាការ​។ ប៉ុន្តែ​ក្នុង​ដីកា​ថ្មី ចេញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​សាលាក្តី​ខ្មែរក្រហម ក៏បាន​ប្រកាស​ពី​ការតែងតាំង​មេធាវី​ត្រៀម​បម្រុង​១​រូប សម្រាប់​លោក​នួន​ជា ផងដែរ​។​

​លោក​ចៅក្រម គង់ ស្រ៊ី​ម ប្រធាន​អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​សាលាក្តី​ខ្មែរក្រហម បានចេញ​ដីកា​កំណត់​កាលបរិច្ឆេទ​បន្ត​សវនាការ​លើ​បណ្តឹង​សាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ក្នុងនោះ តុលាការ ក៏បាន​កំណត់​យក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ជា​ថ្ងៃ​បម្រុង សម្រាប់​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ផងដែរ​។​

​ក្នុង​ដីកា​ចុះ​ថ្ងៃទី​២៣ ខែធ្នូ​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល ដែលមាន​ចៅក្រម ៧ រូប ក៏បាន​សម្រេច​តែងតាំង​សហ​មេធាវី​ត្រៀម​បម្រុង​មួយរូប សម្រាប់​លោក​នួន​ជា គឺ​លោក​មេធាវី ផាត់ ពៅ​ស៊ា​ង ដើម្បី​ចូលរួម​សវនាការ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១ ដែលមាន​ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន​។ ក៏ប៉ុន្តែ​សវនាការ​កាលណោះ បាន​ផ្អាក​ទៅវិញ ដោយសារតែ​កង្វះ​ការការពារ​ក្តី​ស្របតាម​ច្បាប់ សម្រាប់ លោក​នួន​ជា ដែល​បណ្តាលមកពី​សហ​មេធាវី​ការពារ​ក្តី​អន្តរជាតិ ពុំបាន​ចូលរួម​សវនាការ​លើ​បណ្តឹងសាទុក្ខ ហើយ​សហ​មេធាវី​ជាតិ​របស់លោក​នួន​ជា ក៏បាន​ចាក​ចេញពី​បន្ទប់​សវនាការ​។​

​សូម​រម្លឹកថា ជនជាប់ចោទ  នួន​ជា និង​ខៀវ​សំផន ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានចេញ​សាលក្រម ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​មួយជីវិត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។ អង្គជំនុំជម្រះ​សាលាដំបូង បាន​រកឃើញថា ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​

​សព្វថ្ងៃនេះ ជនជាប់ចោទ​ចាស់ជរា​ទាំង​ពីររូប កំពុង​ប្រឈម​នឹង​ការកាត់ទោស ក្នុង​សំណុំរឿង​០០២ វគ្គ​២ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្នុងសម័យ​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩៕