ថៅកែ​រោងចក្រ ព្រមាន​កាត់បន្ថយ​កម្មក​រ និង​បិទ​រោងចក្រ ខណៈដែល ILO អំពាវនាវ​ឲ្យ​មានការ​ជួបចរចា​ជាបន្ទាន់

ភ្នំពេញ: ​លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ​នេះ​ថា ថៅកែ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង នៅ​ទីក្រុង​បាវិត បានទាមទារ​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​ឫសគល់ និង​អ្នក​នៅ​ពីក្រោយ​អំពើហិង្សា ក្នុងអំឡុងពេល​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

​លោក​ប្រធាន​មន្ទីរ ហាស់ ប៊ុន​ធី បាន​ព្រមាន​ថា ថៅកែ​រោងចក្រ ក៏បាន​ព្រម​ថា នឹង​កាត់បន្ថយ​កម្មករ ហើយ​អាច​នឹង​បិទទ្វារ​រោងចក្រ​ថែម​ទៀតផង បើសិនជា​ការបញ្ជាទិញ ធ្លាក់ចុះ ឬក៏​មិនមាន​ការបញ្ជាទិញ ដោយសារតែ​ការតវ៉ា ឈានដល់​អំពើហិង្សា​ដូច្នេះ​។​

​ការព្រមាន​របស់​ថៅកែ​រោងចក្រ នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​អាជ្ញាធរ​សមត្ថកិច្ច ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO បានចេញ​សេចក្តីប្រកាស នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំៗ​០១៥ ដោយ​អំពាវនាវ​ឲ្យ​មានការ​ជួបចរចា​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​ចំណែក​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​បានប្រកាស​ពី​ជំហរ​រឹងមាំ​របស់​និយោជក​ថៅកែ​រោងចក្រ ដោយ​ទាមទារ​ឲ្យ​អនុវត្ត​តាមច្បាប់​ការងារ ចំពោះ​កម្មករ ដែល​បាន​កូដកម្ម ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ​។ GMAC ក៏បាន​ប្រកាស មិន​គាំទ្រ​ឲ្យ​មានការ​ដោះលែង​កម្មករ ៤ នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ ក្នុងអំឡុងពេល​កូដកម្ម​នោះឡើយ​៕​