អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់

អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់

អាជ្ញាធរ​ជាតិ​អប្សរា បាន​រាយការណ៍​ឲ្យ​ដឹងថា អង្គភាព​របស់ខ្លួន​កំពុង​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់។

 

វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទឹក​នៅ​ស្រះស្រង់​ជួបប្រទះ​នូវ​បញ្ហា​រីងស្ងួត​ស្ទើរ​ទាំងស្រុង​កាលពី​ខែប្រាំង​ឆ្នាំនេះ។

 

ស្រះស្រង់​មាន​បណ្ដោយ ៧៨០ ម៉ែត្រ និង ទទឹង ៣៨០ ម៉ែត្រ ត្រូវ​បាន​ដូនតា​ខ្មែរ​ជីក​ឡើង​នៅ​ចុង​សតវត្ស ១២ និង ដើម​សតវត្ស​ទី ១៣ ដោយ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះទេ។ ស្រះ​នេះ​ពឹង​លើទឹក​ភ្លៀង និង ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត។ នេះ​បើ​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​អង្គារ។

 

 

អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់

 

គេ​ធ្លាប់​ឃើញ​តែ​ភាព​ស្រស់ស្អាត​នៃ​ស្រះស្រង់​ដោយសារ​មាន​ទឹក​គ្រប់​រដូវ​កាល រហូត​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជា​ហូរហែ​មិនដែល​ដាច់។ ក៏ប៉ុន្តែ​កាលពី​រដូវប្រាំង​ឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់​បាន​ជួបប្រទះ​នូវ​បញ្ហា​រីងស្ងួត​ស្ទើរ​ទាំងស្រុង។ ប្រភព​ផ្តល់​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បញ្ហា អាកាសធាតុ​ប្រែប្រួល​បានធ្វើ​ឲ្យ​ទឹកភ្លៀង មាន​បរិមាណ​តិច​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន ការបារម្ភ​ថា ស្រះស្រង់​អាច​នឹង​ប្រឈម​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទៀត។ បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀម​រួចរាល់​សម្រាប់​ជួយសង្គ្រោះ​ស្រះស្រង់​ដោយ​ក្នុង នោះ ធ្វើការ​ស្តារ​ប្រឡាយ​ដែលមាន​ប្រវែង៧គីឡូម៉ែត្រ ដើម្បី​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ក្នុង​ស្រះស្រង់។

 

លោក ភឿន សុ​ឃីម អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ឲ្យ​ដឹងថា នាយកដ្ឋាន​របស់​លោក​បាន​ត្រៀម​ប្រឡាយ​នេះ​រួចរាល់​ហើយ ក៏ប៉ុន្តែ​បញ្ហា​ទឹក​ដែល​ត្រូវ​បង្ហូរ​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ស្រះស្រង់​ត្រូវការ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល ប្រើប្រាស់​ទឹក​នេះ។ លោក​ថ្លែងថា «ដោយសារ​ទឹក​នៅ​ទំនប់​តា​នៀវ ត្រូវ​ប្រើប្រាស់​សម្រាប់​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង ដូច្នេះ​ទឹក​ដែល​សេសសល់​ពី​នោះ​ទើប​អាច​បង្ហូរ​ចូល​ស្រះស្រង់​បាន។ នេះ​ក៏​ជាការ​ព្រួយបារម្ភ ថ្មី​មួយទៀត​ព្រោះថា បើ​ស្រែប្រាំង​របស់​ពលរដ្ឋ​មាន​ចំនួន​ច្រើន​ហើយ​ត្រូវការ​ទឹក ច្រើន មិនមាន​ទឹក​សេសសល់​នោះ ស្រះស្រង់​ក៏​ពុំមាន​ប្រភព​ដទៃ​ដើម្បី​បង្ហូរ​ចូល​ដែរ»។ ទោះជា​យ៉ាងណា លោក សុ​ឃីម សម្តែង​សុទិដ្ឋិនិយម​ថា បើ​រដូវប្រាំង​ឆ្នាំនេះ​មិន​អូសបន្លាយ​យូរ​ដូច​ឆ្នាំមុន​ទេ បរិមាណ ទឹកស្រះ​ស្រង់​បច្ចុប្បន្ន គួបផ្សំ​នឹង​ទឹក​ដែល សង្ឃឹមថា អាច​បង្ហូរ​ចូល​ពី​ទំនប់​តា​នៀវ​ខ្លះ​បន្ថែមទៀត នឹងមិន​ធ្វើ​ឲ្យ​ស្រះស្រង់​ជួប​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទេ។

 

ស្រះស្រង់​មាន​ទីតាំងនៅ​ខាងកើត​ប្រាសាទបន្ទាយក្តី ខាងត្បូង​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាងកើត។ តាម​អ្នក​បុរាណវិទ្យា​យល់ថា ស្រះ​នេះ​ជីក​ឡើង​មិន​មែនមាន​នាទី​ស្រោចស្រព​កសិកម្ម ឬ​ជាទី​សក្ការៈ ដូចជា​កសិណ​អង្គរ ឬ​បារាយណ៍​ជាដើម នោះទេ។ ស្រះ​នេះ​សាង​ឡើង​សម្រាប់​ការកម្សាន្ត​របស់​ព្រះមហាក្សត្រ​នា​សម័យបុរាណ និង​មានកូន​ប្រាសាទ​មួយ​នៅ​ចំ កណ្តាល​ជាទី​ដែល​ព្រះអង្គ​ទ្រង់​យាង​តាម​ទូក​ទៅ​ស្តាប់​តន្ត្រីផ្សេង។ បច្ចុប្បន្ន​គេ​អាច​មើលឃើញ​កូន​ប្រាសាទ​នេះ​នៅ​រដូវប្រាំង ពេលដែល​មានទឹក​រាក់៕

 

អត្ថបទ៖ លោក មណីរ័ត្ន

ប្រភព៖ KhmerDaily