បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​រិះគន់​លោក ហ៊ុន សែន ដែល​ថា​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា សព្វថ្ងៃ គឺ​មាន​សន្តិភាព​ពេញលេញ ដែល​ផ្ទុយ​ពី​មនុស្ស​មួយ​ក្រុម​ចាត់​ទុក​ថា កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ។ ការ​ដៀមដាម​ជា​ថ្មី​ទៀត​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​របស់ លោក ហ៊ុន សែន តែ​គេ​ដឹង​ជាទូទៅ​ហើយ​ថា ទំនង​ជា​លោក​នាយក​រដ្ឋមន្ត្រី​ចង់​ថា​ឲ្យ​គណបក្ស​ជំទាស់ និង​អ្នក​វិភាគ​នយោបាយ។ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​សង្គម នៅ​តែ​មើល​ឃើញ​ថា កម្ពុជា គឺ​ពុំ​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នេះ ប្រហែល​ជា​ចង់​សំដៅ​ទៅ​ដល់​ប្រទេស​ពុំ​មាន​សង្គ្រាម​ហើយ​មើល​ទៅ ក៏ប៉ុន្តែ​តាម​ពិត គឺ​កម្ពុជា កំពុង​មាន​បញ្ហា​ដ៏​ចាក់ស្រេះ ហើយ​ពលរដ្ឋ​ត្រូវ​រស់នៅ​ក្រោម​បន្ទាត់​នៃ​សិទ្ធិ​សេរីភាព​មាន​ការ​កំណត់​នៅ​ឡើយ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ទទួល​ស្គាល់​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា កំពុង​មាន​សន្តិភាព​នោះ ប្រហែល​ជា​ត្រូវ​ខ្លះ ក៏ប៉ុន្តែ​លោក​អះអាង​ថា បើ​ពិនិត្យ​ឲ្យ​ដិតដល់ គឺ​កម្ពុជា ពុំ​មាន​សន្តិភាព​បរិបូរណ៍​ដូច​ការ​មើល​ឃើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ លោក កែម ឡី បន្ត​ថា ប្រជាពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌​ត្រូវ​បាន​រើសអើង បញ្ហា​អសន្តិសុខ ការ​រឹប​អូស​ដីធ្លី និង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ការ​គំរាម​កំហែង ជាដើម។ ជាង​នេះ​ទៀត លោក កែម ឡី ចំអក​ឲ្យ លោក ហ៊ុន សែន ថា អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​រស់នៅ​ក្នុង​ភាព​សុខសាន្ត ហើយ​ពុំ​មាន​វិបត្តិ​នោះ ក៏​ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​រស់នៅ​អម​ដោយ​កង​ការពារ​រាប់​មិន​អស់​ហើយ​មើល​ទៅ៖ «»។

ការ​រិះគន់​របស់​អ្នក​វិភាគ​នយោបាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វារីអគ្គិសនី​តាតៃ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ។

លោក ហ៊ុន សែន មាន​សុទិដ្ឋិនិយម​ថា នៅ​ពេល​នេះ កម្ពុជា កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​នៃ​សន្តិភាព​ដ៏​ពេញលេញ។ លោក​នាយក​រដ្ឋមន្ត្រី បាន​ដៀមដាម​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ដល់​មនុស្ស​មួយ​ក្រុម ក៏ប៉ុន្តែ​ទំនង​ជា លោក ហ៊ុន សែន ចង់​ថា​ឲ្យ​គណបក្ស​ជំទាស់ និង​អ្នក​វិភាគ ដែល​ធ្លាប់​និយាយ​ថា កម្ពុជា កំពុង​មាន​វិបត្តិ​ផ្នែក​នយោបាយ។ លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​អ្នក​រិះគន់​ថា អ្នក​ដែល​សំអាង​ថា កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​នោះ គឺ​ជា​ទំនាស់​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។ ដោយឡែក​ប្រជាពលរដ្ឋ​កម្ពុជា វិញ គឺ​កំពុង​ទទួល​បាន​នូវ​សន្តិភាព​យ៉ាង​ពេញលេញ៖ «»។

ថ្វី​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ពី​ការ​កសាង​សន្តិភាព និង​ការ​វិវឌ្ឍន៍​នៃ​សិទ្ធិ​សេរីភាព​បាន​ប្រសើរ​ជាង​មុន ក៏​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច និង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទ្ធិ​របស់​ពួក​គេ​ដ៏​លំបាក​នៅ​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ប្រឈម​ទាំង​នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច សិទ្ធិ​ចូលរួម​បាតុកម្ម​ដោយ​សន្តិវិធី និង​យុត្តិធម៌​សង្គម នៅ​តែ​អនុវត្ត​ក្នុង​កម្រិត​ស្តង់ដារ​ពីរ គឺ​អ្នក​មាន​លុយ​អាច​ឈ្នះ​ក្ដី​នៅ​តុលាការ ចំណែក​អ្នក​ក្រ​វិញ​ក្លាយ​ជា​ជន​រងគ្រោះ។

អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម ៥០​ភាគរយ បាន​ន័យ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​រួម​តូច​នៅ​ឡើយ។

ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ចាត់​ទុក​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ថា​ជា​រឿង​ត្រឹមត្រូវ​មួយ​ផ្នែក ក៏ប៉ុន្តែ​អ្វី​ដែល​នៅ​តែ​ជា​ការ​ប្រឈម​នៅ​ឡើយ​នោះ គឺ​ថា​ការ​ចាស់​ទុំ​ផ្នែក​នយោបាយ ដែល​កម្ពុជា នៅ​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ និង​លំបាក​ដូច​មុន​ដដែល៖ «»។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ក៏ដោយ​ចុះ ហើយ​ការ​ដែល​មនុស្ស​មួយ​ក្រុម​និយាយ​ថា កម្ពុជា មាន​វិបត្តិ​នោះ គឺ​លោក ហ៊ុន សែន ចាត់​ទុក​ថា វា​ជា​ទំនាស់​បុគ្គល​ប៉ុណ្ណោះ និង​ពុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ។ សម្រាប់​អ្នក​វិភាគ​វិញ​មើល​ឃើញ​ថា វា​មិន​ដូច្នេះ​ឡើយ។ មាន​សំណុំ​រឿង​ជាច្រើន​ដែល​កំពុង​ប្រឈម​តាម​ផ្លូវ​នយោបាយ​នៅ​ពេល​នេះ ដែល​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​វិបត្តិ​នោះ គឺ​មន្ត្រី​ក្នុង​បក្ស​ជំទាស់ និង​សកម្មជន កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​មួយ​ចំនួន​ទៀត ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

កាល​ពី​ចុង​ខែ​តុលា បាតុកម្ម​បាន​ផ្ទុះ​ឡើង ដែល​បាតុកម្ម​នៅ​ពេល​នោះ​ទាមទារ​ដក លោក កឹម សុខា ចេញ​ពី​កៅអី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ តំណាង​រាស្ត្រ ២​រូប ត្រូវ​បាន​បាតុករ​វាយ​ធ្វើ​បាប​នៅ​មុខ​វិមាន​រដ្ឋសភា ហើយ​ចុង​ក្រោយ គឺ​លោក សម រង្ស៊ី ត្រូវ​បាន​សភា​បញ្ចប់​ងារ​ជា​តំណាង​រាស្ត្រ​ថែម​ទៀត​ផង។ អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា ទាំង​នេះ គឺ​ជា​វិបត្តិ​រហូត​បង្ក​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​សកម្មភាព និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិបទ​នយោបាយ​នៅ​កម្ពុជា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។