សាលាដំបូង​រាជធានី​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន International Green Energy

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជួន សុរា​សី កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ បាន​សម្រេច​ច្រានចោល​លើ​បណ្ដឹង​សុំ​​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ Gregg Thomas Fryett អាយុ​៤៨​ឆ្នាំ ជនជាតិ​អង់គ្លេស ដែល​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន International Green Energy ដោយ​សម្រេច​បន្ត​ឃុំខ្លួន ដើម្បី​រង់ចាំ​បើក​សវនាការ​លើ​អង្គសេចក្តី​ក្នុង​ពេល​ខាង​មុខ ។

គួរ​បញ្ជាក់​ថា ឈ្មោះ Gregg Thomas Fryett បាន​ជាប់​ពន្ធនាគារ​ព្រៃ​ស​តាំងពី​ឆ្នាំ​២០១២ សរុប​ទៅ​ជាង​២​ឆ្នាំ​ហើយ ដោយ​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ បទ​សូកប៉ាន់​អ្នកមាន​នីតិសម្បទា​ដើម្បី​ធ្វើ​លិខិតបញ្ជាក់​មិន​ពិត បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បទ​ក្លែង​លិខិតឯកជន និង​ប្រើប្រាស់​លិខិត​ក្លែង បទ​កាប់​រាន​ព្រៃ ឈូស​ឆាយដី​ព្រៃ និង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ ព្រមទាំង​បទ​សមគំនិត និង​ផ្ដើមគំនិត​អំពើ​ឆបោក ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមានជ័យ ។

ការ​ចាប់ខ្លួន​ជនជាតិ​អង់គ្លេស​រូប​នោះ​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ក្នុង​សំណុំរឿង​នេះ​ក៏​មាន​ជន​ត្រូវ​ចោទ​សញ្ជាតិ​ខ្មែរ​៤​នាក់​ផង​ដែរ​ជាប់​ឃុំ និង​២​នាក់​ទៀត​កំពុង​គេ​ខ្លួន មាន​ម្នាក់​ជា​មេធាវី ។

សំណុំរឿង​ចម្រូងចម្រាស់​នេះ សាលាដំបូង​រាជធានី​បាន​លើក​មក​បើក​សវនាការ​លើ​អង្គសេចក្តី​ចំនួន​៦​លើក​មក​ហើយ តែ​នៅ​មិន​ទាន់​ចប់​ក្នុង​ការ​សាកសួរ​ដេញដោល​លើ​សាក្សី ដូច្នេះ​សាលាដំបូង​នៅ​មិន​ទាន់​សម្រេច​ប្រកាស​សាលក្រម​នៅឡើយ​ទេ ។

ចន្លោះ​ពេល​មិន​ទាន់​ប្រកាស​សាលក្រម​នេះ ជន​ត្រូវ​ចោទ​ជនជាតិ​អង់​គ្ល​សរូប​នេះ​បាន​ផ្លាស់​ប្តូរ​មេធាវី​ការពារ​ក្តី ខណៈ​មាន​មេធាវី​ក្រោយ​នេះ ជន​ត្រូវ​ចោទ និង​មេធាវី បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ថ្មី​១​ទៀត​សុំ​នៅ​ក្រៅ​ឃុំ បានជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​នេះ សាលាដំបូង​លើកយក​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​មក​បើក​សវនាការ ហើយ​បាន​សម្រេច​បដិសេធ​បណ្ដឹង​នោះ និង​នៅ​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដដែល ។

ចៅក្រម​សាលាដំបូង​សម្រេច​ដូច្នេះ យោង​លើ​ជន​ត្រូវ​ចោទ​គ្មាន​អ្វី​ជា​សំអាង​ឱ្យ​តុលាការ​ជឿ​ទុកចិត្ត​បាន ម្យ៉ាងវិញទៀត​អាសយដ្ឋាន​មិន​ច្បាស់លាស់ ទីលំនៅ​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ឯណោះ​ទេ នេះ​តាម​ការ​បញ្ជាក់​ក្នុង​អង្គ​សវនាការ ៕