ស៊ីម​បា​វ៉េ​ត្រៀម​ប្រើ​លុយ យ័ន​របស់​ចិន ក្រោយ​ចិន​លុប​បំណុល​ជាង​៤០​លាន​ដុល្លារ​

​ស៊ីម​បា​វ៉េ​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ប្រាក់​យ័ន (Yaun) របស់​ចិន​ក្នុងការ​ដោះដូរ​ទំនិញ​ក្នុងប្រទេស​ចិន ជា​ថ្នូរ​នឹង​ការលុបចោល​បំណុល​របស់​ចិន ៤០​លាន​ដុល្លារ​។ ការសម្រេចចិត្ត​នេះ​កើតឡើង ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​ស៊ីម​បា​វ៉េ​កាន់តែ​ស្អិតល្មួត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស៊ីម​បា​វ៉េ​លោក Patrick Chinamasa បានប្រកាស​ពី​គម្រោង​ប្រើប្រាស់​លុយ​យ័ន​របស់​ចិន​នៅក្នុង​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​ការប្រើប្រាស់​លុយ​យ័ន​នឹង​ដើរតួ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​ស៊ីម​បា​វ៉េ ។ ជា​ថ្នូរ​មកវិញ ចិន​នឹង​លុបចោល​បំណុល​៤០​លាន​ដុល្លារ​ដែល​ស៊ីម​បា​វ៉េ​ជំពាក់​ហើយ​ត្រូវ​សង​នៅ​ឆ្នាំនេះ ។

​លោក Chinamasa ក៏បាន​បញ្ជាក់ដែរថា ស៊ីម​បា​វ៉េ​ក៏​នឹង​ជំរុញ​ការប្រើប្រាស់​លុយ​យ័ន​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ដែល​នេះ​ជាការ​ប្រើប្រាស់​លុយ​បរទេស​បន្ថែមទៀត​។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក ពោលគឺ​ចាប់តាំងពី​អត្រា​អតិផរណា​កើន​ហួសកំណត់​និង​រហ័ស​ពេក ស៊ីម​បា​វ៉េ​សម្រេច​បោះបងចោល​រូបី​យ​វត្ថុ​របស់ខ្លួន  ហើយ​ត្រលប់​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ក្នុងនោះ​មាន​ទាំង​លុយ​ដុល្លារ​អាមេរិក​និង​លុយ Rand របស់​អាហ្វ្រិក​ខាងត្បូង​ជាដើម ។ នេះ​ក៏​ដោយសារតែ​លុយ​ដុល្លារ​ស៊ីម​បា​វ៉េ បាន​ធ្លាក់​តម្លៃ​យ៉ាងខ្លាំងបំផុត​មិន​ធ្លាប់មាន​។  លុយ​ចំនួន​៣៥​ពាន់​លាន​លាន​ដុល្លារ​ស៊ីម​បា​វ៉េ​ត្រឹមតែ​ស្មើ ១​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​លោក Chinamasa បាន​បញ្ជាក់ដែរថា ធនាគារកណ្ដាល​របស់​ស៊ីម​បា​វ៉េ កំពុងតែ​ចរចា​ជាមួយ​ភាគី​ចិន​លើ​ករណីនេះ ។ ហើយ​ទាក់ទង​បញ្ហា​បំណុល​វិញ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បន្ថែមថា​៖« ពួកគេ (​ចិន​) បាន​យល់ព្រម​លុបចោល​បំណុល​ដែល​យើង​ជំពាក់ ហើយ​យើង​កំពុងតែ​គណនា​ពី​ចំនួន​បំណុល​នេះ​»​។

​ការសម្រេច​លុប​បំណុល​នេះ​បញ្ជាក់ថា ទំនាក់ទំនង រវាង​មហា​យក្ស​ចិន​និង​ប្រទេស​អាហ្វ្រិក​មួយ​នេះ​កាន់តែ​ជិតស្និទ្ធ​ខ្លាំង​។ កាលពីដើម​ខែធ្នូ​នេះ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានមក​ទស្សនកិច្ច​ទីក្រុង​ហា​រា​រ៉េ ហើយ​កិច្ចព្រមព្រៀង​ចំនួន​១០​ត្រូវបាន​ភាគី​ទាំងពីរ​ចុះហត្ថលេខា​ផងដែរ ។ ទំនាក់ទំនង​ទ្វេភាគី​នេះ​កាន់តែ​ប្រសើរ​បន្ថែមទៀត ក្រោយ​ពេលដែល​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ ទទួលបាន​ពាន់រង្វាន់​សន្តិភាព​ពី​ស្ថាប័ន​មួយ​របស់​ចិន ។ 

​កន្លងមក ចិន​មិនដែល​ខ្វល់ខ្វាយ​ពី​ការរិះគន់​របស់​សហគម​ន៍​អន្តរជាតិ​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ស៊ីម​បា​វ៉េ​ក្រោម​ការគ្រប់គ្រង​របស់លោក មូ​ហ្កា​បេ នោះទេ ។ តែ​ចិន​មាន​ប្រឹង​រឹតបន្តឹង​ចំណងមិត្តភាព​នេះ​ឲ្យ​កាន់​រឹងមាំ​ថែមទៀត ។ ជាក់ស្ដែង​នោះ គ្រាន់តែ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ស៊ីម​បា​វ៉េ​បានទទួល​កម្ចី​ការប្រាក់​ទាប​ពី​ចិន​ចំនួន​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅហើយ ។ នេះ​មិនទាន់​គិតដល់​ជំនួយ​ផ្សេងៗ​ទៀត​ដែល​ចិន​ផ្តល់​ឲ្យ​ក្នុងពេល​កន្លងមក​ឡើយ​៕