កីឡាករ​ម្នាក់​នេះបញ្ចេញ​ក្បាច់​«ផ្កាប់​ចាន» នៃ​សន្ទុះ​ជើង​ឥត​មេត្តា

ក្រុមបាល់ទាត់អ៊ីតាលី «Inter Milan» ដែលមានពិន្ទុខ្ពស់ជាងគេ នៅក្នុងការប្រកួតជើងឯងបូកពិន្ទុ នៅ​ក្នុង​ក្របខណ្ឌ «Serie A» ទំនងជាមិនសប្បាយចិត្ត និងបរាជ័យរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ជាមួយនឹងក្រុម «Lazio» នោះ​ទេ ទើប​កីឡាករ​ម្នាក់ របស់ក្រុមនេះ បានទប់សន្ធឹកជើង មហាកម្លាំងរបស់ខ្លួនលែងបាន ដោយបាន​បញ្ចេញ​ក្បាច់ «ផ្កាប់​ចាន» មួយ​ដ៏​ខ្លាំង​ក្លា បណ្ដាលឲ្យ​គូ​ប្រកួត​ដួល និងរងរបួសជាដំណំ។
កីឡាករ «Felipe Melo» បានប្រើជើងលើកឡើង នៅកំពស់ស្មើនឹងមុខរបស់កីឡាករ «Lucas Biglia» ដើម្បីទាត់បាល់។

ជាធម្មតា នៅក្នុងច្បាប់បាល់ទាត់ គេមិនឲ្យប្រើសន្ធឹកជើង នៅក្នុងក្បាច់គុន ឬក្បាច់«ការ៉ាតេ»​ ដើម្បីមកទាត់​បាល់​មូលតូចមួយ ដូច្នេះឡើយ។ តែកីឡាករ «Felipe Melo» របស់ក្រុម «Inter Milan» ដែលបាន​ប្រកួត​ចាញ់ ទល់នឹងក្រុម «Lazio» ក្នុងការប្រកួតបូកពិន្ទុ រើសយកជើងឯក «Serie A» ទំនងជាបានភ្លេចគិត ពីច្បាប់​បាល់​ទាត់ ហើយខំពឺតយកតែមួយឈ្នះ។

កីឡាករ «Felipe Melo» ដែលមានដើមកំណើត ពីប្រទេសប្រស៊ីល បានដណ្ដើមបាល់ ដែលកំពុងលោតខ្ពស់ ជាមួយនឹងគូប្រកួតខ្លួន ដោយបានប្រើជើងលើកឡើង នៅកំពស់ស្មើនឹងមុខរបស់កីឡាករ «Lucas Biglia»។ សំណាង​ល្អ ដែលសន្ធឹកជើងដ៏ខ្ពស់នេះ បានយារទៅប៉ះ ត្រឹមស្មាររបស់កីឡាករគូប្រកួត ដែលមាន​ដើម​កំណើត ពីប្រទេសអាហ្សង់ទីន តែក៏បានបង្កឲ្យកីឡាករដួលចុះ នៅលើដីមួយសន្ទុះ។

ជាលទ្ធផល ទល់នឹងការប្រើក្បាច់ផ្កាប់ចាននេះ កីឡាករជាតិប្រេស៊ីល ដែលកំពុងទាត់ឲ្យក្រុម «Inter Milan» ត្រូវបានអាជ្ញាកណ្ដាលជូនកាតក្រហមមួយ ដើម្បីបណ្ដេញចេញពីការប្រកួត។ កាតក្រហម ដែលមាន​សុពលភាព ក្នុងការហាមឃាត់កីឡាកររូបនេះ មិនឲ្យចូលរួម សម្រាប់ការប្រកួត​លើកក្រោយម្ដងទៀត នៅ​ក្នុង​ក្រប​ខណ្ឌ «Serie A» ដូចគ្នា។

ប៉ុន្តែបើគេពិនិត្យមើល ទៅលើសន្ធឹកជើងរបស់កីឡាករ «Felipe Melo» វាធ្វើឲ្យគេនឹកឃើញឡើងវិញ ពី​សន្ធឹក​ជើង របស់កីឡាករប្រដាល់ «Andy Hug» ជាតិស្វីស ដែលតែងប្រកួតឈ្នះ នៅក្នុងទសវត្សន៍ឆ្នាំ៩០ ដោយ​សារ​ការ​ប្រើក្បាច់ លើកជើងទាត់ផ្កាប់ចានដូច្នេះ។ សូមទស្សនា នូវរូបភាពអតីតកាល​របស់កីឡាករ​ប្រដាល់​នេះ ដូចតទៅ៖