ក្រុម​អ្នក​បើក​ឡាន​ដឹក​ដី​និង​ខ្សាច់​បិទ​ផ្លូវ​តវ៉ា​នឹង​អាជ្ញាធរ​ភ្នំពេញ​ដែល​តម្រូវ​ឲ្យ​ប្ដូរ​ចង្កូត​ស្ដាំ

ក្រុម​អ្នក​បើក​ឡាន​ដឹក​ដី​ដឹក​ខ្សាច់​ចង្កូត​ស្ដាំ ព្រម​ផ្អាក​ការ​តវ៉ា ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​សម្រេច និង​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ គឺ​សាលា​រាជធានី​ភ្នំពេញ សុំ​រយៈពេល ១៥​ថ្ងៃ ដើម្បី​សម្រប​សម្រួល​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឲ្យ​ម្ចាស់​ឡាន​ដឹក​ដី​រក្សា​ឡាន​ចង្កូត​ស្ដាំ​របស់​ខ្លួន ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​ដដែល៖ «ឥឡូវ​នេះ យើង​បាន​ឯកភាព​គ្នា ស្រុះស្រួល​គ្នា​ថា បង​ប្អូន​នឹងន​ចិត្ត​ហើយ ហើយ​អ្វី​ដែល​សំខាន់ យើង​សម្រេច​ពីរ​គោលការណ៍។ ទី​មួយ សុំ​ឲ្យ​គាត់​បង់​ពន្ធ​ចាប់​ពី​ពេល​នេះ​ទៅ។ ស្អែក ទុក​ឲ្យ​សាលា​ក្រុង​រយៈពេល ១៥​ថ្ងៃ ដើម្បី​យើង​ស្នើសុំ​គោលការណ៍​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​ទុក​ចង្កូត​ស្ដាំ​ប្រើប្រាស់​បាន​សម្រាប់​ពួក​គាត់។ ក្នុង​រយៈពេល ១៥​ថ្ងៃ​នេះ នៅ​ពេល​ដែល​គាត់​បង់​ពន្ធ​ហើយ គាត់​មាន​មីញ៉ែត​បិទ​លើ​កញ្ចក់​ឡាន គឺ​សមត្ថកិច្ច​នឹង​មិន​ចាប់​គាត់​ទេ ហើយ​ក្រោយ​ពី​បាន​គោលការណ៍​រក្សា​ទុក​ចង្កូត​ស្ដាំ​ហើយ គឺ​យើង​នឹង​ធ្វើ​ផ្លាក​លេខ​ជូន​ពួក​គាត់​តែ​ម្ដង»

ក្រុម​អ្នក​បើក​ឡាន​ដឹក​ដី​ធុន​កង់​៦ ចង្កូត​ស្ដាំ ដែល​រក​ស៊ី​ដឹក​ខ្សាច់ ថ្ម និង​ដី បាន​យក​ឡាន​របស់​ខ្លួន​ប្រមាណ ១០០​គ្រឿង បិទ​ផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​លេខ​៣ នៅ​ថ្ងៃ​ទី​២៣ ធ្នូ តវ៉ា​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ចាប់​បង្ខំ​ពួក​គាត់​បង់​ពន្ធ និង​កែ​ចង្កូត​ឡាន​ពី​ស្ដាំ​ទៅ​ឆ្វេង ស្រប​តាម​ទិស​ចរាចរណ៍​កម្ពុជា។ ឡាន​ចង្កូត​ស្ដាំ​ភាគ​ច្រើន ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​ធ្វើ​ចរាចរ​ប្រកាន់​ឆ្វេង។ ក្រុម​អ្នក​តវ៉ា​សរសេរ​បដា​របស់​ខ្លួន​ថា ពួក​គាត់​សុខ​ចិត្ត​បង់​ពន្ធ ប៉ុន្តែ​មិន​កែ​ចង្កូត​ឡាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។