មេ​ដឹក​នាំ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​តែង​តាំង​ជា​ជំនួយការ

អ្នក​ដឹក​នាំ​ចលនា​បាតុកម្ម​ទម្លាក់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាល​ពី​ខែ​តុលា កន្លង​ទៅ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តាំង​ជា​ជំនួយការ​របស់​លោក។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​ការ​តែង​តាំង​នេះ​ទេ។

អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ លោក ហ៊ុន សែន កាល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ប្រកាស​តែង​តាំង លោក ប៉ាន់ខែម ប៊ុនថន ជា​ជំនួយការ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​រង។

អនុក្រឹត្យ​នេះ ក៏​បាន​បញ្ជា​ឲ្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​គ្រប់​ក្រសួង​ដែល​ពាក់ព័ន្ធ​ទាំងឡាយ ឲ្យ​ដឹង​ឮ​ការ​តែង​តាំង​នេះ។

ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ឃើញ​អនុក្រឹត្យ​តែង​តាំង​នេះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង។ គួរ​សួរ​ទៅ​ខាង​ខុទ្ទកាល័យ​សម្ដេច។ Check (ឆែក) មើល​ទៅ (លោក) អ៊ាង សុផល្លែត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក អ៊ាង សុផល្លែត ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ៣​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភា​ដក លោក កឹម សុខា ចេញ​ពី​កៅអី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ការ​ដែល​ជំនួយការ​នាយក​រដ្ឋមន្ត្រី​ទៅ​ធ្វើ​បាតុកម្ម​នេះ ជា​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ តែ​លោក​ថា ការ​ប្រើ​សិទ្ធិ​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​នេះ ជា​ទង្វើ​ខុស​ច្បាប់៖ «ក៏ប៉ុន្តែ អ្វីៗ​ដែល​ជា​កំហុស​ឆ្គង គឺ​បាតុកម្ម​បាន​ក្លាយ​ជា​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​ហ្នឹង​មាន​ភ័ស្ដុតាង​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​ធ្វើ​បាតុកម្ម។ នេះ​ជា​បញ្ហា ដែល​យើង​ធ្វើ​ម៉េច​ត្រូវ​តែ​ស៊ើប​អង្កេត ធ្វើ​ម៉េច​រក​មើល​ជន​ដៃ​ដល់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប»

តាម​រយៈ​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ លោក ប៉ាន់ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ បាន​បង្រៀន​ក្រុម​បាតុករ​ឲ្យ​និយាយ​ស្រែក​ទាមទារ​ទម្លាក់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សម្រាប់​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី វិញ លោក​មិន​ភ្ញាក់​ផ្អើល​នឹង​តួនាទី​ដែល លោក ប៉ាន់ខែម ប៊ុនថន បាន​ទទួល​ការ​តែង​តាំង​ជា​ជំនួយការ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា ដំណើរ​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ដែល​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​មាន​ភាព​យឺតយ៉ាវ៖ «ហ្នឹង​ហើយ​ដែល​សាធារណជន​សង្ស័យ​ថា ហេតុ​អ្វី​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​អំពើ​ហិង្សា​នៅ​ថ្ងៃ​ទី​២៦ តុលា។ យើង​ឃើញ​ថា មក​ដល់​ពេល​នេះ​ហើយ មិន​ទាន់​ទៅ​ណា​នោះ ដោយសារ​គេ​សង្ស័យ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​សំខាន់ៗ​ដែល​នៅ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល នៅ​ពី​ក្រោយ​ខ្នង​ការ​រៀបចំ​អំពើ​ហិង្សា​ហ្នឹង»

លោក ប៉ាន់ខែម ប៊ុនថន បាន​ដើរ​ដឹក​មុខ​ក្រុម​បាតុករ ដោយ​កាន់​បដា​សរសេរ​សារ​ទាមទារ​ឲ្យ​ដក លោក កឹម សុខា ពី​តំណែង។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង ដោយ​ក្រុម​បាតុករ​បាន​វាយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ បាន​បដិសេធ​ថា មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នេះ​ទេ ដោយ លោក ប៉ាន់ខែម ប៊ុនថន អះអាង​ថា ក្រុម​លោក​បាន​ចាក​ចេញ​ពី​ក្រុម​អ្នក​តវ៉ា​នៅ​មុន​ពេល​អំពើ​ហិង្សា​កើត​ឡើង។

ទោះ​បី​យ៉ាង​ណា រូបភាព និង​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​គេ​ជឿជាក់​ថា ជន​ដៃ​ដល់​ដែល​ប្រើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​សមាជិក​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ។

បី​ថ្ងៃ​ក្រោយ​បាតុកម្ម​នេះ សភា​បាន​បើក​ការ​ប្រជុំ​ដោយ​អវត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឯកភាព​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។

ព័ត៌មាន​នៃ​ការ​តែង​តាំង លោក ប៉ាន់ខែម ប៊ុនថន ជា​ជំនួយការ​របស់ លោក ហ៊ុន សែន នេះ កើត​ឡើង​ខណៈ​ដែល​ជន​ដៃ​ដល់​ជាច្រើន​ផ្សេង​ទៀត ដឹក​នាំ​ក្រុម​សម្ព័ន្ធ​យុវជន​សេនា​នាគ ដែល​បាន​ប្រព្រឹត្ត​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ ក្រៅ​តែ​ពី​ជន​ដៃ​ដល់ ៣​នាក់ ដែល​បាន​ចូល​សារភាព​កាល​ពី​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។