ផ្កាយ​៣​ប៉ូលិស​ម្នាក់​ជា​កូនប្រុស​ពៅ​អតីត​ប្រធាន​បក្ស​កាន់​អំណាច​ ត្រូវ​បាន​តែងតាំង​ជា​ចៅហ្វាយខេត្ត​ព្រៃវែង​

​អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ និង​ជា​អតីត​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​ និង​ត្រូវជា​កូនប្រុស​ពៅ​សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ ជា​ សុ​មេធី​ អត្តលេខ​៥៥៩៩៩​ បន្ទាប់​ពី​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ បញ្ចូល​ជា​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​រួច​មក​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៥/១១២២​ ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ការ​តែងតាំង​ឯកឧត្តម​ ជា​ សុ​មេធី​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​កូនប្រុស​ពៅ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​ធ្វើ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ គឺ​មាន​ន័យ​ថា​ ការងារ​របស់​ឯកឧត្តម​ ជា​ សុ​មេធី​ នឹង​ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​ និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ត្រូវជា​ "​ពូ​សាច់ថ្លៃ​"​ ។​

​នេះ​គឺជា​មន្ត្រី​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍​ឋិត​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ម្នាក់​ទៀត​ហើយ​ ដែល​ទទួល​បានការ​តែងតាំង​ជា​ចៅហ្វាយខេត្ត​ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ នៃ​កង​យោធពលខេមរភូមិន្ទ​ រួម​មាន​ ៖​ ១-​ឯកឧត្តម​ យន្ត​ មីន​ អតីត​នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០០៩៥៣​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​,​ ២-​ឯកឧត្តម​ ឈួ​រ​ ចាន់​ឌឿ​ន​ អតីត​នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០០៨៦៤​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​,​ ៣-​ឯកឧត្តម​ ឃឹម​ ប៊ុ​ន​សុង​ នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០០៩៧០​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​,​ ៤-​ឯកឧត្តម​ ជៀង​ អំ​ នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០០០៦២​ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ,​ ៥-​ឯកឧត្តម​ អ៊ុំ​ ម៉ា​រ៉ា​ នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០១១២៨​ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​,​ ៦-​ឯកឧត្តម​ ស​ ថា​វី​ នាយទាហាន​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០១៥០០​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​ និង​៧-​ឯកឧត្តម​ ជា​ សុ​មេធី​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​៥៥៩៩៩​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ ៕​

ផ្កាយ​៣​ប៉ូលិស​ម្នាក់​ជា​កូនប្រុស​ពៅ​អតីត​ប្រធាន​បក្ស​កាន់​អំណាច​ ត្រូវ​បាន​តែងតាំង​ជា​ចៅហ្វាយខេត្ត​ព្រៃវែង​ ផ្កាយ​៣​ប៉ូលិស​ម្នាក់​ជា​កូនប្រុស​ពៅ​អតីត​ប្រធាន​បក្ស​កាន់​អំណាច​ ត្រូវ​បាន​តែងតាំង​ជា​ចៅហ្វាយខេត្ត​ព្រៃវែង​