មន្ត្រី​ល្បីឈ្មោះ​២​នាក់​ បម្រើ​ការងារ​ក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តែ​មាន​តំណែង​ក្នុង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​

​ទោះបី​កំពុង​បម្រើ​ការងារ​ឋិត​នៅ​ក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ដោយ​ តែ​មាន​មន្ត្រី​ល្បីឈ្មោះ​ចំនួន​២​នាក់​ បាន​កាន់​មុខ​តំណែង​ក្នុង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ គឺ​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ (​អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ និង​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ។​

​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កាន់កាប់​មុខ​តំណែង​មួយទៀត​ គឺជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៩៤​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

​ឯកឧត្តម​ កើត​ រិ​ទ្ធ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បាន​កាន់កាប់​មុខ​តំណែង​មួយទៀត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៩៤​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០២/៣៥៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៩៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០០៧​ ស្តី​ពី​ការ​កែសម្រួល​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០២/៣៥៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ គឺ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ហៅ​កាត់​ថា​ "​កបស​"​ ជា​ស្ថាប័ន​ខួរក្បាល​ខាង​គោលនយោបាយ​សង្គម​-​សេដ្ឋកិច្ច​ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ ៕​

មន្ត្រី​ល្បីឈ្មោះ​២​នាក់​ បម្រើ​ការងារ​ក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តែ​មាន​តំណែង​ក្នុង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​