រុស្ស៊ី​រង​ការ​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ស៊ីរី

អង្គការ​សិទ្ធិមនុស្ស​ Amnesty International បាន​អះអាង​នៅថ្ងៃ​ពុធ​នេះ​ថា ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស៊ីរី​ ក្នុងរយៈពេល​ជិត ៣ខែ​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ជាច្រើន ដោយ​ក្នុងនោះ មាន​ករណី​ខ្លះ ការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ជនស៊ីវិល ដូចជា មន្ទីរពេទ្យ និង​វិហារ​សាសនា​អ៊ីស្លាម​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ចេតនា ដោយ​យន្តហោះ​រុស្ស៊ី ដែល​អាច​ត្រូវ​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូវិញ​បាន​អះអាង​ថា កងទ័ព​របស់​ខ្លួន​ធ្វើការ​វាយប្រហារ​សំដៅ​តែ​ទៅលើ​ទីតាំង​របស់​ក្រុម​ភេរវជន​តែ​ប៉ុណ្ណោះ ដោយ​មិន​យក​ជនស៊ីវិល​ធ្វើ​ជា​ចំណុចស៊ីប​នោះទេ។