អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​ដោះស្រាយ​បញ្ហា​​រថយន្ត​ដឹក​ដី​តវ៉ា​​សុំ​មិន​កែ​ចង្កូត​រថយន្ត

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​តវ៉ា​របស់​ក្រុម​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ក្រួស ថ្ម ខ្សាច់ រហូត​ដល់​បិទផ្លូវ​ជាតិ​លេខ​ជាតិ​លេខ​៣ និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដើម្បី​ទាមទារ​សុំ​ចូល​បង់​ព​ន្ឋ និង​សុំ​មិន​ឲ្យ​កែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង​នោះ ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ដោះស្រាយ​បញ្ចប់​ជា​បណ្តោះអាសន្ន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ធ្នូ​នេះ ។ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រី​ពន្ធដា កម្លាំង​មាន​សមត្ថកិច្ច និង​មានការ​ចូលរួម​ពី​តំណាង​ក្រុម​អ្នក​តវ៉ា​ផង​ដែរ ។

លោក ប៉ា សុ​ជាតិ​វង្ស លើក​ឡើង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ទៅ​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន គឺ​មិន​បង្ខំ​ឱ្យ​កែ​ចង្កូត​ឡាន​ពីស្តាំ​ទៅ​ឆ្វេង​នោះ​ទេ តែ​បងប្អូន​ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ ដើម្បី​ទទួល​បាន​មី​ញ៉ែ​ត​ពន្ធ​មុន​ឈាន​ទៅ​ដល់​ការ​ផ្តល់​ស្លាក​លេខ​រថយន្ត​ជូន ។ ប៉ុន្តែ​កិច្ចការ​នេះ សាលា​រាជធានី​ភ្នំពេញ​សុំ​ឱ្យ​បងប្អូន​អ្នក​តវ៉ា​ទាំងអស់​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឱ្យ​សាលា​រាជធានី​យក​ទៅ​ឆ្លង​រាជរដ្ឋាភិបាល​សិន បន្ទាប់​ពី​ឆ្លង​រាជរដ្ឋាភិបាល​ហើយ យើង​នឹង​ប្រជុំ​ដោះស្រាយ​គ្នា​បញ្ចប់​ទាំងស្រុង​តែ​ម្តង ។ ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​បងប្អូន​អាច​ធ្វើ​អាជីវកម្ម​បាន សមត្ថកិច្ច​មិន​ចាប់​នោះ​ទេ គឺ​ឱ្យ​តែ​ឡាន​បងប្អូន​មាន​មី​ញ៉ែ​ត​ពន្ធ ។

គួរ​រំលឹក​ថា ក្រុម​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ក្រួស ខ្សាច់ និង​ថ្ម បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ទល់​មុខ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។ ការ​បិទផ្លូវ​នេះ​ពួក​គាត់​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាមទារ​សុំ​ចូល​បង់​ព​ន្ឋ និង​សុំ​មិន​កែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង ។
នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​២០១៥​នេះ​ផង​ដែរ បើ​តាម​គម្រោង​ក្រុម​អាជីវករ​ដែល​មាន​រថយន្ត​បែន​ដឹក​ដី ក្រួស ខ្សាច់ និង​ថ្ម និង​នាំ​គ្នា​ចូល​មក​ភ្នំពេញ ដោយ​មាន​គម្រោង​បិទផ្លូវ​ជាតិ​លេខ​១, ២, ៣, ៤, ៥ និង​ផ្លូវជាតិ​លេខ​៦​អា​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​វិញ ដោយសារ​តែ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា នឹង​ធ្វើការ​ចរចា​ជាមួយ​ពួក​គាត់​នៅ​រសៀល​ថ្ងៃ​ដ​ដែរ​នេះ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ លោក​ឡុ​ង ឌី​ម៉​ង់ នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​បងប្អូន​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​អស់​រយៈពេល​ជិត​២​ម៉ោង អង្គប្រជុំ​បាន​សម្រេច​ដូច​តទៅ ៖ ១-​បងប្អូន​ទាំងអស់​ត្រូវ​បង់ពន្ធ​តាម​តម្លៃ​ដែល​បាន​កំណត់​រួចរាល់ ហើយ​គយ​នឹង​ចេញ​មី​​ញ៉ែ​ត​ជូន​ភ្លាម ។ ២-​សុំ​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ស្នើ​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​មានការ​អនុគ្រោះ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ហើយនឹង​សន្យា​ថា មិន​មានការ​ចាប់​រថយន្ត​ឡើយ​ក្នុ​រយៈពេល​១៥​ថ្ងៃនេះ ប្រសិនបើ​មាន​បង់ពន្ធ​ត្រឹមត្រូវ​ហើយ ។ ក្រោយ​ពី​បាន​គោល​ការណ៍​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​ហើយ អាជ្ញាធរ​នឹង​ចេញ​ផ្លា​ក​លេខ​ស្របច្បាប់​ជូន​ភ្លាម ៕