នាយករដ្ឋមន្ត្រី ថា បើ​កម្ពុជា​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ អ្នក​តវ៉ា​នឹងមាន​ទ្រង់ទ្រាយ​ធំ ទាំង​ក្នុង និង​ក្រៅប្រទេស​

​ភ្នំពេញ​៖ កម្ពុជា និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ១០ ក្នុងនោះ មាន​ទាំង កិច្ចព្រមព្រៀង​សង់រោង​ចក្រ​អគ្គីសនី​ដោយ​ថាមពលនុយក្លេអ៊ែរ​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ មក​កម្ពុជា កាលពី​ខែវិច្ឆិកា កន្លងទៅ​។ នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បាន​រម្លឹក​ពី​កិច្ចព្រមព្រៀង​ថាមពល​រវាង​រុស្ស៊ី និង​កម្ពុជា ក្នុង​ពិធី​សម្ពោធ​វា​រី​អគ្គិសនី​តា​តៃ នៅ​ថ្ងៃទី​២៣ ធ្នូ​នេះ​ថា ប្រសិនបើ​រុស្ស៊ី​ផ្តល់ជំនួយ​បច្ចេកទេស ស្រាវជ្រាវ និង​ការបំពាក់​បំប៉ន​សមត្ថ​ភាព​នានា​ពាក់ព័ន្ធ​នឹង​ការសាងសង់​រោងចក្រ​ផលិត ថាមពល​នេះ​ដល់​កម្ពុជា​លេចចេញ​ជា​រូបរាង​នោះ អ្នក​តវ៉ា​អាច​នឹងមាន​ទ្រង់ទ្រាយ​ធំ​ទាំង​ក្នុង និង​ក្រៅប្រទេស ប្រឆាំងនឹង​ការផលិត​ថាមពល​នេះ​។​

​សូម​ស្តាប់​សំឡេង​សម្តេច ហ៊ុន សែន​៖

​ការឈាន​ឆ្ពោះទៅ​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​នេះ អាច​នឹង​ជួយ​ដល់​កម្ពុ​ជាច្រើន​ក្នុងការ​កាត់បន្ថយ​លើ​ការចំណាយ​លើ​ថាមពល ជាពិសេស​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។ ដោយឡែក បច្ចុប្បន្ន ប្រទេស​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់​ផែនការ​ជំរុញ​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ តួរ​យ៉ាង ដូចជា​វៀតណាម និង​ហ្វីលីពីន ជាដើម​។ សម្រាប់​វៀតណាម​ដែលជា​មិត្ត​ជិតខាង​កម្ពុជា​កន្លងមក​ក៏​ជ្រើសរើស​រុស្ស៊ី ឲ្យ​ជួយ​ខ្លួន​ក្នុងការ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នេះដែរ​៕