កម្ពុជា​នឹងរង​គ្រោះរាំងស្ងួត​រយៈពេល​៦​ខែ ចាប់ពី​ដើមឆ្នាំ​២០១៦​ទៅ​

​នៅ​ដើមឆ្នាំ​២០១៦ កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត EI Nino (​ក្តៅ​) ចាប់ពី​ខែកុម្ភៈ​រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៦ ។ ត​ទ្ធិ​ពល​នៃ​បាតុភូត​ក្តៅ​នេះ នឹង​បង្ក​ឲ្យ​ភ្លៀង​រដូវវស្សា​មក​យឺត​, មាន​ផ្គរ​រន្ទះ​, ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​, កម្រិត​សីតុណ្ហភាព​អតិបរមា​កើនឡើង និង​អាកាសធាតុ​ក្តៅ​ហួតហែង​។​ល​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​ឥទ្ធិពល​នៃ​បាតុភូត​គ្រោះរាំងស្ងួត​ហួតហែង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ នឹង​វិល​មករក​សភាព​ដើម​វិញ នៅ​ពាក់​កណ្តាលខែ​កក្ត​ដា ឆ្នាំ​២០១៦ គឺ​បាតុភូត​ថ្មី La Nina (​ត្រជាក់​) ហើយ​ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​នាពេលនោះ​ផងដែរ​។

​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា​បានចេញ​សារាចរ​ណែនាំ​នៅ​ថ្ងៃទី​២៣ ធ្នូ​នេះ ថា គួរ​គប្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។ មួយវិញទៀត ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​មាន​ភ្លៀង​ធ្លាក់​៕