អាជ្ញាធរ​ក្រុងភ្នំពេញ ទុកពេល ១៥​ថ្ងៃ​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ដឹក​ដី ដើម្បី​បង់ពន្ធ​

ភ្នំពេញ: បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​បងប្អូន​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ រថយន្ត​បែន​ដឹក​ដី ដឹក​គ្រួស ថ្ម ខ្សាច់ អស់​រយៈពេល​ជិត ២​ម៉ោង អង្គប្រជុំ​ដែល​ដឹកនាំ​ដោយ​លោកប៉ា សុជាតិ​វង្ស បានសម្រេច​បងប្អូន​ទាំងអស់ ត្រូវ​បង់ពន្ធ​តាម​តម្លៃ​ដែល​បានកំណត់​រួចរាល់ និង​សុំ​ទុក​រយៈពេល ១៥​ថ្ងៃ ដើម្បី​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​មានការ​អនុគ្រោះ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​។​

​ការតវ៉ា​របស់​ក្រុម​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ដឹក​គ្រួស ថ្ម ខ្សាច់ រហូត​បិទផ្លូវ​ជាតិ​លេខ​ជាតិ​លេខ​៣ និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដើម្បី​ទាមទារ​សុំចូល​បង់ពន្ធ និង​សុំ​មិន​ឲ្យ​កែ​ចង្កូតរថយន្ត​ពីស្តាំ​ទៅ​ឆ្វេង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជា​បណ្តោះអាសន្ន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​

​កិច្ចប្រជុំ​ដោះស្រាយ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រី​ពន្ធដា កម្លាំង​មាន​សមត្ថកិច្ច​និង​មានការ​ចូលរួម​ពី​តំណាង​អ្នក​តវ៉ា​រាប់សិប​នាក់​ផងដែរ​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​បងប្អូន​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ អស់​រយៈពេល​ជិត ២​ម៉ោង អង្គប្រជុំ​អង្គ​បានសម្រេច ១/-​បងប្អូន​ទាំងអស់​ត្រូវ​បង់ពន្ធ​តាម​តម្លៃ​ដែល​បានកំណត់​រួចរាល់ ហើយ​គយ​នឹង​ចេញ​វី​ញ៉ែ​ត​ជូន​ភ្លាម​។​
២/-​សុំ​ទុក​រយៈពេល ១៥​ថ្ងៃ ដើម្បី​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​មានការ​អនុគ្រោះ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ហើយនឹង​សន្យាថា​មិនមាន​ការចាប់​រថយន្ត​ឡើយ​ក្នុ​រយៈពេល​១៥​ថ្ងៃនេះ ប្រសិនបើ​មាន​បង់ពន្ធ​ត្រឹមត្រូវ​ហើយ​។ ក្រោយពី​បាន​គោល​ការ​ណ៏​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​ហើយ អាជ្ញាធរ​នឹង​ចេញ​ផ្លាកលេខ​ស្របច្បាប់​ជូន​ភ្លាម​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការតវ៉ា​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា អ្វីដែល​ពួកគាត់​ធ្វើការ​តវ៉ា​នា​ព្រឹក​នេះ គឺ​ដើម្បី​ចង់​ចូលទៅ​បង់ពន្ធ​ដោយ​មិនបាច់​កែ​ចង្កូត​ឡាន ពីព្រោះ​អ្នកបើកបរ​ឡាន​មិន​ចង់​ឲ្យ​មាន​ការកែ​ចង្កូត​ទេ ដោយសារតែ​នៅពេល​កែ​ចង្កូត​ហើយ រថយន្ដ​ពិបាក​បើក ឬ បើក​មិនកើត​។ ការបង់ពន្ធ​គឺ​ពួកគាត់​មិន​គេចវេះ​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​ចូល​បង់ពន្ធ​ដោយ​មិនមាន​ការកែ​ចង្កូតរថយន្ដ​តែប៉ុណ្ណោះ​។​

 រថយន្ដ​ដែល​រកស៊ី​ដឹក​ដី ដឹក​ខ្សាច់​ទាំងអស់នេះ ភាគច្រើន​មាន​ទម្ងន់​៤​តោន ដែល​នាំចូល​តាំងពី​យូរ​មកហើយ ប៉ុន្ដែ​យើង​មិនអាច​បន្ទោស​ទៅលើ​អ្នកប្រើប្រាស់​រថយន្ដ​នេះ​តែមួយ​ផ្នែក​បានទេ ក៏​វា​មាន​ពាក់ព័ន្ធ​ទៅដល់​ការអនុញ្ញាត​របស់​គយ ឬក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ ពីព្រោះ​ប្រសិនបើ​ស្ថាប័ន​ទាំងនោះ​មិន​អនុញ្ញាត​ឲ្យ​នាំ​រថយន្ដ​នេះ​ចូល​ទេ​ក៏​ពួកគាត់​មិនបាន​ទិញ​រថយន្ដ​នេះ​ប្រើ​ដែរ​។​

​អ្នកបើករថយន្ដ​បន្ត​ឲ្យ​ដឹងថា ពួកគាត់​បាន​តវ៉ា​ជាច្រើនលើក​រួចមកហើយ​ក្នុងនោះ​ក៏បាន​ទៅដល់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ផងដែរ ដើម្បី​សុំ​ឲ្យ​ទូរទស្សន៍​ជួយ​ផ្សាយ​អំពី​អ្វីដែល​ពួកគាត់​ចង់បាន ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ការដោះស្រាយ​យ៉ាងណា​នោះទេ ហើយ​ពួកគាត់​នឹងធ្វើ​សកម្មភាព​រហូត​មាន​ដំណោះស្រាយ​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​នោះ ពោលគឺ​ក្រោយពី​ក្រុម​អ្នកជំនាញ និង​ក្រុមអ្នកតវ៉ា​បានលើកឡើង​ពី​បំណង​និង​កង្វល់​របស់​ពួកគាត់​រួចមក លោក ប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍​បញ្ជាក់​ពី​ជំហរ នៃ​ការដោះស្រាយ​នេះ​ថា ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ទៅតាម​ការស្នើសុំរ​បស់បង​ប្អូន គឺ​មិន​បង្ខំ​ឲ្យ​កែ​ចង្កូត​ឡាន​ពីស្តាំ​ទៅ​ឆ្វេង​នោះទេ តែ​បងប្អូន​ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ ដើម្បី​ទទួលបាន​មី​ញ៉ែ​ត​ពន្ធ មុន​ឈានទៅដល់​ការផ្តល់​ស្លាក​លេខ​រថយន្ត​ជូន​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោកប៉ា សុជាតិ​វង្ស​ក៏បាន​បញ្ជាក់​ផងដែរ​ថា កិច្ចការងារ​នេះ សាលា​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​បងប្អូន​អ្នក​តវ៉ា​ទាំងអស់​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បីអោយ​សាលា​រាជធានី​យក​កិច្ចការងារ​នេះ​ទៅ​ឆ្លង​រាជរដ្ឋាភិបាល ហើយ​ក្រោយ​ឆ្លង​រាជរដ្ឋាភិបាល​ហើយ​យើង​នឹង​ប្រជុំ​ដោះស្រាយ​គ្នា​បញ្ចប់​ទាំងស្រុង​តែម្តង​។​

​លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​បងប្អូន​អាចធ្វើ​អាជីវកម្ម​បាន​សមត្ថកិច្ច​មិន​ចាប់​នោះទេ គឺ​ឲ្យ​តែ​ឡាន​បងប្អូន​មាន​មី​ញ៉ែ​ត​ពន្ធ​បិទ​ជាប់​នឹង​ឡាន អត់​ស្លាក​លេខ​ក៏​មិនមាន​បញ្ហា​ដែរ​។ ក្រោយ​ការប្រកាស​ពី​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សាទរ​យ៉ាងខ្លាំង និង​ទទួលយក​ភ្លាម​តែម្តង​។​

​គួរកត់សម្គាល់​ដែរ​ថ ក្រុម​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​-​ក្រួស​-​ខ្សាច់ និង​ថ្ម បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​លើក​បដា និង​ចត​ឡាន បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅត្រង់ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ទល់មុខ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។​
 
​ក្រុម​អ្នក​បើកឡាន​ដឹក​ដី​ទាំងនោះ បានទាមទារ សុំចូល​បង់ពន្ធ និង​សុំ​កុំ​ឲ្យ​កែ​ចង្កូតរថយន្ត​ដឹក​ដី​ទាំងនោះ ពីស្តាំ ទៅ​ឆ្វេង​។ ការបិទផ្លូវ​នេះ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​។ គោលដៅ​តវ៉ា​របស់​ក្រុម​អ្នកបើកបរ​ឡាន​ដឹក​ដី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ មានដូចជា​៖ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​តា​គៀត សង្កាត់​តា​គៀត ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុម​អ្នកបើក​តវ៉ា​បិទផ្លូវ​។​
​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ទល់មុខ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ (​បិទផ្លូវ​) និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។ នៅ​ផ្លូវជាតិ​លេខ​២ ក៏មាន​ការតវ៉ា បិទផ្លូវ នៅត្រង់ចំណុច​ទល់មុខ​សង្កាត់​ព្រែ​កំ​ពិស ខណ្ឌដង្កោ ផងដែរ​៕

អាជ្ញាធរ​ក្រុងភ្នំពេញ ទុកពេល ១៥​ថ្ងៃ​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ដឹក​ដី ដើម្បី​បង់ពន្ធ​

អាជ្ញាធរ​ក្រុងភ្នំពេញ ទុកពេល ១៥​ថ្ងៃ​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ដឹក​ដី ដើម្បី​បង់ពន្ធ​

អាជ្ញាធរ​ក្រុងភ្នំពេញ ទុកពេល ១៥​ថ្ងៃ​ឲ្យ​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ដឹក​ដី ដើម្បី​បង់ពន្ធ​