សេ​១២៥​បុក​គ្នា​ជាមួយ​ស្កុប​ពី​ក្នុង​បុរី​សែន​មនោ​រម្យ របួសធ្ងន់​៦​នាក់

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​សេ​១២៥​និង​ម៉ូតូ​ស្កុប​ពី​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​៦​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-2504 ជិះ​គ្នា​៣​នាក់ (​សុទ្ធតែ​យុវជន​) បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0366 ជិះ​គ្នា​៣​នាក់ (​មនុស្ស​ចាស់​ម្នាក់ ក្មេង​តូច​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់​) បើកបរ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​៦​នាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៦​នាក់​ត្រូវ​បាន​ដឹក​ទៅ​​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ឡាំ ប៊ុ​ន​ថន នៅ​ជម្ពូរ​វ័​ន្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕