គណបក្សកាន់ អំណាចសាទរ ការបង្កើត គណបក្សនយោបាយ ថ្មីបន្ថែម

ភ្នំពេញ៖ បន្ទាប់ពីមានគណបក្ស នយោយថ្មីចំនួន៦ បានដាក់ពាក្យស្នើសុំ ក្រសួងមហាផ្ទៃ ដើម្បីចុះឈ្មោះ សម្រាប់ប្រកួត ប្រជែងការបោះឆ្នោត ថ្នាក់ជាតិខាងមុខ ត្រូវបានមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា អបអរសាទរ និងស្វាគមន៍ ។

លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នារៀសថ្ងៃទី២២ធ្នូថា គណបក្ស របស់លោកបានស្វាគមន៍ និងថា ការបង្កើតគណណបក្សថ្មីនេះ មិនមែនជាការបំបែកសំឡេងឆ្នោតនោះទេ  ផ្ទុយទៅវិញ គណបក្សនយោបាយថ្មីទំាងនោះ ចង់ធ្វើជានាយករដ្ឋមន្ត្រី ។

 លោកបញ្ជាក់ថា «យើងមិនអាចនិយាយថា បំបែកសំឡេងនោះទេ ការបំបែកសំឡេងគឺជាវិទ្ធង្សនាមួយ ដើម្បីបំបែកសំឡេងគណបក្សសង្គ្រោះជាតិ ប៉ុន្តែគេមិនអាចនិយាយបែបនោះទេ ការបង្កើតគណបក្ស នយោបាយនោះ ជាសិទ្ធិរបស់ ប្រជាពលរដ្ឋទូទៅ ក្នុងនោះទំាងលោក ម៉ម សូណង់  , លោក សួនសេរីរដ្ឋា ,  អ្នកស្រី ឡាក់ សុភាព  ,  លោក ជា ចំរើន  , លោក ហ៊ាង រិទ្ធី សុទ្ធតែជាពលរដ្ឋមានសិទ្ធិក្នុងការបង្កើតគណបក្ស នយោបាយ នឹងទទួលបានជ័យជម្នះ ធ្វើជានាយករដ្ឋមន្ត្រី ។ អាហ្នឹងជាសិទ្ធិនយោបាយរបស់គាត់ មិនមានបញ្ហាអ្វីជាការព្រួយបារម្មណ៍ទេ »។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន្ត ថា កាលពីឆ្នាំ១៩៩៣ មានគណបក្សនយោបាយ២០ ប្រកួតប្រជែង ហើយនៅឆ្នាំ១៩៩៨ មានគណបក្សនយោបាយ៣៩ ចំណែក ឆ្នាំ២០០៣ មាន២៣គណបក្ស ដោយឡែកឆ្នាំ២០០៨ មាន១២គណបក្ស ហើយសម្រាប់ឆ្នាំ២០១៣វិញមាន៨គណបក្ស  ។

លោកថា សព្វថ្ងៃអាទិភាពការចុះ បញ្ជីគណបក្សនយោបាយ មានជាង៥០គណបក្ស ដូច្នេះការបង្កើត គណបក្ស នយោបាយចំនួន៦ទៅ៧គណបក្សមិនមែនជាបញ្ហាសម្រាប់ កម្ពុជានោះទេ ។ក្នុងនាមគណបក្សនយោបាយ ដែលកាន់កាប់រាជរដ្ឋាភិបាលជាង៣០ឆ្នាំមកនេះ មិនមានការភ័យខ្លាចចំពោះការបែកសំឡេងឆ្នោត ពីគណបក្ស ប្រជាជនកម្ពុជានោះទេ   ប៉ុន្តែបើបែកសំឡេងមានតែបែកសំឡេងពីគណបក្សសង្គ្រោះជាតិ។

គួរបញ្ជាក់ថា គណបក្សនយោបាយចំនួន៦ដែលដាក់ទៅក្រសួងមហាផ្ទៃ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (លោក យេង វីរៈ ជា ប្រធាន), គណបក្សខ្មែរសាមគ្គី (លោកស្រី ឡាក់ សុភាព), យុត្តិធម៌ជាតិខ្មែរ (ហ៊ាង រិទ្ធី), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (លោក ម៉ម សូណង់ដូ) , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (លោក ប្លាង សីន) និងគណបក្សអំណាចខ្មែរ (លោក សួន សេរីរដ្ឋា)៕