គយ នឹងពិចារណា បញ្ចុះតម្លៃពន្ធ លើរថយន្ត ចង្កូតស្តាំ ចាស់ទ្រុឌទ្រោម និងឲ្យ ម្ចាស់ទាក់ទង មកគយ

ភ្នំពេញ៖ មន្រ្តីគយចេញមុខអះអាងថា នឹងសម្របសម្រួល ឲ្យមានការបញ្ចុះតម្លៃ បង់ពន្ធ លើរថយន្តចង្កូត ស្ដាំចាស់ទ្រុឌទ្រោម និងសូមឲ្យម្ចាស់រថយន្ត ដាក់ពាក្យមក នាយកដ្ឋានគយ។ ការលើកឡើង របស់គយនេះ បានធ្វើឡើង ស្របពេលដែលមានក្រុម អ្នកបើករថយន្តដឹកដី ចង្កូតស្តាំ ជាច្រើននាក់ប្រមូលផ្តុំគ្នាតវ៉ា សុំបង់ពន្ធរថយន្តតែសុំមិនប្តូរចង្កូតរថយន្ត។

មន្រ្តីគយនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះថា “មន្រ្តីគយនឹង ធ្វើការបន្ធូរបន្ថយ តម្លៃពន្ធរថយន្តពី ៤០០០ដុល្លារមកក្រោមនេះ  ដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្ដាំ ដែលចាស់ទ្រុឌទ្រោម ព្រមទាំងទុកពេល ឲ្យម្ចាស់រថយន្ត 0៣ខែបន្ទាប់ពីបង់ពន្ធ ដើម្បីទៅប្ដូរ ចង្កូតពីស្តាំទៅឆ្វេង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ និងធ្វើស្លាកលេខរថយន្តបានគ្រប់ៗគ្នា”។

ប្រភពដដែលបន្ថែមថា មន្រ្តីគយអំពាវនាវ ឲ្យម្ចាស់រថយន្តចង្កូតស្ដាំ ប្រភេទទម្ងន់៥តោន ទាំងអស់ត្រូវតែចូលរួម បង់ពន្ធឲ្យបានមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ បើហួសថ្ងៃកំណត់ នឹងមានការផាកពិន័យបន្ថែមទៀត។

ជាងនេះទៅទៀត បើរថយន្តដែលមិនទាន់ បង់ពន្ធទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង ម្ចាស់រថយន្តអាចធ្វើលិខិតដាច់ដោយឡែក បញ្ជួនមកមន្រ្តីគយ នឹងមានការបញ្ចុះតម្លៃបន្ថែមទៀត អាស្រ័យលើស្ថានភាពរថយន្ត ពិសេស រថយន្តចង្កូតស្តាំដែលចាស់ទ្រុឌទ្រោម។

មន្រ្តីគយរូបនេះ បានបន្ថែមថា មានរថយន្ត ចង្កូតស្ដាំជិត ១០០គ្រឿង ក្នុងខេត្តតាកែវ បានចូលរួមបង់ពន្ធ រួចរាល់អស់ហើយ។

ប្រវត្តិរឿង៖ អ្នកជំនាញពន្យល់ថា ការប្ដូរចង្កូត រថយន្តពី ស្ដាំទៅឆ្វេង គ្មានផលប៉ះពាល់ទេ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច មធ្យមកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន អេស ធី ភី ប្ដូរចង្កូតពីស្ដាំ មកឆ្វេង កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានថ្លែងថា ការផ្លាស់ប្ដូរចង្កូត រថយន្តពីស្ដាំ មកឆ្វេង មិនមានផលប៉ះពាល់ អ្វីដល់ដំណើរការ របស់រថយន្តឡើយ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងប្រាប់លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅ កម្ពុជាការបើកបរ កំណត់យកការប្រកាន់ស្ដាំ តែបើប្រជាពលរដ្ឋ នៅប្រើប្រាស់រថយន្តចង្កូតស្ដាំ បណ្ដាលឲ្យការ ធ្វើដំណើរ គ្មានសុវត្ថិភាព និងបណ្ដាលឲ្យទទួល រងគ្រោះថ្នាក់បាន ដូច្នេះម្ចាស់រថយន្តទាំងអស់ដែល មានរថយន្ត ចង្កូតស្ដាំ គួរតែយកទៅកែដាក់ចង្កូតឆ្វេង ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងស្របតាមច្បាប់ ចរាចរណ៍កម្ពុជា ដែល តម្រូវ ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់តែរថយន្តចង្កូតឆ្វេង តែប៉ុណ្ណោះ ហើយការប្ដូរចង្កូតនេះ គ្មានផលប៉ះពាល់អ្វីទេ។

លោក តែ តាំងប៉ បានបញ្ជាក់ថា “ក្រុមហ៊ុនកែចង្កូតធានាលើ ប្រព័ន្ធកែចង្កូតមួយឆ្នាំទៀត បានន័យថា យើងកែ ចង្កូតហើយ យើងអាចឲ្យគេចរាចរណ៍ ក្នុងរយៈពេលមួយឆ្នាំ។ យើងជួសជុលថែទាំ ឲ្យគេអត់យកលុយទេ”។

គួរបញ្ជាក់ថា អតិថិជនដែលមក ប្ដូរចង្កូតរថយន្តពី ស្ដាំមកឆ្វេង ក្នុងក្រុមហ៊ុន អេស ធី ភី ប្ដូរចង្កូតពី ស្ដាំមកឆ្វេង របស់លោកឧកញ៉ា តែ តាំងប៉  គឺម្ចាស់រថយន្តគ្រប់រូបអាចបង់ពន្ធ និងធ្វើស្លាកលេខរថយន្ត នៅក្នុងក្រុមហ៊ុនតែម្ដង បន្ទាប់ពីប្ដូរចង្កូតរថយន្តហើយ ដោយមិនចាំបាច់ទៅបង់ពន្ធ និងធ្វើស្លាកលេខនៅតាមក្រសួង មន្ទីរនានានោះទេ៕