៤០ ទីក្រុង នៅភាគខាងជើងចិន ប្រកាសអាសន្ន ដោយសារផ្សែងពុល

ប៉េកាំង៖ យោងតាមការបង្ហាញទិន្នន័យ ពីស្នាក់ការកណ្ដាលគ្រប់គ្រង ការបំពុលអាកាស ក្រុងប៉េកាំងបានឲ្យដឹងថា ទីក្រុងចំនួន ៤០ ស្ថិតនៅភាគខាងជើងប្រទេស រួមទាំងក្រុងប៉េកាំង និងធានជីន ផងដែរ បានចេញសេចក្ដីប្រកាសអាសន្ន ចំពោះការបំពុលអាកាសខ្លាំងក្លានេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ នេះបន្ដទៀតថា ទីក្រុងប៉េកាំង ដែលជាទីក្រុងធំជាងគេបំផុតរបស់ចិន និងទីក្រុងផ្សេងទៀតជាច្រើន បាន ប្រកាស អាសន្នជាសញ្ញាពណ៌ក្រហម ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យបរិស្ថា នក្រុងប៉េកាំង បានឲ្យដឹងថា ក្រុងប៉េកាំង ត្រូវបានវាយប្រហារ ដោយការបំពុលអាកាស នៅថ្ងៃអង្គារនេះ ជាមួយនឹងកម្រិតនៃជាតិពុល ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិត ៦ ដែលជាកម្រិតខ្ពស់បំផុតរបស់ប្រព័ន្ធវាស់ជាតិពុល នៅភាគខាងត្បូងប្រទេស។

ហេតុដូច្នេះ អ្វីដែលរដ្ឋបាលប្រចាំតំបន់ត្រូវធ្វើ គឺផ្អាក និង កាត់បន្ថយ សកម្មភាពផលិត នៃរោងចក្រ ទាំងអស់នៅតាមបណ្តាទីក្រុងទាំង ៤០ នោះ ដើម្បីឲ្យស្ថានភាពពុល ធ្លាក់ចុះមក ទាបវិញ ទើបមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស៕