អាល្លឺម៉ង់ បង្កើតក្រុមប្រដាប់ អាវុធថ្មី ត្រៀមទប់ទល់ពួកភេរវករ

ប៊ែរឡាំង៖ ក្រុមប្រតិបត្តិការ ការពារអំពើភេរវកម្មថ្មី ត្រូវបានបង្កើតឡើង ដោយអាល្លឺម៉ង់ នៅ ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បី ត្រៀមទប់ទល់ នឹងការវាយប្រហារ ដែលអាចកើតឡើង គ្រប់ពេលវេលា ជាពិសេសថ្ងៃបុណ្យ ណូអែល និង ឆ្លងឆ្នាំសកលខាងមុខនេះ។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ។

កងកម្លាំងពិសេសនេះ ត្រូវបានជ្រើសរើសចេញពី អគ្គនាយកដ្ឋានប៉ូលិសជាតិ ដែលពួកគេ បានទទួលការហ្វឹកហ្វឺន ពិសេស នឹង ត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ដែលមាន មនុស្សម្នា ប្រមូលផ្តុំ កកកុញ នៅថ្ងៃបុណ្យចុងឆ្នាំ សំខាន់ៗនោះ។ មានព័ត៌មាន ចេញផ្សាយ ថា អាចនឹងមានការវាយប្រហារកើតឡើង នៅក្នុងអំឡុងបុណ្យសកល ខាងមុខនេះ ស្របពេល ដែលតំបន់មួយចំនួន បានត្រៀមទប់ទល់រួចជាស្រេច ទាំងនៅអាម៉េរិក, អឺរ៉ុប, និង អាស៊ី។

គួរបញ្ជាក់ថា ការវាយប្រហារនៅប៉ារីស កាលពីខែវិច្ឆិកា បានបង្កឲ្យពិភពលោក ទាំងមូល មានការភ័យខ្លាចកាន់ តែខ្លាំង ចំពោះភេរវកម្ម ជាពិសេសចលនា ពង្រីកខ្លួនរបស់ពួករដ្ឋ អ៊ីស្លាម ISIS។ សហរដ្ឋអាមេរិក និង ដៃគូរបស់ ខ្លួននៅអឺរ៉ុប និង អាស៊ី បានព្យាយាមយ៉ាង ខ្លាំងក្នុងការទប់ទល់ និង វាយបកចំពោះសកម្មភាពរបស់ ក្រុមភេរវករ នោះ៕

អាល្លឺម៉ង់ បង្កើតក្រុមប្រដាប់ អាវុធថ្មី ត្រៀមទប់ទល់ពួកភេរវករ