ផ្ទុះ​ក្នុង​ព្រលាន​យន្ដហោះ​អ៊ីស្ដំប៊ូល (ទួរគី) ស្លាប់​ម្នាក់​របួស​ម្នាក់

ស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយ ដែលកើតឡើង រវាង​យប់​ថ្ងៃ​អង្គារ ចូល​មក​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅព្រលានយន្ដហោះអន្តរជាតិ «Sabiha Gokcen» នៃទីក្រុងអ៊ីស្ដំប៊ូល របស់​ប្រទេស​ទួរគី។
ផ្ទុះ​ក្នុង​ព្រលាន​យន្ដហោះ​អ៊ីស្ដំប៊ូល (ទួរគី) ស្លាប់​ម្នាក់​របួស​ម្នាក់
យន្ដហោះមួយគ្រឿង ដែលស្ថិតក្នុងហេតុការណ៍ផ្ទុះ នៅព្រលានយន្ដហោះ «Sabiha Gokcen» នៃទីក្រុងអ៊ីស្ដំប៊ូល របស់ប្រទេសទួរគី។ (រូបថត Reuters)

ក្នុងខណៈពេល ដែលប្រទេសទួរគី កំពុងត្រូវបានដាក់ ក្នុងការត្រួតពិនិត្យ ផ្នែកសុវត្ថិភាពយ៉ាងខ្ពស់នោះ ការ​ផ្ទុះ​មួយ ដែលមិនដឹងពីមូលហេតុ និងមិនស្គាល់ពីអត្តសញ្ញាណ បានកើតឡើង នៅក្នុងព្រលានយន្ដហោះ «Sabiha Gokcen» ដែលជាព្រលានយន្ដហោះអន្តរជាតិទី២ នៃទីក្រុងអ៊ីស្ដំប៊ូល របស់ប្រទេសទួរគី។ ហេតុការណ៍​ផ្ទុះ​នេះ ដែលបានកើតឡើង នៅលើចំណតយន្ដហោះ រវាងពីយប់ថ្ងៃអង្គារ ឆ្លងចូល​មក​ព្រឹក​ថ្ងៃ​ពុធ បាន​បង្ក​ឲ្យ​មាន​ស្ត្រី​ម្នាក់​ស្លាប់ និងម្នាក់ទៀតរងរបួស។

ស្ត្រីទាំងពីរនាក់ ដែលជាភ្នាក់ងារបោសសំអាត ម្នាក់ឈ្មោះ «Zehra Yamaç» អាយុ៣០ឆ្នាំ បានស្លាប់ភ្លាមៗ ដោយរងគ្រោះនៅត្រង់ក្បាល។ រីឯស្ត្រីម្នាក់ទៀត ឈ្មោះ «Canan Çelik Burgucu» អាយុ៣៣ឆ្នាំ បានរង​របួស​នៅត្រង់ដៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មាន​ក្នុងស្រុកមួយ ដែលស្និតនឹងរដ្ឋាភិបាល។

អ្នកជួយសង្គ្រោះ ភ្នាក់ងារនគរបាល ដែលប្រដាប់ដោយអាវុធ ដោយមានជំនួយពីឧទ្ធម្ភាគចក្រផង បានមក​ដល់កន្លែងកើតហេតុភ្លាមៗ ហើយបានដាក់ព្រលានយន្ដហោះ នៅក្នុងការត្រួតពិនិត្យ ព្រមទាំងធ្វើការ​ឆែក​ឆេរ នៅ​គ្រប់​កន្លៀតក្រហែងទាំងអស់ នៃព្រលានយន្ដហោះ។

ក្រុមហ៊ុនអាកាសចរណ៍ «Pegasus Airlines» បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ការផ្ទុះ​ដែល​គេមិនដឹងពីមូលហេតុ បានកើតឡើងនៅម៉ោង ២និង៥នាទីព្រឹក ថ្ងៃពុធ នៅក្នុងវាលចំណត​យន្ដហោះ»។ ស្ត្រីទាំងពីរនាក់ ដែលរងគ្រោះនឹងការផ្ទុះនោះ បានស្ថិតនៅក្នុងយន្ដហោះ ដើម្បីធ្វើការ​បោស​សំអាត មុន​នឹង​ការ​ផ្ទុះ​បាន​កើតឡើង។ ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងទៀតថា មិនមានអ្នកដំណើរណា​ម្នាក់ ស្ថិត​ក្នុង​យន្ដហោះ​នោះទេ។

រដ្ឋមន្ត្រីដឹកញ្ជូន របស់ប្រទេសទួរគី លោក «Binali Yildirim» បានអះអាងថា វាដូចជាឆាប់ពេក ក្នុងការ​កំណត់​ពីមូលហេតុនៃការផ្ទុះនេះ។ លោកបានបន្ថែមថា យន្ដហោះចំនួន៥គ្រឿង បានរងនូវការខូចខាត ពី​ការ​ផ្ទុះ​នេះ ហើយជើងហោះហើរទាំងឡាយ បានចាប់ផ្ដើមមានដំណើរការជាធម្មតាឡើងវិញ នៅពីរម៉ោង​ក្រោយ​ហេតុការណ៍៕