បង្ក្រាប​ក្រុម​ចោរឆក់ ប្លន់ និង​កាច់​សោ​ម៉ូតូ​3​នាក់

បង្ក្រាប​ក្រុម​ចោរឆក់ ប្លន់ និង​កាច់​សោ​ម៉ូតូ​3​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ជា​ចោរ​ចំនួន​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆក់ និង​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​កន្លង​មក នា​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្វើការ​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រួម​ជាមួយ​ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ផង​ដែរ ។
យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ម៉ោង​២​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឃុន គី​ម​លី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ពី​បទ​មាន​ក្រុម​ចោរ​បាន​កាច់​បំបែក​សោ​.​ក​ម៉ូតូ​លួច​យក​ទៅ​បាត់​ហើយ ។

ភ្លាម​ៗ​នោះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដឹកនាំ​ដោយ​វរសេនីយ៍ទោ ញ៉ែ​ត ភ័​ណ្ឌ ក្រោម​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​១ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប ក្នុង​នោះ​ចាប់​បាន​ជនសង្ស័យ​៣​នាក់​ឈ្មោះ ៖
១-​ឈ្មោះ ហេង សុ​ផេង ហៅ​ឡូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិត​ប្រាកដជា​ជន​ដៃដល់ ធ្លាប់​ជាប់​ពន្ធនាគារ​១​ឆ្នាំ ពី​បទ​ឆក់​ជនបរទេស ។

២-​ឈ្មោះ គល់ សុខា ហៅ​សុខ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​ផ្សំ​គំនិត ធ្លាប់​ជាប់​ពន្ធនាគារ​១​ឆ្នាំ  ពី​បទ​ចែកចាយ​គ្រឿងញៀន និង​ជា​អ្នក​រួមគំនិត ។

៣-​ឈ្មោះ ហេង ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន នៅ​ភូមិ​៣ សង្កាត់​១ ជា​អ្នក​រួមគំនិត ។

ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម៉ូតូ​ម៉ាក​ICON១​គ្រឿង របស់​ជន​រង​គ្រោះ ,​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ,​ដែក​អក្សរ​T សម្រាប់​កាច់​បំបែក​សោ​.​ក​ម៉ូតូ​១ ,​កន្ត្រក​២,​ម៉ា​លេ​ត​ធំ​៣ ,​កាង​ម៉ូតូ​ក្រោយ​១ ,​កុង​ទ័​រ​១ ,​ដង្កាប់​១, កូនសោ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​១​ប្រអប់​កេស​ដែក ,​ខ្សែ​អំ​ពូ​ល​កុង​ទ័​រ​១ ,​ម៉ារ​វ៉េ​ន​២, ម៉ូ​ទ័​រ​ឆាប​១, កញ្ចក់​មើល​ក្រោយ​២​គូ និង​ស្លាក​លេខ កំពត ១H-៩១៣៤ ។ ចំពោះ​ជនសង្ស័យ​និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ៕