ម៉ូតូ​អត់​ទាន់​កាត់​ឈ្មោះ​ បាត់​កាតគ្រី ចង់​ធ្វើ​ផ្លាក​លេខ​ ត្រូវ​ធ្វើ​ដូច​ម្ដេច?


ម៉ូតូ​អត់​ទាន់​កាត់​ឈ្មោះ​ បាត់​កាតគ្រី ចង់​ធ្វើ​ផ្លាក​លេខ​ ត្រូវ​ធ្វើ​ដូច​ម្ដេច?

ម្ចាស់​ម៉ូតូ​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ក្រោយ​ការប្រកាស​​វិធាន​ក្ដៅ​លើ​ការ​​​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី ០១ មករា ខាង​មុខ ខណៈ​ដែល​ម៉ូតូ​របស់​ខ្លួន​បាន​ទិញ​ពីគេ​ហើយ​មិនទាន់​កាត់​ឈ្មោះ និង បាន​បាត់​កាតគ្រី ដោយ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ទៅ​ធ្វើ​ផ្លាក​លេខ​បាន។

 

 

“ខ្ញុំ​ទិញ​ម៉ូតូ​ពី​គេ​ ២-៣ ឆ្នាំ​ហើយ​ ប៉ុន្តែ ម៉ូតូ​ខ្ញុំ​អត់​ទាន់​កាត់​ឈ្មោះ​ទេ ហើយ​ថ្ងៃ​មុន​ខ្ញុំ​បាត់​កាបូប​លុយ​ដោយ​ទាំង​អត្តសញ្ញាណប័ណ្ណ និង កាតគ្រី​ម៉ូតូ​ទៅ​បាត់។ អ្វី​ដែល​សំខាន់​ម៉ូតូ​ខ្ញុំ​ទិញ​មក​អត់​ទាន់​ទៅ​ធ្វើ​ផ្លាក​លេខ​ទៀត​ កាល​ពី​មុន​ចេះ​តែ​ជិះ​គេចៗ​អត់​អី តែ​ច្បាប់​ថ្មី​ប្រហែល​គេ​មិន​លើកលែង​ឲ្យ​ទេ​មើល​ទៅ”។ នេះ​ជា​ការ​រៀបរាប់​របស់​សុឃុម។ សុឃុម បាន​និយាយ​ទៀត​ថា “ខ្ញុំ​ចង់​ទៅ​ធ្វើ​ផ្លាក​លេខ ឥឡូវ​គិត​ម៉េច​ បាត់​ទាំង​អត្តសញ្ញាណប័ណ្ណ បាត់​ទាំង​កាតគ្រី​ បែប​នេះ?”

 

 

ឯ​បុរស​ម្នាក់​ទៀត​ដែល​មាន​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ បាន​ចោទ​សួរ​មក​កាន់​ Sabay ថា “ម៉ូតូ​ខ្ញុំ​បាន​ទិញ​ពី​គេ​ជាង ១ ឆ្នាំ​ហើយ​ តែ​ចៃដន្យ​ខ្ញុំ​វង្វេង​ដៃ​ មិន​ដឹង​ទុក​សំបុត្រ​ពន្ធ​ម៉ូតូ​នៅ​ឯណា តែ​ខ្ញុំ​នៅ​សល់​វិកយបត្រ​ទិញ​ម៉ូតូ​ពី​ហាង ដូច្នេះ អត់​សំបុត្រ​ពន្ធ​ម៉ូតូ​មាន​វិក្កយបត្រ​អាច​ទៅ​ធ្វើ​ផ្លាក​បាន​អត់”?។ ទាំង​នេះ​ជា​ការ​​លើក​ឡើង​ពី យុវជន​ ហេង ភក្ដី។

 

ម៉ូតូ​អត់​ទាន់​កាត់​ឈ្មោះ​ បាត់​កាតគ្រី ចង់​ធ្វើ​ផ្លាក​លេខ​ ត្រូវ​ធ្វើ​ដូច​ម្ដេច?

 

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​យុវជន​ទាំង​ពីរ​រូប​ខាង​លើ លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ជើង​គោក នៃ​ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន​ បាន​លើក​ឡើង​ថា ចំពោះ​ម៉ូតូ​ទាំង​ឡាយ​ណា​ដែល​បាត់​កាតគ្រី គឺ​ម្ចាស់​ម៉ូតូ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល។ តែ​ករណី​ ម៉ូតូ​មិន​មាន​កាត់​ឈ្មោះ ម្ចាស់​ម៉ូតូ​ទិញ​បន្ត​ត្រូវ​រក​ម្ចាស់​ដើម​ឲ្យ​ឃើញ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​បាត់​កាតគ្រី​នេះ ក្រោយ​មក​អាច​យក​ពាក្យ​បណ្ដឹង​នោះ​ទៅ​ធ្វើ​ផ្លាក​លេខ​បាន​ហើយ។ ប្រសិន​បើ​ម្ចាស់​ម៉ូតូ​បាត់​កាតគ្រី អត់​កាត់​ឈ្មោះ ហើយ​រក​ម្ចាស់​ដើម​មិន​ឃើញ​ គឺ​ម្ចាស់​ម៉ូតូ​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​ឲ្យ​ចេញ​សាលក្រម​បញ្ជាក់​ថា ម៉ូតូ​មួយ​នេះ​គឺ​ជា​របស់​ខ្លួន។

 

 

ដោយ​ឡែក​អ្នក​ដែល​បាត់​សំបុត្រ​ពន្ធ​ម៉ូតូ ហើយ​ចង់​ធ្វើ​ផ្លាក​លេខ គឺ​ម្ចាស់​ម៉ូតូ​អាច​យក​ឯកសារ​ចម្លង​សខ្មៅ ទៅ​ឲ្យ​ខាង​មន្ទីរ​ត្រួតពិនិត្យ​ ដូច្នេះ គឺ​អាច​ធ្វើ​ផ្លាក​លេខ​បាន​ហើយ។ ប៉ុន្ដែ ប្រសិន​បើ​សូម្បី​តែ​ឯកសារ​ចម្លង​ (Copy) អត់​មាន​ទៀត គឺ​ម្ចាស់​ម៉ូតូ​មាន​ដំណោះស្រាយ​មួយ​គត់ គឺ​ត្រូវ​ធ្វើ​ពន្ធ​ថ្មី ចុះ​ឈ្មោះ​ថ្មី​ឡើង​វិញ​នៅ​ខាង​ពន្ធដារ។ ទាំង​នេះ​គឺជា​ការ​លើក​ឡើង​របស់ លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ជើង​គោក៕

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា