ការ​ពន្យារកំណើត​​តាមវិធី​​បុរាណ មាន​​​ប្រសិទ្ធភាព ១០០% ដែរ​ឬ​ទេ?

ការ​ពន្យារកំណើត​​តាមវិធី​​បុរាណ មាន​​​ប្រសិទ្ធភាព ១០០% ដែរ​ឬ​ទេ?

មធ្យោបាយ​ពន្យារកំណើត មាន​ច្រើន​ប្រភេទ​តាម​លក្ខខណ្ឌ​​ផ្សេងៗ​របស់​ស្ត្រី ប៉ុន្តែ​ចំពោះ​ការ​ពន្យារកំណើត តាម​បែប​បុរាណ​ដូចជា​ការ​មើល​តាម​ប្រតិទិន និង​ចាក់​ទឹក​ក្រៅ​ពាង គឺ​គ្មាន​ប្រសិទ្ធភាព ១០០% ទេ នេះ​បើ​ផ្អែក​តាម​ការ​ថ្លែង​​របស់​លោកស្រី ជី សុជាតិ កាល​ពី​ថ្មីៗ​នេះ។

 

ការ​ពន្យារកំណើត​​តាមវិធី​​បុរាណ មាន​​​ប្រសិទ្ធភាព ១០០% ដែរ​ឬ​ទេ?លោកស្រី ជី សុជាតិ នាយិកា​ប្រតិបត្តិ​អង្គការ​ខ្មែរ បម្រើ​សុខភាព​ប្រជាជន (រូបថត៖ ទូរសព្ទដៃ)

 

នាយិកា​ប្រតិបត្តិ​អង្គការ​ខ្មែរ បម្រើ​សុខភាព​ប្រជាជន (PSK) រូប​នេះ​មាន​ប្រសាសន៍​​ថា ៖ “ការ​ពន្យារ​កំណើត​​ដូច​​មើល​តាម​ប្រតិទិន តាម​​រដូវ​របស់​ស្ត្រី​ហ្នឹង មិន​មាន​ប្រសិទ្ធភាព ១០០% គឺ​អាច​មាន​ថ្លោះធ្លោយ​ [មានកូន]”។

 

លោក​ស្រី​បន្ត​ថា ស្ពត​ខ្លីៗ​​របស់​ក្រសួង​ពាក់ព័ន្ធ ដែល​ចុះផ្សាយ​តាម​វិទ្យុ តាម​ទូរទស្សន៍ បាន​​ជំរុញ​​លើក​ទឹកចិត្ត​ឱ្យស្ត្រី​​ប្រើប្រាស់ មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប​រួមមាន ថ្នាំ​លេប ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ដើមដៃ និង​ស្រោម​អនាម័យ​។

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​ លោក​វេជ្ជបណ្ឌិត ដេវីវ ម៉ាក តំណាង​អង្គការ UNFPA ប្រចាំ​នៅ​កម្ពុជា ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ ដោយ​យោង​តាម​ការ​អង្កេត​វិទ្យាសាស្ត្រ ឆ្នាំ​២០១៤ ចេញ​ដោយ​ក្រសួង​ផែនការ ហើយ​បន្ទាប់​មក​ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន និង​កង​ដាក់​ដើមដៃ។ ទោះបីជា​យ៉ាងណា លោក​បញ្ជាក់​ថា ការ​ពន្យារកំណើត​​តាម​បែប​ទំនើប​នៅ​មាន​កម្រិត​នៅ​ឡើយ ក្នុង​ប្រទេស​កម្ពុជា។

 

ក្នុង​សន្និសីទកាសែត​ស្ដី​ពី «ទិវា​ពន្យារកំណើត​ពិភពលោក» នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ កាល​ពី​ថ្ងៃ ​២២ ធ្នូ លោកស្រី ជី សុជាតិ បាន​និយាយ​ថា ការ​ពន្យារកំណើត ពិត​ជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​រៀបចំ​គ្រួសារ​ឱ្យ​បាន​ល្អ។ ចំពោះ​សេវា​ពន្យារកំណើត ស្ត្រី​ជា​មាតា​អាច​ទៅ​រក និង​ប្រឹក្សា​យោបល់​​​ជាមួយ​គ្រូពេទ្យ តាម​មណ្ឌលសុខភាព​រដ្ឋ និង​តាម​ឱសថ​ស្ថាន។

 

ការ​ពន្យារកំណើត​​តាមវិធី​​បុរាណ មាន​​​ប្រសិទ្ធភាព ១០០% ដែរ​ឬ​ទេ? លោក​វេជ្ជបណ្ឌិត ដេវីវ (កណ្ដាល)

 

“មធ្យោបាយ​ពន្យារកំណើត​មាន​ច្រើន​​ប្រភេទ ដូច្នេះ​ស្ត្រី​​ដែល​ចង់​ពន្យារ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ ដឹង​ថា​មធ្យោបាយ​មួយ​ណា សម​នឹង​​គ្រួសារ​ខ្លួន សម​នឹង​សុខភាព​របស់​ខ្លួន។ បើ​និយាយ​ថា ​មួយ​ណា​ល្អ យើង​មិន​អាច​ថា​បាន​ទេ ដូច្នេះ​មាន​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ”។ លោក​ស្រី​បញ្ជាក់។

 

នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ នឹង​មាន​ការ​ប្រគំតន្ត្រី និង​ការ​សម្ដែង ស្ដីពី “ទិវា​ពន្យារ​កំណើត​ពិភពលោក ២០១៥” ចាប់​ពី​ម៉ោង ៥ ល្ងាច​នៅ​មជ្ឈមណ្ឌល​ទីក្រុង​កោះ​ពេជ្រ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បី​ៗ​ដូចជា កញ្ញា មាស សុខសោភា លោក ហេង ពិទូ លោក Jimmy Kiss និង​​តារា​ល្បី​ជាច្រើន​ទៀត។

 

ចំណែក​ថ្ងៃ ៣០ ខែ​ធ្នូ មាន​សិក្ខា​សាលា និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​ទិវា​នេះ នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ ចាប់​ពី​ម៉ោង ៧ ព្រឹក​ដល់ ១២ ថ្ងៃ​ត្រង់។ គោលបំណង «ចង់​ចូលរួម​ដោះស្រាយ​​កង្វះ​ខាត​នៃ​ការ​យល់​ដឹង​អំពី​ការពន្យារ​កំណើត ព្រម​ទាំង​ដោះស្រាយ​សមភាព​យេនឌ័រ ហើយ​សារ​សំខាន់​ក្នុង​កម្មវិធី​នេះ គឺ «អនាគត​អ្នក ជីវិត​អ្នក ដឹង​ពី​ជម្រើស​របស់​អ្នក»៕

 

 

នៅ​ខ្មែរខេត្ត​ណា​ នារីវ័យ​ក្មេង​​មាន​​ផ្ទៃ​ពោះ​​ច្រើន​​ជាង​គេ​​?

អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ