ផល​វិបាក​​អ្នក​ប្រដាល់​កម្ពុជា​មុន​ និង​ក្រោយ​ពេល​​ឡើង​សង្វៀន​ដែល​អ្នក​អាច​មិន​ដឹង

ផល​វិបាក​​អ្នក​ប្រដាល់​កម្ពុជា​មុន​ និង​ក្រោយ​ពេល​​ឡើង​សង្វៀន​ដែល​អ្នក​អាច​មិន​ដឹង

កីឡាករ​ប្រដាល់​​​​​កម្ពុជា​មាន​ផល​វិបាក​របស់​ខ្លួន​ជា​ច្រើន​មុន​ពេល​ និង​ក្រោយ​ពេល​ឡើង​សង្វៀន​​​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​​​ប្រហែល​ជា​មិន​បាន​ដឹង។​ Sabay ​សូម​​លើក​យក​ពី​ចំណុច​សំខាន់​​គឺ​មុន​ និង​ក្រោយ​ពេល​ឡើង​សង្វៀន​ប្រកួត​របស់​ពួក​គេ។

​​

ផល​វិបាក​​អ្នក​ប្រដាល់​កម្ពុជា​មុន​ និង​ក្រោយ​ពេល​​ឡើង​សង្វៀន​ដែល​អ្នក​អាច​មិន​ដឹង

 

១-​មុន​ពេល​ឡើង​សង្វៀន
-​ការ​បរិភោគ​អាហារ៖​ ​អាហារ​មិន​សមស្រប​​ទៅ​តាម​កម្រិត​នៃ​ការ​ហ្វឹកហាត់​។ មូល​ហេតុ​នេះ​មក​ពី​កម្រិត​ជីវភាព​របស់​កីឡាករ​មួយ​ចំនួន​​មាន​ភាព​ខ្វះខាត​។ ​​ប្រសិន​បើ​ថ្លឹង​ទម្ងន់​មិន​ត្រូវ​គ្នា​ កីឡាករ​គ្រប់​រូប​ នឹង​ព្យាយាម​សម្រក​​ទម្ងន់​​​​តាម​បច្ចេកទេស​​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ត្រឹម​ត្រូវ ​ប៉ុន្តែ​ការ​​សម្រក​ទម្ងន់​នេះ ​កីឡាករ​ភាគ​ច្រើន​បាន​​រអ៊ូ​ថា ​​ចន្លោះ​ពេល​វេលា​ប្រកួត​ និង​ការ​ចាប់​គូ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ។ ​​​កីឡាករ​កម្ពុជា​ និង​បរទេស​មួយ​ចំនួន​បាន​ជួប​ការ​លំបាក​នៅ​ពេល​ពួក​គេ​ប្រឹង​ប្រែង​សម្រក​ទម្ងន់​ខ្លាំង​ពេក។ ជាក់​ស្តែង​ យ៉េន ឌីណា ពេល​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជា​មួយ​កីឡាករឡាវ​នៅ​ស៊ីអិន​ស៊ី​កាល​ពី​ប៉ុន្មាន​ខែ​មុន រូប​គេ​ខំ​ប្រឹង​សម្រក​ទម្ងន់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវ​មាន​កម្លាំង​ក្នុង​ការ​វាយ។ កាល​ពី​សប្តាហ៍​មុន កីឡាករ​ប្រដាល់ MMA របស់​ចិន​ម្នាក់​បាន​ទទួល​មរណភាព​នៅ​ពេល​រូប​គេ​បាន​ចូល​រួម​ពិធី​ថ្លឹង​ទម្ងន់​នៃ​ការ​ប្រកួត​ One Championship ដោយ​សាររូប​គេ​ព្យាយាម​សម្រក​ទម្ងន់​ខ្លាំង​ពេក។

 

​​-​មិន​ស្គាល់​​​កម្រិត​ក្បាច់គុន​របស់​ដៃគូ៖ ​កាល​ពី​ពេល​កន្លង​ទៅ​មាន​អ្នក​ប្រដាល់​​ជំនាញ​កម្រិត​ខ្ពស់​​​​ជន​ជាតិ​អាមេរិក​​​​​ ដែល​មក​ប្រកួត​ក្នុង​កម្ម​វិធី One Championship ឈ្មោះ​ Lowen Tynanes បាន​ប្រាប់​ Sabay ​ថា  ​មុន​ឡើង​សង្វៀន​​កីឡាករ​ប្រដាល់​គ្រប់​រូប​គួរ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​សមត្ថភាព​របស់​ដៃ​គូ។  ​​ចំណែក​កីឡាករ​​កម្ពុជា​​មួយ​ចំនួន​ មុន​ពេល​ឡើង​ប្រកួ​ត​ពួក​គេ​មិន​បាន​ដឹង​អ្វី​ពី​ដៃគូ​របស់​គេ​ឡើយ ជា​ពិសេស​ដៃ​គូ​បរទេស​តែ​ម្តង។

 

​-ការងារ​​ក្រៅ​ពី​អាជីព​ប្រដាល់៖​ កត្តា​នេះ​ជា​ចំណុច​សំខាន់​១ ដែល​​កីឡាករ​កម្ពុជា​ស្ទើរ​គ្រប់​រូប​ត្រូវ​តែ​ឆ្លៀត​ពេល​​ធ្វើ​ការ​បន្ថែម​ក្រៅ​ពី​កីឡា។ អាជីព​​ឈឺ​ខ្លួន​មិន​អាច​ជួយ​សម្រួល​ដល់​ជីវភាព​គ្រូ​សារ​របស់​ពូក​គេ​​គ្រប់​គ្រាន់​ឡើយ​​ ហេតុ​នេះ​​កីឡាករ​​មួយ​ចំនួន​​​​​ឆ្លៀតពេល​​ ដើម្បី​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​ដែល​កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​មិន​បាន​ហ្វឹកហាត់​ដិត​ដល់ ហើយ​សមត្ថភាព​​ក៏​ឈាន​មិន​ដល់​កម្រិត​ខ្ពស់ បើ​ប្រៀប​ធៀប​នឹង​កីឡាករ​​របស់​ផ្សេង។

 

ផល​វិបាក​​អ្នក​ប្រដាល់​កម្ពុជា​មុន​ និង​ក្រោយ​ពេល​​ឡើង​សង្វៀន​ដែល​អ្នក​អាច​មិន​ដឹង

 

២- ក្រោយ​ពេល​ឡើង​សង្វៀន
-លទ្ធផល​​៖
​ ​កីឡាករ​មួយ​ចំនួន​​ទទួល​រង​ការ​ចោទប្រកាន់​​ពី​​អ្នក​គាំទ្រ​ថា​ លក់​ឧត្ដមគតិ​ក្រោយ​ទទួល​បាន​លទ្ធផលបរាជ័យ​​​​ដោយ​ការ​ប្រកួត​មិត​អស់​ពី​សមត្ថភាព​ណា​មួយ។ ជាក់​ស្ដែង​​កីឡាករ​ ឡុង សុភី ដែល​ប្រកួត​ចាញ់​កីឡាករ​ថៃ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​កន្លង​​ទៅ​ ត្រូវ​បាន​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ​​លើក​ឡើង​​ថា លក់​ខ្លួន​យ៉ាង​ច្រើន​ ប៉ុន្តែ​បើ​​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​បាន​ប្រាប់​ថា រូប​គេ​មិន​ដែល​លក់​​មនសិកា​របស់​ខ្លួន​​ម្ដង​ណា​​ឡើយ តាំង​ពី​​ចូល​ប្រលោក​វិស័យ​ប្រដាល់។

 

​-ពេល​មាន​របួស៖ ​​កីឡាករ​ប្រដាល់​ភាគ​ច្រើន​បាន​ត្អូញត្អែរ​ថា​ សហព័ន្ធ​​កីឡាប្រដាល់​កម្ពុជា​ ឬសង្វៀន​​ស្ថានីយ​ទូរទស្សន៍​​មិនបាន​​យក​ចិត្ត​ទុក​ដាក់​​ដល់​កីឡាករ​ឡើយ ក្រោយ​ពេល​កីឡាករ​មាន​របួស​ ឬ​គ្រោះ​ថ្នាក់​ប្រការ​ណា​មួយ ដូច្នេះ​ពួក​គេ​ត្រូវ​ប្រឹង​ប្រែង​​​ព្យាបាល​ដោយ​​ខ្លួន​​ឯង។ ប្រាក់​ដែល​ប្រកួត​បាន​មិន​គ្រប់​គ្រាន់​ក្នុង​ការ​​​ផ្គត់ផ្គង់​​ជីវភាព​គ្រូ​សារ​​ ពី​ព្រោះ​យក​ទៅ​ព្យាបាល​របួស​ផ្សេងៗ។ ​​​​​​​​​​

 

​​​​​​​ការ​លើក​ឡើង​នេះ​ដោយ​ផ្អែក​លើ ​អ្នក​ប្រដាល់​​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​បាន​ប្រាប់​មក​កាន់​ Sabay ​បន្ទាប់​ពី​​រឿង​ទាំង​​នេះ​បាន​កើត​ឡើង​លើ​ពួក​គេ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​