ចេញពី​ក្លឹ​ប​ជិះ​ម៉ូតូ​បុក​ខឿន​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​របួសធ្ងន់​២​នាក់

រាជ​ធានី​ភ្នំពេញ ៖ បុរស​២​នាក់​រង​របួសធ្ងន់ ខណៈ​ពេល​ចេញ​ក្លឹ​ប​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​ខឿន​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​វេលា​ម៉ោង​​២​និង​៥០​នាទី​រំលង​​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែធ្នូ តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន  ។

ប្រ​ភ​ពព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1CC-8088 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទើប​​ចេញពី​​​ក្លឹ​ប ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១ ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿនក៏​​បុក​ខឿន​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់ ចំណែក​ម៉ូតូ​បែក​កាទែរ​ហូរ​ប្រេងម៉ាស៊ីន ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួស​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​សមត្ថកិច្ច​ប្រគល់​ឲ្យ​បងប្អូន​យក​ទៅ​រក្សា​ទុក ៕