​ខឹង​ម្ដាយ​ប្រើ​ឲ្យ​ទៅសុំ​ម្ហូប​ពី​រោងការ ចង​.​ក សម្លាប់ខ្លួន​

បន្ទាយមានជ័យ: ក្មេងប្រុស​ជំទង់​វ័យ ១៣ ឆ្នាំ​ម្នាក់ បាន​ចង​.​ក បញ្ចប់ជីវិត​ខ្លួនឯង នៅលើ​ដើមអម្ពិល​ក្រោយ​ផ្ទះ​អ្នកភូមិ ព្រោះតែ​ខឹង​ម្តាយប្រើ​ឲ្យ​ទៅសុំ​ម្ហូប​ពី​រោងការ​។

​ហេតុការណ៍​ប្រទះឃើញ និង​បង្ក​អោយ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​ក្មេងប្រុស​ដែល​ចង​.​ក ធ្វើអត្តឃាត​សម្លាប់ខ្លួន ឈ្មោះ ឯល ដាំ អាយុ​១៣​ឆ្នាំ ។ ចំណែក​ម្តាយ ជា​ស្ត្រី​មេម៉ាយ ឈ្មោះ ដា អាយុ​ជាង ៤០ ឆ្នាំ​។ ទាំង​ម្តាយ និង​កូនប្រុស មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់ កើតហេតុ​ខាងលើ ។​

​មុនពេល​កើតហេតុ ក្មេងប្រុស​រូបនេះ ត្រូវ​ម្តាយ​វាយ​នឹង​ខ្សែក្រវាត់ ធ្វើបាប ព្រោះ​ខឹង​ប្រើ​កូន​ទៅសុំ​ម្ហូប នៅ​រោងការ​គេ យកមក​ហូប កូន​មិន​ព្រមទៅ​។

​ប្រភព​បាន​បន្តថា អត្តឃាត​ជន រស់នៅ​ដូច​រងកម្ម​អីចឹង មុនពេល​ស្លាប់ បាន​ទៅសុំ​ទាន ដើរ​លក់​ផ្កា រកប្រាក់ មិនដែល​បាន​ចូល​សាលារៀន​ទេ ព្រោះ​ក្រុមគ្រួសារ ក្រីក្រ​ពេក ។​

​សូមបញ្ជាក់ថា ក្រោយពី​មាន​គេ កាត់​ចំណង​ខ្សែ​អង្រឹង ទម្លាក់​មក​ដី ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ដោយសារ​គិតថា កូន​មិនទាន់​ស្លាប់ ។ ប៉ុន្តែ​គ្រូពេទ្យ ប្រាប់ថា គេ​ស្លាប់​ហើយ រួច​ក៏​សុំ​គ្រូពេទ្យ ដឹក​កូន​យកមក​ផ្ទះ​។

​សមត្ថកិច្ច បាន​ពិនិត្យ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​ខឹង​ម្ដាយ​ប្រើ​ឲ្យ​ទៅសុំ​ម្ហូប​ពី​រោងការ ចង​.​ក សម្លាប់ខ្លួន​