​ចាប់ខ្លួន​ជនដៃដល់ យក​ដំបង​វាយ​ក្បាល បុរស​ម្នាក់​បណ្តាលអោយ​រងរបួស​

កណ្ដាល: បុរស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ភូមិធំ ចាប់ខ្លួន​នៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ពាក់ព័ន្ធ​ករណី​ជនសង្ស័យ យក​ដំបង​ឈើ​វាយ​ក្បាល​បុរស​ម្នាក់ បណ្តាលអោយ​រងរបួស​ធ្ងន់ ។​

​សូមបញ្ជាក់ថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។ ជនសង្ស័យ ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ចំណែក​ជនរងគ្រោះ ឈ្មោះ មិន ឈឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រងរបួស​ក្បាល​ធ្ងន់ ។ ជនសង្ស័យ និង​ជនរងគ្រោះ មាន​ទីលំនៅ​ភូមិ​កើតហេតុ ជាមួយគ្នា ត្រូវជា​បងប្អូន ជីដូនមួយ និង​គ្នា​ផងដែរ ។​

​វត្ថុតាង​ចាប់យក​បាន មាន​ដំបង​ឈើ​រាង​ដូច​ច្រវា ប្រវែង ០,៧០ ម៉ែត្រ ចំនួន​១ ។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​អង្គុយ​នៅលើផ្ទះ ម្តាយក្មេក​ឈ្មោះ នូ អេង ហើយ​ប្រដៅ​ប្អូន​ឈ្មោះ សាំង សំរេច ភេទ​ប្រុស ដែល​ត្រូវជា​ប្អូនថ្លៃ​ថា ឯង​ឈប់​ដើរលេង​យប់​ទៅ ហើយ​ឈប់​លួច​របស់របរ របស់គេ​ទៀត ឈប់​យក​ថ្នាំ យក​អី​មក​ជក់ នៅលើផ្ទះ​។ ជនសង្ស័យ ឮ​ដូច្នោះ ស្មានថា ជនរងគ្រោះ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន ក៏បាន​យក​ដំបង​ឈើ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ទៅ​វ៉ៃ ជនរងគ្រោះ ចំក្បាល​ពីលើ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​បែកចេញ​ឈាម​។​

​លោក យឹម សុខុម នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ភូមិធំ បានអោយដឹងថា នៅ​ព្រលប់​ថ្ងៃទី​២២ ខែធ្នូ ជនរងគ្រោះ និង​ម្តាយ បាន​ណែនាំ​ប្អូនប្រុស កុំអោយ​ដើរ​ផឹកស៊ី និង​សេព​គ្រឿងញៀន តទៅទៀត ។ ពេលនោះ ជនសង្ស័យ គិតថា ជនរងគ្រោះ ដៀមដាម​អោយ​ខ្លួន ក៍​កើតការ​ខឹងសម្បារ ស្ទុះ​ទៅយក​ដំបង​ឈើ វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ បណ្តាលអោយ​រយះ ដេរ​ជាច្រើន​ថ្នេរ ។ បន្ទាប់ពី​បង្កហេតុ ជនសង្ស័យ បានគេច​ពី​ភូមិ មក​លាក់ខ្លួន​នៅ​ភ្នំពេញ កន្លែង​ធ្លាប់ធ្វើ​សំណង់ ។ លុះដល់​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ជនសង្ស័យ បាន​ត្រឡប់​ចូល​ភូមិ​វិញ ក្នុង​បំណង​សុំ​ការអនុគ្រោះ​ពី​ក្រុមគ្រួសារ​។​

​លោកនាយ​ប៉ុស្តិ៍ បាន​បន្តថា ករណី​ចាប់ខ្លួន​ជនសង្ស័យ រូបនេះ គឺធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង របស់​ក្រុមគ្រួសារ​រងគ្រោះ ហើយ​ជនសង្ស័យ​គឺជា​មុខសញ្ញា​ទំនើង​នៅក្នុង​មូលដ្ឋាន ថែម​ទៀតផង ដូច្នេះ​ទុកអោយ​ច្បាប់​ជា​អ្នកសម្រេច​ទៅ​ចុះ ។ ក្រោយ​ចាប់ខ្លួន ជនសង្ស័យ ត្រូវបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕V/S

​ចាប់ខ្លួន​ជនដៃដល់ យក​ដំបង​វាយ​ក្បាល បុរស​ម្នាក់​បណ្តាលអោយ​រងរបួស​

​ចាប់ខ្លួន​ជនដៃដល់ យក​ដំបង​វាយ​ក្បាល បុរស​ម្នាក់​បណ្តាលអោយ​រងរបួស​

​ចាប់ខ្លួន​ជនដៃដល់ យក​ដំបង​វាយ​ក្បាល បុរស​ម្នាក់​បណ្តាលអោយ​រងរបួស​