សម្តេច​ហ៊ុនសែន​៖ ទាហាន​កម្ពុជា ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ តាំងពី​សម័យ​អាណានិគម​បារាំង​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ផ្ញើ​សារ​ដល់​ជនរួមជាតិ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​។ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​រម្លឹក​ពី​អតីតកាល ដែល​កង​ទាហាន​កម្ពុជា បាន​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ តាំងពី​យូរ​ឡុង​ណាស់​មកហើយ គឺ​តាំងពី​សម័យ​កម្ពុជា ស្ថិតក្រោម​អាណានិគម​បារាំង ចន្លោះ​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិ បាន​បញ្ជូន​កម្លាំងចម្រុះ​ជាតិ​សាសន៍​មកជួយ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ក្រោម​ឈ្មោះថា អ៊ុនតាក់ (UNTAC)​។ ឆ្នាំ​២០០៦ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ បានសំរេច​ចិត្ត​ខាង​នយោបាយ​ដ៏​មាន​សារៈសំខាន់​មួយ គឺ​បញ្ជូន​កងទ័ព​កម្ពុជា ឱយ​ពាក់មួក​ខៀវ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​នានា​លើ​សកលលោក​វិញ​"​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បន្តថា "​នៅក្នុង​អតីតកាល មាន​ជនជាតិ​កម្ពុជា​មួយចំនួន ធ្លាប់បាន​កាន់​អាវុធ​ទៅ​ប្រទេសក្រៅ ដូចជា អាល់​ហ្សេ​រី ម៉ា​រ៉ុ​ក តែ​កាល​ទៅ​ពេលនោះ គឺ​ទៅ​ក្នុងឋានៈ​ជា​ទាហាន​បារាំង ព្រោះ​ប្រទេស​យើង ស្ថិតក្រោម​អាណានិគម​បារាំង​។ ទាំង​កងទ័ព អាវុធហត្ថ គ្រូពេទ្យ និង​អ្នកបច្ចេកទេស​កម្ពុជា ដែល​បាន និង​កំពុង​ប្រតិបត្តិការ​នៅ ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត ស៊ី​រី លី​បង់ ម៉ាលី អាហ្វ្រិក​កណ្តាល កោះ​ស៊ី​ព្រ គឺ​សុទ្ធតែជា​កម្លាំង​របស់​ក​ម្ពុ​ជា ដែលជា​ប្រទេស​ឯករាជ្យ អធិបតេយ្យភាព និង​ជា​សមាជិក​អង្គការសហប្រជាជាតិ​"​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា "​សូម​អរគុណ​ចំពោះ​ព្រះសង្ឃ និង​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​នយោបាយ​ការបរទេស ដែល​ខ្ញុំព្រះករុណា​បានដាក់​ចេញ និង​សូម​អរគុណ​ចំពោះ​យុទ្ធជន​យុទ្ធ​នារី ដែល​បាន និង​កំពុង​បំពេញភារកិច្ច​ប្រកបដោយ​សេចក្ដីក្លាហាន និង​ការទទួលខុសត្រូវ​។ សុំ​យក​ឱកាស​នេះ ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​នៃ​យុទ្ធជន ដែល​បាន​ពលី​ជីវិត កន្លងមក​"៕​