ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​នៅ​ម្តុំ​សាលា​គោក​បញ្ជាន់ ត្រូវ​ជន​មួយ​ក្រុម​គប់​ដុំ​ថ្ម​ប្លន់​ម៉ូតូ តែ​មិន​សម្រេច

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ចេញពី​ដើរ​លេង​នៅ​ចំការ​ដូង ហើយ​ជូន​មិត្តភក្តិ​ទៅ​ចោម​ចៅ ត្រូវ​ជន​១​ក្រុម​គប់​នឹង​ដុំ​ថ្ម​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ ស្ថិត​បណ្តោយ​ផ្លូវ​បេតុង​សាលា​គោក​បញ្ជាន់ ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឡឹ​ក វាសនា អាយុ​១៩​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ខ្លួន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ទឹកមាស អត់​ស្លាក​លេខ ជូន​មិត្តភក្តិ​នាក់​មក​ពី​ដើ​លេង​នៅ​ម្តុំ​ចំការ​ដូង រួច​ជូន​មិត្​តភក្តិ​ទៅ​បុរី​ពិភព​ថ្មី ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​៥​នាក់ បាន​យក​ដុំ​ថ្ម​គប់​ពួក​គេ ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​បាន​ផ្តួល​ម៉ូតូ​ទុក​ចោល ហើយ​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​កន្លែង​កើតហេតុ ។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​មាន​គ្នា​ច្រើន​នាក់ ទើប​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​បាត់​មួយសន្ទុះ ទើប​សមត្ថកិច្ច​មក​ដល់​កន្លែង​កើត​ហេតុ ។ ចំពោះ​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​សង្ស័យ​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ។