តុលាការខេត្ត ស្វាយរៀង នឹងអាច ដោះលែង កម្មករទាំង ៤នាក់ នៅថ្ងៃនេះ

ភ្នំពេញ៖អភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា សូមឲ្យក្រុមគ្រួសារ និងសហជីព ទៅតុលាការខេត្តស្វាយរៀង ព្រោះខាងខេត្តបានរៀបចំ មេធាវីរួចស្រេចហើយ ដើម្បីរៀបចំបំពេញបែបបទ តាមផ្លូវច្បាប់ធានា ឲ្យកម្មករទាំង ៤នាក់ សម្រាប់ដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។

លោកអភិបាលរង ខេត្តស្វាយរៀង បានប្រាប់លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ថាឲ្យសូមជួយប្រាប់ ទៅប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យជំរាបទៅខាងគ្រួសារកម្មករទាំង ៤នាក់ ឲ្យពួកគាត់អញ្ជើញ ទៅកាន់តុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ព្រោះខាងសាលាខេត្តស្វាយរៀង បានរៀបចំមេធាវីរួចរាល់ហើយ។
លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន លោកក៏បានជូនព័ត៌មានភ្លាមៗ ទៅក្រុមគ្រួសារកម្មករទាំង ៤នាក់ ហើយលោកក៏នឹងចេញដំណើរពីភ្នំពេញ ទៅតុលាការស្វាយរៀងភ្លាមៗផងដែរ៕