ដេក​លង់លក់ ត្រូវ​ចោរ​កាត់​លួស​របង​ផ្ទះ​ចូល​លួច​ទូរស័ព្ទ​១​គ្រឿង និង​លុយ​២០​ម៉ឺន​រៀល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ខណៈ​កំពុង​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់ ត្រូវ​ជនសង្ស័យ​កាត់​លួសរ​បងអស់​មួយ​ប្រឡោះ ហើយ​ដើរ​ចូល​ទៅ​លូកដៃ​ក្នុង​បន្ទប់​លួច​បាន​ទូរស័ព្ទ​១​គ្រឿង និង​លុយ​ចំនួន​២០​ម៉ឺន​រៀល កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​២ ក្រុម​៥ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សុស ហ្វៃ​សាស ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ជា​អ្នកលក់​ត្រី​និង​ប្រហុក មាន​ទីលំ​នៅ​ផ្ទះ​លេខ​៤២៧ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​បន្ទប់ ដោយ​បើកចំហ​បង្អួច​ហើយ​បាន​ទុក​លុយ​ចំនួន​២០​ម៉ឺន​រៀល និង​ទូរស័ព្ទ​មួយ​គ្រឿង​នៅ​លើ​ក្បាល​ដំណេក  ។ ពេល​នោះ ក៏​មាន​ជនល្មើស​ម្នាក់​បាន​កាត់​លួស​របង​មួយ​ប្រឡោះ រួច​លូកដៃ​យក​ទាំង​លុយ និង​ទូរស័ព្ទ​គាត់ ហើយ​បំរុង​យក​ទាំង​កាបូប​យួរដៃ​មួយទៀត តែ​ត្រូវ​គាត់​ដឹងខ្លួន និង​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ផ្ទះ ធ្វើ​ឱ្យ​ចោរ​ភ័យ​រត់គេច​ខ្លួន​បាត់ ។