អំពាវនាវ​រក្សា​ទឹក​ទុក ពី​ខែកុម្ភៈ​ដល់​ចុងខែ​មិថុនា កម្ពុជា​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​ហួតហែង

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចេញ​សារាចរ​ណែនាំ​ស្ដី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​នូវ​បាតុភូត EL Nino (​ក្ដៅ​) រហូត​ដល់​ចុងខែ​មិថុនា ។ ឥទ្ធិពល​នៃ​បាតុភូត El Nino នេះ អាច​នឹង​បង្ក​ឱ្យ​រដូវវស្សា​មក​ដល់​យឺត នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិច មាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន កម្រិត​សីតុណ្ហភាព​អតិបរមា​កើនឡើង​អាកាសធាតុ​ក្ដៅ​ហួតហែង ។ ល​។

ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​កើត​មាន​ចាប់​ខែកុម្ភៈ​រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៦​។ កត្តា​ទាំងនេះ អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​របស់​យើង​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន ហើយ​រហូត​ដល់​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៦ ទើប​បាតុភូត​ថ្មី La Nina  (​ត្រជាក់​) មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្ដើម​ធ្លាក់​នា​ពេល​នោះ​ផង​ដែរ ។

យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករណ៍​ខាងលើ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូច​តទៅ ៖

១-​ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំនេះ​(​ឆ្នាំ​២០១៥-២០១៦) គឺ​អាច​ធ្វើ​បាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​បាន​ទេ ទោះបីជា​ទឹក​តាម​បណ្ដា​អាង​ដែល​បាន​រក្សា​ទុក និង​កន្លែង​មួយ​ចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏​ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ ។

២-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ ដើម្បី​ផ្គត់​ផ្គង​ត់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់ ៕