រថយន្ត​ដឹក​ត្រី បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ ស្លាប់​ស្ត្រី​ម្នាក់

​កណ្តាល: ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រកប​របរ​លក់​ត្រី បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង យ៉ាង​អាណោចអាធ័ម ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​​រថយន្ត​ដឹក​​ត្រី បុក​រថយន្ត​ដឹក​ខ្សាច់ ពីក្រោយ​ចំហៀង ផ្នែក​ខាងឆ្វេង ពេញទំហឹង កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១ ក្នុង​​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​ស្ត្រី​ជា​អ្នកលក់​ត្រី ដែល​ស្លាប់ ឈ្មោះ ហេង ចាន់​រី អាយុ​៣២​ឆ្នាំ មុខរបរ​ទិញ​លក់​ត្រី មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​ខ្សាយ ក​ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ចំណែក​ភាគី​រថយន្ត​បង្ក និង​រងគ្រោះ មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពី​កើតហេតុ បាននាំគ្នា គេចខ្លួន​បាត់អស់​។​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​១​គ្រឿង ម៉ាក KIA មួយ​តោន​កន្លះ ដឹក​ត្រី ពណ៌​ខៀវ ពាក់​ស្លាក់​លេខ ភ្នំពេញ 2 AF 6327 បើកបរ​ដោយ​បុរស​​ម្នាក់ និង​រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់ (​ជនរងគ្រោះ​) ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ទៅបុក រថយន្ត​ដឹក​ខ្សាច់ ម៉ាក (KIA) ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 8019 ពីក្រោយ​ចំហៀង​ផ្នែក​ខាងឆ្វេង ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រួម​ដំណើរ (​ឈ្មោះ ហេង ចាន់​រី​) បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ក្រោយពេល​កើតហេតុ នគរបាល បាន​យក​វត្ថុតាង ទាំងពីរ​គ្រឿង យកមក​រក្សាទុក ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​សាកសព​វិញ ត្រូវបាន​ប្រគល់ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ប៉ូលិស​បាន​និយាយថា មូលហេតុ​ដោយសារ តែ​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី ខ្វះ​ការប្រុងប្រយ័ត្ន បើក​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី ពីក្រោយ​ផ្នែក​ចំហៀង​៕V​