សមត្ថកិច្ច ​ចង់​បញ្ចេញ​រូបភាព​អ្នក​ចត​ខុស​ច្បាប់​នៅ​មុខ​កាមេរ៉ា​ដាក់​តាម​ស្ដុប​​

សមត្ថកិច្ច ​ចង់​បញ្ចេញ​រូបភាព​អ្នក​ចត​ខុស​ច្បាប់​នៅ​មុខ​កាមេរ៉ា​ដាក់​តាម​ស្ដុប​​

មន្ត្រី​នគរបាល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គ្រោង​នឹង​បង្ហាញ​មុខ​អ្នក​ដែល​ចត​ខុស​ច្បាប់​​នៅ​តាម​ស្ដុប​នានា ហើយ​ក៏​នឹង​ពិចារណា​ដល់​ការ​ផាក​ពិន័យ​ដល់​ផ្ទះ​ ក្រោយ​កាមេរ៉ា​ សុវត្ថិភាព​ចាប់​បាន​ផ្លាក​លេខ។ ផែន​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​គេ​នៅ​សង្កេត​ឃើញ​ថា ថ្វីបើ​វិធាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​កាន់តែ​ខិត​ជិត​មក​ដល់​ក្ដី ប៉ុន្តែ អ្នក​បើកបរ​មួយ​ចំនួន​នៅ​តែ​បន្ត​ចត​ជាន់​គំនូស ពុំ​មាន​មួក​សុវត្ថិភាព​នៅ​ឡើយ​ជាដើម។​

 

សមត្ថកិច្ច ​ចង់​បញ្ចេញ​រូបភាព​អ្នក​ចត​ខុស​ច្បាប់​នៅ​មុខ​កាមេរ៉ា​ដាក់​តាម​ស្ដុប​​

 

លោក​ឧត្ដម​សេនីយ៍ រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្ដាប់​ធ្នាប់​សាធារណៈ ប្រាប់​ Sabay ថា “ខ្ញុំ​បាន​ស្នើ​ខាង​គេ​ដែរ គឺ​យើង​មាន​កាមេរ៉ា​តាម​ដាន​បទ​ល្មើស​តាម​ភ្លើង​ស្ដុប​នេះ​គឺ​ល្អ​ណាស់ តែ​ឥឡូវ​យើង​ចង់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​គឺ​យើង​ចង់​បញ្ចេញ​រូបភាព​ដែល​គាត់​ធ្វើ​ខុស​បទ ល្មើស​ចរាចរណ៍ ដូចជា ចត​ជាន់​គំនូស អត់​មួក​សុវត្ថិភាព​អី​ហ្នឹង! យើង​ហ្សូម​មុខ​គាត់​ឲ្យ​ច្បាស់​ហើយ​យក​ទៅ​ផ្សាយ​សាធារណៈ ដើម្បី​ឲ្យ​ពួកគាត់​ខ្មាស​គេ វា​ជា​ជម្រើស​ទី ១ ដើម្បី​ធ្វើ​ឲ្យ​គ្រប់គ្នា​គោរព​ច្បាប់។ ទី ២ យើង​ក៏​នឹង​ពិចារណា​លើ​ការ​ផាក​ពិន័យ​ដល់​ផ្ទះ នៅ​ពេល​កាមេរ៉ា​សុវត្ថិភាព​ចាប់​បាន​រូបភាព​បទ​ល្មើស​ចរាចរណ៍​គឺ​យើង​នឹង​បញ្ជូន​វិក្កយបត្រ​ដល់​ផ្ទះ​ម្ចាស់​យាន​ជំនិះ​តែ​ម្ដង”។

 

 

 

នៅ​ពេល​ Sabay ចោទ​សួរ​បន្ថែម​ថា ផែន​ការ​បញ្ជូន​វិក្កយបត្រ​ទៅ​ដល់​ផ្ទះ​អាច​ទៅ​រួច​ទេ ខណៈ​ដែល​យាន​ជំនិះ​មួយ​ចំនួន​បាន​ទិញ​រថយន្ត ឬ ម៉ូតូ​ តែ​មិន​បាន​កាត់​ឈ្មោះ​នោះ?

 

ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង គឺ​យើង​ធ្វើ​ការ​ចំណេញ​ពី​ផ្លូវ ទី ១ យើង​អាច​ផាក​ពិន័យ​គាត់​ ដើម្បី​ឲ្យ​គាត់​ចូលរួម​គោរព​ច្បាប់។ ទី ២ បើ​គាត់​មិន​បាន​កាត់​ឈ្មោះ​ គឺ​សមត្ថកិច្ច​នៅ​តែ​ផាក​គាត់​ដដែល​ព្រោះ​តាម​ពិត​ទៅ​ច្បាប់​ថ្មី បាន​តម្រូវ​ឲ្យ​ម្ចាស់​យាន​ជំនិះ​ទាំង​អស់​នៅ​ពេល​លក់​ដូរ ត្រូវ​តែ​កាត់​ឈ្មោះ ហើយ​ប្រសិន​បើ​គាត់​ប្រកែក​ គឺ​គាត់​មាន​បទ​ល្មើស​មួយ​រួច​ទៅ​ហើយ​ លក់​យាន​ជំនិះ​មិន​កាត់​ឈ្មោះ។ លោក​ឧត្ដម​សេនីយ៍ រុន រ័ត្នវាសនា បញ្ជាក់។

 

លោក​ឧត្ដម​សេនីយ៍ បន្ថែម​ថា យើង​ចង់​ជំរុញ​ឲ្យ​គ្រប់​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ហើយ​អ្នក​លក់​យាន​ជំនិះ​ទាំង​ឡាយ​ត្រូវ​តែ​កាត់​ឈ្មោះ​ ដូច​ដែល​បាន​ចែង​ក្នុង​​ច្បាប់​ថ្មី។

 

 

សូមចុចអាន៖ កាមេរ៉ា​តាម​ដាន​បទ​ល្មើស​បំពាក់​តាម​ភ្លើង​ស្ដុប​ផ្ដើម​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​នេះ
សូមចុចអាន៖ ទិញ​ម៉ូតូ​​តគ្នាអត់​​​បាន​​កាត់​ឈ្មោះ​ប្រឈម​បញ្ហា​​អ្វី​ខ្លះ​​?​

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា