ជម្លោះដីធ្លី​នៅ​ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ព្រួយបារម្ភ​រឿង​ជាប់គុក​ច្រវាក់​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​លើកឡើងថា លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត មិនបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែលមាន​ជម្លោះដីធ្លី​នៅក្នុង​ភូមិ​ស​ន្ស​ក្ដាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ មាន​សេចក្ដី​ព្រួយបារម្ភ​ខ្លាច​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់​ពួកគាត់​ដាក់គុក​នៅពេល​តវ៉ា​រឿង​ដីធ្លី​។ តំណាង​ប្រជាពលរដ្ឋ​មួយរូប​បាន​លើកឡើងថា ការព្រួយបារម្ភ​របស់​ពួកគាត់​បានកើត​ឡើង​ក្រោយពេល​ឃើញ​មន្ត្រី​អាជ្ញាធរ​ជួល​កម្មករ​ដឹក​បង្គោល​ថ្ម​ជាច្រើន​ដើម បម្រុង​បោះ​កំណត់​ទីតាំង​ដីព្រៃ​សហគមន៍​ដែល​ប៉ះពាល់​ដី​អ្នកភូមិ​២១​គ្រួសារ​។

តំណាង​ប្រជាពលរដ្ឋ​ទាំង​២១​គ្រួសារ​នៅក្នុង​ភូមិ​អ​ន្ស​ក្ដាម ឃុំ​ស្នា​អ​ន្សា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​ថា មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មានបំណង​រំលោភ​យក​ដីធ្លី​ពួកគាត់​ទំហំ​៣៣​ហិកតា​នៅ​ចំណុច​អ​ន្ស​ក្ដាម​ទៅធ្វើជា​ដីព្រៃ​សហគមន៍​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ មាន​គោយន្ត​២​គ្រឿង​ដាក់​បង្គោល​ថ្ម​ចំនួន​២៦​ដើម ដោយ​លាបថ្នាំ​ពណ៌​ក្រហម​លាយ​ខៀវ​ទៅ​ទម្លាក់ចោល​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្ទះ​អ្នកភូមិ ឈ្មោះ យូ ចាន់​បូរ៉ា ដើម្បី​ត្រៀម​បោះបង្គោល​រំលោភ​យក​ដី​អ្នកភូមិ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​សេចក្ដី​ព្រួយបារម្ភ​ពី​ការបាត់បង់​ដីធ្លី ព្រោះ​ដី​នោះ​ពួកគាត់​កំពុង​បង្កបង្កើនផល​ចិញ្ចឹមជីវិត ហើយ​ប្រសិនបើ​ពួកគាត់​តវ៉ា​អាច​ត្រូវគេ​ចាប់​ដាក់គុក​ច្រវាក់​។

ទាក់ទង​បញ្ហា​ខាងលើនេះ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដែល​កំពុងមាន​រឿងអាស្រូវ​ច្រើន​ករណី​នោះ គួរតែ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ហើយ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​។ អ្នកភូមិ​បានបញ្ជាក់​ថា ពួកគាត់​បាន​ចូលទៅ​កាន់កាប់​និង​ធ្វើស្រែ​ព្រមទាំង​ដាំ​ដំណាំ​រួមផ្សំ​លក្ខណៈ​វិលជុំ​តាំងពី​ឆ្នាំ​១៩៨៣ ហើយ​ឥឡូវនេះ​បែរជា​អាជ្ញាធរ​គំរាមកំហែង​រឹបអូស​យក​ដី​នោះ​ពី​អ្នកភូមិ​ទៅធ្វើជា​ដីព្រៃ​សហគមន៍​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​សំណុំរឿង​ដីធ្លី​នេះ បាន​លើកឡើងថា ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ គឺ​អាជ្ញាធរ​មិនគួរ​បោះបង្គោល​កំណត់​ផ្ទៃដី​សហគមន៍​នាពេលនេះ​ទេ គឺ​ត្រូវ​រង់ចាំ​ដល់​មាន​សាលក្រម​ពី​ស្ថាប័ន​តុលាការ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ថា​ដី​ដែល​កំពុងមាន​បញ្ហា​នោះ ត្រូវប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ឬ​ដាក់​ជា​ដីព្រៃ​សហគមន៍​។ អាជ្ញាធរ​មិនគួរ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​គំរាមកំហែង​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ច្រវាក់​ដូច​ពេលកន្លងមក​នោះទេ ព្រោះ​ដី​នោះ​ប្រជាពលរដ្ឋ​ធ្លាប់​ប្រកប​របរ​កសិកម្ម​តាំងពី​ឆ្នាំ​១៩៨៣​មកម្ល៉េះ​៕

ម៉ៅ-ធនិន1លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​