ក្រុមសង្គ្រោះ ឥណ្តូណេស៊ី រកឃើញសាកសព ៧ នាក់ទៀត ក្រោយលិចទូកដឹកអ្នកដំណើរ ១១៨នាក់ កាលពីថ្ងៃសៅរ៍

ហ្សាការតា៖ សមាជិក នៃទីភ្នាក់ងារសង្គ្រោះ និង រុករក របស់ឥណ្តូណេស៊ី បានចេញ ប្រតិបត្តិការស្វែងរកសាកសព ជនរងគ្រោះ ដែលកំពុងបាត់ខ្លួន នៅក្នុងដែនទឹក ក្បែរកោះ ស៊ីវ៉ា នៃខេត្តស៊ូឡាវេស៊ី ភាគខាងត្បូងប្រទេសនោះហើយ បន្ទាប់ពីទូកដឹកអ្នកដំណើរ ១១៨ នាក់បានលិច កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០១៦ នេះ ទៀតថា មនុស្ស ៦៤នាក់ទៀត នៅបន្តបាត់ខ្លួន រយៈពេល ៥ថ្ងៃមកហើយ ដោយរង់ចាំ ក្រុម សង្គ្រោះស្វែងរក ប៉ុន្តែពួកគេមិនត្រូវបានរំពឹងថា នឹងមានជីវិតនោះទេ។ បើគិតពីចំនួនមនុស្ស ស្លាប់វិញ គឺមានសរុប ១៤នាក់ហើយ មកទល់នឹងពេលនេះ ដោយឡែកមនុស្សដែលបាន រួចរស់ជីវិត មានចំនួន ៤០នាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមសង្គ្រោះ បានរកឃើញសាកសព អណ្តែតទឹក ចំនួន ៧នាក់ ហើយប្រតិបត្តិការស្វែងរកសាកសព របស់ជនរងគ្រោះ កំពុងបន្តធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ នេះទៀត។ ចំពោះមូលហេតុនៃ ការលិចទូក នោះ គឺបានបណ្តាលមកពី អាកាសធាតុ អាក្រក់ខ្លាំង ដែលបង្កជារលកសមុទ្រធំៗ កម្ពស់រហូតដល់ទៅ ៤ម៉ែត្រ ឯណោះ បោកមកលើទូកដឹកអ្នកដំណើរទាំង ១១៨នាក់នោះ បណ្តាលឲ្យផ្អៀងលិចតែម្តង៕

ក្រុមសង្គ្រោះ ឥណ្តូណេស៊ី រកឃើញសាកសព ៧ នាក់ទៀត ក្រោយលិចទូកដឹកអ្នកដំណើរ ១១៨នាក់ កាលពីថ្ងៃសៅរ៍